ជាតិ
សេដ្ឋកិច្ច
ប្រទេសលុចសំបួ ផ្តល់ថវិកា១,១លានដុល្លារ ដើម្បីជួយកម្ពុជា ឡាវ ថៃ វៀតណាម ឲ្យរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ
23, Jan 2022 , 8:59 pm        
រូបភាព
រូបថតពី គណៈកម្មការទន្លេមេគង្គ(MRC)
រូបថតពី គណៈកម្មការទន្លេមេគង្គ(MRC)
ភ្នំពេញ៖ ប្រទេសលុចសំបួបានផ្តល់ថវិកាចំនួន ១លានអឺរ៉ូ (ប្រមាណ១,១លានដុល្លារអាម៉េរិក) ដល់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម ដើម្បីរក្សាមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងពង្រឹងភាពធន់នឹងហានិភ័យអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។

 
គណៈកម្មការទន្លេមេគង្គ(MRC) នឹងជួយកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការរក្សាឱ្យបាននូវមុខងារអេកូឡូស៊ីនៃទន្លេមេគង្គ ក្រោមជំនួយជាង១,១លានដុល្លារពីប្រទេសលុចសំបួ។ បើតាមសេចក្តីក្រសួងព័ត៌មានរបស់MRC កាលពីថ្ងៃទី២០មករា ឆ្នាំ២០២២ ការរួមចំណែករបស់ប្រទេសលុចសំបួនេះ គឺធ្វើឡើងបន្ទាប់ពីរលកថ្មីនៃការផ្តល់មូលនិធិដៃគូអភិវឌ្ឍន៍ដល់MRC នៅពេលដែលគណៈកម្មការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន២០២១-២០២៥ ក្រោមទិសដៅថ្មីដើម្បីជម្នះការគំរាមកំហែងជាច្រើនដែលអាងទន្លេមេគង្គកំពុងប្រឈម។
 
លោក Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋានMRC បានលើកឡើងថា ជំនួយថវិកាពីប្រទេសប្រទេសលុចសំបួ គឺបានកើតឡើងចំពេលវេលាដ៏សំខាន់សម្រាប់អាងទន្លេមេគង្គក្រោម ខណៈបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ជាពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់បានបង្កើនសម្ពាធដ៏រសើបលើប្រព័ន្ធអេកូឡូស៊ីរបស់អាងទន្លេមេគង្គ។  លោកបានបន្តនិយាយដូច្នេះ៖«បើគ្មានការអន្តរាគន៍ទេ ការចុះខ្សោយនៃប្រព័ន្ធអេកូឡូស៊ីរបស់អាងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងសេដ្ឋកិច្ច ដែលពឹងផ្អែកលើទន្លេមេគង្គ»។ 
 
បើតាមនាយកប្រតិបត្តិនៃលេខាធិការដ្ឋានរូបនេះ  ក្រោមទិសដៅយុទ្ធសាស្ត្រថ្មី MRC នឹងធានាថាទឹក និងវិស័យពាក់ព័ន្ធនានាត្រូវបានផ្តល់នូវព័ត៌មាន និងឧបករណ៍ដែលត្រូវការ ដើម្បីសម្រេចបាននូវការអភិវឌ្ឍដ៏ប្រសើរបំផុត និងមាននិរន្តរភាព ខណៈផែនការផលិតថាមពលជាតិថ្មីធ្វើការគិតគូរអំពីប្រភពថាមពលដែលអាចផលិតបានពេញលេញ និងបំពេញគោលបំណងជាច្រើន ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ។
 
លោក Anoulak Kittikhoun បានអះអាង ថា៖« MRC នឹងស្វែងរកវិធីសម្របសម្រួលចំពោះប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹកនៅទូទាំងអាងដើម្បីបង្កើនអត្ថប្រយោជន៍ និងកម្រិតផលប៉ះពាល់បរិស្ថានអវិជ្ជមានលើចរន្តទឹកទន្លេមេគង្គ និងប្រជាជន»។
 
ជាមួយគ្នានេះ លោក Sam Schreiner ដែលជាភារធារីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ បានថ្លែង ថា ការប្តេជ្ញាចិត្តរបស់ប្រទេសលុចសំបួ ចំពោះអាងទន្លេមេគង្គគឺនៅតែរឹងមាំ ហើយរដ្ឋាភិបាលរបស់ប្រទេសលុវសំបួ ចង់ឃើញការអភិវឌ្ឍប្រកបដោយវិបុលភាព និងការទទួលខុសត្រូវ នៅក្នុងតំបន់មេគង្គ។ លោក បាននិយាយដូច្នេះ៖ «យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងទៅជាមធ្យោបាយមួយ ដើម្បីជួយ MRC និងប្រទេសជាសមាជិកក្នុងការដោះស្រាយហានិភ័យដែលពាក់ព័ន្ធដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរលក្ខណៈលំហូរនៃអាងទន្លេមេគង្គក្រោម»។ នេះ
 
បើយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ ជំនួយនេះនឹងគាំទ្រដល់សកម្មភាពជាច្រើនរបស់MRC រួមទាំងការគ្រប់គ្រងអាងទន្លេស្នូល ការប្រមូលទិន្នន័យ និងធ្វើឱ្យប្រសើរឡើងនូវមុខងារត្រួតពិនិត្យ គំរូ និងការវាយតម្លៃ។ លើសពីនេះ ជំនួយនឹងជួយដល់ការធ្វើផែនការ និងការព្យាករណ៍ និងរួមចំណែកដល់ប្រព័ន្ធព្រមាន និងឆ្លើយតបបន្ទាន់របស់ MRC ផងដែរ។ ។
 
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសលុចសំបួបានរួមចំណែកជិត៤លានដុល្លារ ដល់ផែនការយុទ្ធសាស្រ្តMRC កាលពីឆ្នាំ២០១៦-២០២០  ហើយបានគាំទ្រដល់គំនិតផ្តួចផ្តើមការផ្លាស់ប្តូរអាកាសធាតុ និងការសម្របខ្លួនរបស់MRC ក្នុងអំឡុងឆ្នាំ២០១០-២០១៥៕ 
 

Tag:
 បរិស្ថាន
  MRC
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com