សុខភាព
អន្តរជាតិ
ការសិក្សា៖ កំណើនកម្ដៅផែនដីអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ
15, Apr 2022 , 5:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការសិក្សាថ្មីចំនួន៦ បានរកឃើញថាវិបត្តិបម្រែបម្រួលអាកាសធាតុកំពុងបំផ្លាញសុខភាពស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលបង្កផលប៉ះពាល់រួមមានការកើនឡើងកម្ដៅសកល ភ្លើងឆេះព្រៃ និងផ្សែងពុលក្នុងបរិយាកាសជាដើម។

 
ការឡើងកម្ដៅផែនដី បានរួមចំណែកធ្វើឱ្យទារកកើតមិនគ្រប់ខែ ហើយអាចប៉ះពាល់ដល់សុខភាពទារកពេញមួយជីវិត។ លើសពីនេះ អ្នកវិទ្យាសាស្ត្រ បានអះអាងថា ការកើនឡើងនៃកម្ដៅផែនដី  បានផ្សារភ្ជាប់ជាមួយការឡើងទម្ងន់ទារកលឿន និងអាចបង្កឱ្យមានជំងឺលើសទម្ងន់នៅពេលពេញវ័យ។ ការស្រូបយកផ្សែងពុលដែលភាយចេញពីភ្លើងឆេះព្រៃ ក៏បានបង្កើនហានិភ័យទ្វេដងដល់ទារក ក្នុងការមានពិការភាពពីកំណើត។ ការស្រូបខ្យល់បំពុលដោយចំហេះឥន្ធនៈផូស៊ីលក៏បានកាត់បន្ថយឱកាសមានកូនរបស់ស្ត្រីផងដែរ។ 
 
តាមការសិក្សា ស្ត្រីមានទម្ងន់មួយភាគបួន បានប្រឈមមុខនឹងកម្ដៅថ្ងៃក្តៅខ្លាំងរបស់ផែនដីជារៀងរាល់ថ្ងៃ ធ្វើឱ្យហានិភ័យនៃទារកកើតមិនគ្រប់ខែ កើនខ្ពស់ជាង១៥ភាគរយ។ មិនតែប៉ុណ្ណោះ ការឡើងកម្ដៅផែនដីនឹងធ្វើឱ្យប៉ះពាល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃ ហើយហានិភ័យនឹងកើនឡើងកាន់តែខ្ពស់ថែមទៀតសម្រាប់ទារកដែលកើតមិនគ្រប់ខែមុន ២៨ សប្តាហ៍។
 
ចំណែកទំនាក់ទំនងរវាងការកើនឡើងកម្ដៅ និងការឡើងទម្ងន់យ៉ាងឆាប់រហ័សរបស់ទារកត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល។ ពួកគេ បានសិក្សាទារក ២០ម៉ឺននាក់ ហើយបានរកឃើញថាទារក ២០ភាគរយដែលរស់នៅកន្លែងមានសីតុណ្ហភាពខ្ពស់នៅពេលយប់ មានហានិភ័យខ្ពស់ឡើងទម្ងន់លឿន។ នេះដោយសារតែ មនុស្សរស់នៅក្នុងមជ្ឈដ្ឋានក្ដៅ រាងកាយដុតបំផ្លាញខ្លាញ់បានតិចប៉ុណ្ណោះ ដើម្បីរក្សាសីតុណ្ហភាពរាងកាយទប់ទល់នឹងសីតុណ្ហភាពមជ្ឈដ្ឋានខាងក្រៅ។
 
ម៉្យាងវិញទៀត ការកើនឡើងកម្ដៅផែនដីជាកត្តាបង្កឱ្យមានករណីភ្លើងឆេះព្រៃ ហើយភ្លើងឆេះព្រៃនេះបានបង្កើតផ្សែងបំពុលប៉ះពាល់ស្ត្រីមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី១ ដែលបានស្រូបផ្សែងភ្លើងឆេះព្រៃ មានហានិភ័យខ្ពស់នៃទារកមានពិការភាពពីកំណើត ប្រមាណ២៨ភាគរយ ធៀបនឹងស្ត្រីដែលមិនបានស្រូបផ្សែងពុល។ ចំណែកការសិក្សារបស់ចិន បានរកឃើញបន្ថែមថាខ្យល់ពុលដែលចេញពី ចំហេះឥន្ធនៈផូស៊ីលកាត់បន្ថយឱកាសមានកូនផងដែរ។
 
គួរបញ្ជាក់ថា ផលប៉ះពាល់នៃការកើនឡើងកម្តៅសកលគឺជាបញ្ហាសមធម៌ និងយុត្តិធម៌ផ្នែកសុខភាព។ អ្នកដែលទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ពិសេសការកើនឡើងកម្តៅនេះ ភាគច្រើន គឺសុទ្ធតែជាអ្នកដែលមានចំណូលទាប និងមិនមានសមត្ថភាពប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬរស់ក្នុងតំបន់ដែលមានបរិយាកាសល្អប្រសើរ៕ 
 

Tag:
 សុខភាព
  ទារក
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com