ជាតិ
ព្រះមហាក្សត្រ
នាយករដ្ឋមន្រ្តី និងអនាគតបេក្ខជននាយករដ្ឋមន្រ្តី ចូលគាល់ព្រះរាជាតែពីរនាក់
23, Jan 2022 , 5:59 pm        
រូបភាព
រូបពីទទក
រូបពីទទក
សម្តេច ហ៊ុន សែន ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្រ្តី បាននាំតែលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង និងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីពីគណបក្សប្រជាជនកម្ពុជា ចូលគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ២០២២។ សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក៏ស្ថិតក្នុងពិធីចូលគាល់នេះដែរ។


បើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទូលថ្វាយដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី អំពីស្ថានការណ៍ប្រទេសជាតិ រួមមាន ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការទំនាក់ទំនងជាមួយបណ្តាប្រទេស ការប្រឹងប្រែងបន្តអភិវឌ្ឍប្រទេស ក្នុងវិបត្តិជំងឺកូវីដ-១៩ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង ការប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ជាដើម។ 
 
ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ទ្រង់បានកោតសរសើរប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំកសាងប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាជន ការធ្វើឲ្យជីវភាពប្រជាជនកាន់ប្រសើរ និង ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជន ជាអាទិ៍។ នេះបើតាមការផ្សាយរបស់ទទកដដែល៕ 
 
 
 
 
 

Tag:
 ហ៊ុន សែន
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com