សុខភាព
អន្តរជាតិ
កុមារ គួរតែចាប់ផ្តើមរៀនហែលទឹកនៅអាយុ ៤ឆ្នាំ
14, Apr 2022 , 10:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការចេះហែលទឹកមានសារប្រយោជន៍ជាច្រើនសម្រាប់មនុស្ស មិនថាក្មេង ឬចាស់ឡើយ។ ការហែលទឹក  គឺជាការកំសាន្តមួយ ហើយថែមទាំងជាកីឡាដ៏ល្អមួយដែរសម្រាប់សុខភាព។ យ៉ាងណាមិញ ការហែលទឹក មិនមែនគ្រប់គ្នាសុទ្ធតែចេះនោះទេ វាត្រូវការការហាត់រៀនឱ្យបានត្រឹមត្រូវ ដើម្បីការពារជីវិត ពិសេសសម្រាប់កុមារ។ តាមការចុះផ្សាយរបស់ទំព័រព័ត៌មាន The Conversation កុមារគួរតែចាប់ផ្តើមរៀនហែលទឹកនៅអាយុ ៤ឆ្នាំ។

 
ជាធម្មតា ការលេងទឹកគឺជាចំណង់ចំណូលចិត្តរបស់កុមារទូទៅ។ វាជាការកំសាន្តផង និងជាកីឡាដ៏ល្អមួយសម្រាប់សុខភាព។ ប៉ុន្តែ ក្នុងមួយឆ្នាំៗកុមារជាច្រើនបានស្លាប់ ដោយសារឧបទ្ទវហេតុលង់ទឹក។ ការចេះហែលទឹកកាន់តែឆាប់ គឺជារឿងសំខាន់មួយសម្រាប់កុមារដើម្បីការពារជីវិតពួកគេ។ 
 
តាមការសិក្សាចុះផ្សាយរបស់សារព័ត៌មាន The Conversation កុមារគួរតែចាប់ផ្តើមរៀនហែលទឹកនៅអាយុ ៤ឆ្នាំ ព្រោះវាជាពេលដែលកុមារចាប់ផ្តើមមានសមត្ថភាពគ្រប់គ្រងខ្លួនឯង ពេលមានអាសន្ន និងមានទំនុកចិត្តនៅក្នុងទឹក ក្នុងការរៀនក្បាច់ហែលទឹកមូលដ្ឋាន។ 
 
តាមពិតទៅ កុមារអាចរៀនហែលទឹកបានតាំងពីនៅជាទារក ត្រឹម៦ខែម្លេះ ដោយមានម្តាយនៅថែទាំជាមួយក្នុងទឹក។ ប៉ុន្តែកុមារដែលមានអាយុតិចជាង៤ឆ្នាំ ត្រូវបានអ្នកនិពន្ធការសិក្សាអះអាងថា ពួកគេមិនអាចរៀនចេះវិធីសាស្ត្រហែលទឹកបានត្រឹមត្រូវ ឬមិនអាចគ្រប់គ្រងខ្លួន ពេលមានគ្រោះអាសន្នក្នុងទឹកឡើយ។ 
 
អាយុកុមារពិតជាមានទំនាក់ទំនងនឹងសមត្ថភាពចេះហែលទឹករបស់ពួកគេ។ កុមារដែលមានអាយុតិច អាចមានការអភិវឌ្ឍសមត្ថភាពយឺត ដែលអាចធ្វើខាតលុយបង់ថ្លៃសិក្សា។ ការពិចារណាពីពេលដែលកុមារគួរតែចាប់ផ្ដើមរៀនហែលទឹក គឺជារឿងសំខាន់របស់ឪពុកម្តាយដើម្បីចំណាយលុយឱ្យមានប្រសិទ្ធភាពបំផុត។ 
 
គួរបញ្ជាក់ថា បើទោះជាកុមារមានអាយុ៤ឆ្នាំហើយក្តី ការហ្វឹកហាត់ការហែលទឹកឱ្យបានច្រើនបន្ថែមក្រៅពីម៉ោងរៀនគឺជាចំនុចសំខាន់ដើម្បីពន្លឿនការអភិវឌ្ឍសមត្ថភាព និងធ្វើបានល្អ។ សហអ្នកនិពន្ធការស្រាវជ្រាវបានណែនាំឱ្យកុមារហែលទឹកឱ្យបានយ៉ាងតិច៤ថ្ងៃ ម្ដង ដើម្បីពង្រឹងសមត្ថភាព និងទទួលបានសុខភាពរាងកាយមាំមួនល្អ៕ 
 

Tag:
 កុមារ
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com