ជាតិ
អាជ្ញាធរជាតិអប្សរារៀបចំវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្ត
22, Jan 2022 , 6:00 pm        
រូបភាព
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាថ្មី នៅក្នុងប្រាសាទអង្គរវត្ត បន្ទាប់ពីជាន់ទីបីត្រូវបានបិទបណ្ដោះអាសន្ន ដើម្បីជួសជុល។ ការរៀបចំនេះ ក៏ដើម្បីរៀបចំលំហូរទស្សនាឡើងវិញ និងឱ្យទេសចរបានលម្អិតរាល់ទីតាំងសំខាន់ៗក្នុងប្រាសាទ។

 
អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លោក សេង សុធារ៉ា បានឱ្យដឹងថា វង់ទស្សនាថ្មីនេះត្រូវបានរៀបចំនៅជាន់ទីមួយ និងទីពីរ ដោយមានបីខ្សែ ខ្សែទីមួយមានរយៈពេល១ម៉ោងនិង៤៥នាទី ខ្សែទីពីរ ១ម៉ោង និង១៥នាទី និងទីបី ៥៥នាទី។ លោក សុធារ៉ា បន្ថែមថា ការរៀបចំនេះ ដើម្បីរៀបចំលំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ការទស្សនាតាមផ្ទាំងចម្លាក់ឱ្យបានគ្រប់ជ្រុងជ្រោយឡើងវិញ។ 
 


ការរៀបចំនេះ ក៏ក្នុងបំណងឱ្យទេសចរដឹងពីគុណតម្លៃ និងប្រវត្តិនានាតាមចម្លាក់ និងរោងទងក្នុងប្រាសាទបាយ័ន្តនេះដែរ ដែលកន្លងមកតាមការសិក្សា ភ្ញៀវទេសចរដើរមិនគ្រប់ជ្រុងជ្រោយ និងមិនបានស្វែងយល់ពីទីតាំងសំខាន់ៗទាំងនោះ។ ហើយវាក៏ជួយរក្សាគម្លាតសុវត្ថិភាព ខណៈដែលជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយ។ នេះជាការបញ្ជាក់របស់លោក សេង សុធារ៉ា។ 
 
បន្ថែមពីនេះ វង់ទស្សនាថ្មីនេះ ក៏បានរៀបចំទីតាំងពិសេស៤កន្លែង ដែលភ្ញៀវទេសចរអាចផ្តិតរូបភាពខ្លួនឯងជាមួយប្រាសាទបាយ័ន្តផងដែរ ដូចជាទីតាំងឈរថតជាមួយព្រះភ័ក្រ្ដព្រហ្មមុខបួនជាដើម។ 


 
សូមបញ្ជាក់ថា វង់ទស្សនាថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែ ធ្នូ ឆ្នាំ២០២១ មក ក្នុងនោះ ក៏មានរៀបចំជាផ្ទាំងព័ត៌មានថ្មីផងដែរ ដោយមានជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន។ កន្លងមក អាជ្ញាធរជាតិអប្សរាក៏បានរៀបចំវង់ទស្សនានៅតាមប្រាសាទធំៗមួយចំនួនផងដែរ មានប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម៕
 
 
 

Tag:
 ប្រាសាទបាយ័ន្ត
  វង់ទស្សនា
© រក្សាសិទ្ធិដោយ thmeythmey.com