ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទី
23, Jan 2022 , 2:39 pm        
រូបភាព
ស្វាយចន្ទី៖ រូបថត៖ Kosal Farms
ស្វាយចន្ទី៖ រូបថត៖ Kosal Farms
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងជំរុញដល់ក្រុមការងារជំនាញឱ្យពិនិត្យនិងកែសម្រួលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីដើម្បីត្រៀមស្នើសុំការសម្រេចពីរដ្ឋាភិបាលសម្រាប់ប្រើប្រាស់។ បើតាមក្រសួងពាណិជ្ជកម្ម គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ រៀបចំឡើងគឺដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។

 
ក្រសួងពាណិជ្ជកម្មបានបើកប្រជុំមួយដើម្បីកែសម្រួលនិងបន្ថែមខ្លឹមសាររួមទាំងបញ្ជូលនូវទិន្នន័យសំខាន់មួយចំនួននៅក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី កាលពីថ្ងៃទី២០មករា ឆ្នាំ២០២១។ លោក រាជ រ៉ា ដែលជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងក្នុងកិច្ចប្រជុំនេះ ថា កន្លងមកគោលនយោបាយជាតិនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំជាច្រើនរួចមកហើយ។ ដូចជា៖ ឆ្លងកិច្ចប្រជុំកម្រិតអគ្គនាយកដ្ឋាន-អន្តរអគ្គនាយកដ្ឋាន កិច្ចប្រជុំក្រុមការងារបច្ចេកទេស និងកិច្ចប្រជុំក្រុមការងារចម្រុះរៀបចំ គោលនយោបាយស្វាយចន្ទីកម្ពុជា ព្រមទាំងបានបញ្ជូលនូវធាតុចូលពីអន្តរក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធមកពីសមាគមអ្នកនាំចេញ អ្នកដាំដុះ ជាដើម ដើម្បីបំពេញនូវចំណុចខ្វះខាត ផ្សេងៗ។
 

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC

បើតាមលោក រាជ រ៉ា បន្ទាប់ពីសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ត្រូវបានកែសម្រួលខ្លឹមសារនិងធាតុចូលពីភាគីពាក់ព័ន្ធរួច ក្រសួងពាណិជ្ជកម្មនឹងរៀបចំនីតិវិធីបន្ត ដើម្បីស្នើសុំដាក់ពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខនេះ។
 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗ ថា  គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតនិងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ នៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ លើសពីនេះទៅទៀត វានឹងធ្វើឱ្យផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងទាំងគុណភាព។
 
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ដូច្នេះ៖ «ការអនុម័តនូវគោលនយោបាយជាតិស្វាយចន្ទីនេះ នឹងបន្ថែមនូវតម្លៃពេញលេញរបស់ស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ព្រមទាំងបង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ ផងដែរ»។
 
ជាមួយគ្នានេះ លោក គង់ ភាជ ដែលជាប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពីអ្នកអនុវត្តដោយផ្ទាល់នោះ ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីផលិតផលស្វាយចន្ទីនេះ គឺជាការល្អប្រសើរណាស់ ក្នុងការគាំទ្រឱ្យមានការនាំគ្រាប់ស្វាយកែច្នៃ។ លោក លោកបាននិយាយដូច្នេះ៖«អ្វីដែលយើងខំធ្វើនាពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាដើម្បីជំនួសនូវផលិតផលស្វាយចន្ទីនាំចូលផង ដើម្បីបម្រើឱ្យប្រើប្រាស់ក្នុងស្រុកផង និងដើម្បីនាំចេញផង»។ 
 
បើតាមប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មរូបនេះ យន្តការបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅក្នុងស្រុក គឺជាចំណុចសំខាន់បំផុតដែលរដ្ឋាភិបាលកំពុងយកចិត្តដាក់ ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីផលិតផលស្វាយចន្ទី។ លោក គង់ ភាជ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា៖ «វត្តមានរោងចក្រកែច្នៃ នឹងជំរុញការនាំចេញផលិតផលចន្ទីកែច្នៃដោយទទួលបានតម្លៃបន្ថែមខ្ពស់ ហើយថែមបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងស្រុកទៀតផង»។ 
 

បុរសជាកសិករម្នាក់កំពុងលាងគ្រាប់ស្វាយចន្ទី និងច្រកដាក់ក្នុងការ៉ុង​
សម្រាប់ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក ស៊ីឡុត នៅពេលដែលកម្ពុជាអនុម័តគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងទាក់ទាញវិនិយោគិននានា មកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ខណៈកម្ពុជាបច្ចុប្បន្ន ជាប្រទេសលំដាប់លេខមួយ នៃការផលិតគ្រាប់ស្វាយចន្ទីស្រស់សម្រាប់នាំចេញ។ លោក បាននិយាយដូច្នេះ៖«កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន។ ប្រសិនបើយើងមានរោងចក្រកែច្នៃច្រើន គឺអាចឆ្លើយតបនូវចំនួននៃការផលិតគ្រាប់ស្រស់របស់កម្ពុជា នោះវានឹងធ្វើឱ្យពាក់ព័ន្ធនានានៅក្នុងវិស័យផលិតកម្មស្វាយចន្ទី ជាពិសេសប្រជាកសិកម្មនឹងទទួលតម្លៃបន្ថែមដែលធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ»។
 
របាយការណ៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី បានជិត៩៤ម៉ឺនតោន ដែលកើនរហូតដល់៣២៨,៣៤ភាគរយ ធៀបនឹងឆ្នាំ២០២០។  ការនាំចេញនេះ មានលើសពី៥០ភាគរយ គឺជានាំចេញគ្រាប់ស្រស់ ដោយមិនទាន់កែច្នៃ។ ក្នុងចំណោមស្វាយចន្ទីនេះ មានជិត៩៣ម៉ឺនតោនត្រូវបាននាំចេញទៅប្រទេសវៀតណាម,  ចិនមានជិត៤ ៥៥៣តោន, ថៃមានជិត ៤ ៣០០តោន, ឥណ្ឌាជាង៩៨តោន, ជប៉ុនមានជាង៤៤តោន, កូរ៉េមានជាង២១តោន, អារ៉ាប់មានជាង១៤តោន, ណេដឺឡែនមាន ៨,២១តោន, បង់ក្លាដែស ៧តោន, ឡាវ ៤តោន, ស្វីស២តោន, តូហ្គោ១តោន, អារ៉ាប់រួម១តោន, ហ្វីលីពីន៣តោន និងប្រទេសបារាំង មាន២តោន៕ 
 

Tag:
 ពាណិជ្ជកម្ម
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com