ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League មានត្រឹម៨ក្លិប ចូលរួមប្រកួត ។ ក្លិបពីរ ប្រាប់មូលហេតុ ដែលអាចជាប់លក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុនលីគកម្ពុជា (CPL) ដែលដូចគ្នាទៅ និងលក្ខណៈវិនិច្ឆ័យរបស់ Asian Football Confederation ។
លក្ខណៈវិនិច្ឆ័យ ៥យ៉ាង ដែលក្រុមហ៊ុនលីគកម្ពុជា ត្រូវការនោះ គឺ លក្ខណៈវិនិច្ឆ័យកីឡា, ហេដ្ឋារចនាសម្ព័ន, បុគ្គលិកជំនាញ និងផ្នែករដ្ឋបាល, លក្ខណៈវិនិច្ឆ័យតាមច្បាប់, ហិរញ្ញវត្ថុ ។ ក្នុងចំណោមទាំង៥នេះ ក្លិបណាហ្គាវើលដ៍ បានបំពេញគ្របលក្ខ័ណ៤ហើយ ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធ កំពុងស្ថិតក្នុងការដំណើរការសាងសង់ ។
តាមរយៈការបញ្ជាក់របស់ លោក រ៉ៃ វិកទ័រ អ្នកចាត់ការក្លិបណាហ្គាវើលដ៍ បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ន ក្លិប និងរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងសាងសង់កីឡដ្ឋានស្ដង់ដារអន្តរជាតិមួយ នៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងគោលដៅប្រើប្រាស់ប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ជាពិសេសត្រៀមស៊ីហ្គេមខាងមុខ ។ កីឡដ្ឋាននេះ គ្រោងបញ្ចប់នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ ។
រូបពីរដ្ឋបាលខេត្ត កំពង់ស្ពឺ
ទាក់ទងនិងបញ្ហាកីឡដ្ឋាននេះ លោក រ៉ៃ វិកទ័រ បានប្រាប់សារព័ត៌មានថ្មីៗថា ៖«ចំពោះបញ្ហាកីឡដ្ឋាន មិនទាន់មានក្លិបកម្ពុជាណាអាចឆ្លើយតប និងតម្រូវការរបស់ AFC បានទាំងស្រុងទេ បើទោះជាមានកីឡដ្ឋានល្អក៏ដោយ ។ ដោយមានការសហការពីសហព័ន្ធកីឡាបាលទាត់កម្ពុជា ក្លិបកម្ពុជា ទាំង៨ អាចធ្វើការខ្ចីកីឡាជាតិអូឡាំពិក យកទៅប្រើការក្នុងការប្រកួត AFC បាន ក្នុងនាមជាម្ចាស់ផ្ទះ »។
ដោយឡែក បញ្ហាផ្សេងទៀត ដូចជាអាជ្ញាប័ណ្ណគ្រូបង្វឹកនោះ ក្លិបណាហ្គាវើលដ៍ បានឆ្លើយតបទៅនិងតម្រូវការក្រុមហ៊ុនលីគហើយ រាប់បញ្ចូលទាំងគម្រោងថវិកាផងដែរ ។
ទាក់ទងបញ្ហាហិរញ្ញវត្ថុនេះ លោក Florian អគ្គលេខាធិការក្លិបគិរីវង់សុខសែនជ័យ បានប្រាប់ឲ្យដឹងថា ក្លិបទាំងអស់ត្រូវតែចុះបញ្ជីហិរញ្ញវត្ថុនៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលើគម្រោងថវិកាប្រើប្រាស់ ក្នុងរដូវកាលនីមួយៗ ។ បើតាមលោក Florian គិរីវង់សុខសែនជ័យ បានបំពេញស្ទើរតែគ្រប់លក្ខខណ្ឌរបស់លីគកម្ពុជាហើយ ខណៈក្រុមមួយនេះ ស្ថិតនៅចំណាត់ថ្នាក់ទី៨ នៃលីគកំពូលកម្ពុជា រដូវកាល២០២១ ដែលជាហេតុធ្វើឲ្យមានការពិចារណារលើការលេងរបស់ក្លិបដែរ ។ បើទោះជាមិនអាចទទួលបានជើងឯក តែក្លិបអាចលេងប្រដំប្រសងជាមួយក្លិបខ្លាំងៗបាន ។
តាមរយៈការបង្ហោះលើគណនីហ្វេសប៊ុក ក្លិបគិរីវង់សុខសែនជ័យ ក៏បានបង្ហាញវត្តមានគ្រូបង្គោលថ្មី លោក Manuel Retamero Fraile ដែលមានអាជ្ញាប័ណ្ណ UEFA Pro License និងបទពិសោធន៍ជាគ្រូបង្វឹកអស់រយៈពេល ១៨ឆ្នាំទៀតផង ។ ចំពោះពត៌មានលម្អិត ក្លិបមិនទាន់ប្រាប់នៅឡើយទេ ។
គួរបញ្ជាក់ដែរថា ការប្រកួតCambodian Premier League នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដែលមាន ៨ក្លិប និងមាន១៦៨ ប្រកួត ។ ចំនួនប្រកួត ត្រូវបានកើននេះ ក្នុងគោលដៅ ដើម្បីពង្រឹងសមត្ថភាពកីឡាករ ជាពិសេសការដកស្រង់យកបទពិសោធន៍ និងការអភិវឌ្ឍថ្មី ៕