ជាតិ
បទសម្ភាសន៍
វីដេអូ
លោក កែ ដារារដ្ឋ ពីគ្រូបង្រៀន ក្លាយជាអ្នកចូលចិត្ត និងខ្វល់ខ្វាយពីបញ្ហាបរិស្ថាន
22, Jan 2022 , 9:59 am        
រូបភាព
កំពត៖ លោក កែ ដារារដ្ឋ បច្ចុប្បន្នគឺជាទីប្រឹក្សាផ្នែកគ្រប់គ្រងអាជីវកម្ម នៅសួនលំហែភូមិក្រាំង នាក្រុងកំពត ដែលជួយការៀបចំអាជីវកម្ម ដែលផ្សារភ្ជាប់ជាមួយបរិស្ថាន។ ដើមឡើយលោកជាគ្រូបង្រៀនម្នាក់តែប៉ុណ្ណោះ តែជាបន្តបន្ទាប់បានធ្វើការងារច្រើនជាមួយសហគមន៍ និងផ្តោតលើបរិស្ថានក្នុងសហគមន៍ ទើបធ្វើឱ្យលោក កែ ដារារដ្ឋ មានគំនិតជាច្រើនដែលចូលចិត្ត និងខ្វល់ខ្វាយពីបញ្ហាបរិស្ថាន។

 
ព័ត៌មាពិស្ដារសូមស្ដាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក កែ ដារារដ្ឋ ដូចតទៅ៖ 
 
 
នៅឆ្នាំ២០១៩ លោក កែ ដារារដ្ឋ បានសម្រេចវិលទៅរស់នៅខេត្តកំពត ដែលជាស្រុកកំណើតវិញ។  ឆ្លងកាត់ការងារក្នុងសង្គមជាច្រើន លោក ដារារដ្ឋ មានអារម្មណ៍ធុញទ្រាន់នឹងបរិយាកាសមមាញឹកនៅទីក្រុង និងចង់បានជីវិតមួយដែលរស់នៅគៀកនឹងធម្មជាតិ។ 
 
នៅអំឡុងឆ្នាំ ២០០០ លោក ដារារដ្ឋ បានធ្វើជាគ្រូបង្រៀនមួយរយៈ នៅស្រុកកំណើត បន្ទាប់ពីរៀនចប់បាក់ឌុប មុននឹងសម្រេចទៅធ្វើការនៅរាជធានីភ្នំពេញ។ ដោយចាប់អារម្មណ៍លើវិស័យច្បាប់ លោក ដារារដ្ឋ បានរៀនជំនាញច្បាប់ និងបានធ្វើការជាមួយអង្គការអន្ដរជាតិលើវិស័យច្បាប់នេះ។ 
 

ក្រោយចាកចេញពីអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកបានចូលធ្វើការនៅស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដោយកាន់គម្រោងអ្នកស្ម័គ្រចិត្តសហរដ្ឋអាម៉េរិក ដែលការងារនេះផ្តោតសំខាន់លើការអប់រំ និងអភិវឌ្ឍន៍សហគមន៍។ កាន់ការងារនេះរយៈពេល៨ឆ្នាំ លោក ដារារដ្ឋ ទទួលបានបទពិសោធន៍ជាច្រើនទាំងភាសា ការទំនាក់ទំនង ពិសេសនោះគឺផ្នត់គំនិតការអភិវឌ្ឍសហគមន៍ដោយការភ្ជាប់ខ្លួនជាមួយសហគមន៍ធម្មជាតិ និងការអភិវឌ្ឍរយៈពេលយូរអង្វែង ដែលជាអ្វីដែលលោករៀនបានពីអ្នកស្ម័គ្រចិត្តជនជាតិអាម៉េរិក។
 


នៅឆ្នាំ២០១០ លោកបានចេញពីការងារមួយនេះ ទៅស្ថាប័នអន្ដរជាតិមួយទៀត ដោយផ្តោតលើការងារច្បាប់។ ក្រោយមកក៏បានវិលទៅស្រុកកំណើតវិញ បន្ទាប់ពីបានសិក្សានិងស្វែងយល់ពីបញ្ហាវិបត្តិទីក្រុង និងការបំពុលទីក្រុងជាដើម។ មកដល់ទឹកដីកំណើត លោក ដារារដ្ឋ ផ្តោតគោលដៅសំខាន់ៗ៣ ទី១ ធ្វើការសម្រាប់ខ្លួនឯង ដោយមានការវិនិយោគជាលក្ខណៈគ្រួសារ ទី២ ជាអ្នកស្ម័គ្រចិត្ត និងជួយរៀបចំយុទ្ធសាស្រ្ដដឹកនាំសាលារៀនមួយនៅកំពត និងទី៣ ការអប់រំផ្នែកបរិស្ថាន ដែលបច្ចុប្បន្ននេះ ឈានចូលដល់ការចូលរួមជាមួយសួនលំហែភូមិក្រាំង ដែលជួយរៀបចំតាមបែបធម្មជាតិ។ 
 


មានវ័យ៤៧ឆ្នាំ លោក ដារារដ្ឋ ក្នុងនាមអ្នកគិតគូរពីបញ្ហាបរិស្ថានមួយរូប ចង់ឃើញយុវជនបង្ហាញទង្វើជាជាងគ្រាន់តែបានសិក្សាត្រឹមទ្រឹស្ដី។ លោកថា យុវជនគួរហ៊ានចាប់ផ្តើមបង្ហាញដល់សង្គម តាមរយៈទង្វើត្រង់ៗដូចជា បដិសេដចំពោះការប្រើប្រាស់បំពង់បឺត ឬទុយោ ព្រោះថាទង្វើនេះមិនមែនជាការអន់នោះទេ ផ្ទុយទៅវិញវាបញ្ជាក់ថា យើងពិតជាបុគ្គលមួយដែលស្រឡាញ់ និងខ្វល់ខ្វាយបញ្ហាបរិស្ថានពិតប្រាកដមែន៕
 
 
 
 
 

Tag:
 កែ ដារារដ្ឋ
  បរិស្ថាន
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com