ជាតិ
ឆ្លងកាត់ការងារសហគមន៍ច្រើនឆ្នាំ លោក កែ ដារារដ្ឋ រៀបចំសួនលំហែភូមិក្រាំង ជាកន្លែងគ្មានប្លាស្ទិក
25, Jan 2022 , 8:59 am        
រូបភាព
កំពត៖ ឆ្លងកាត់បទពិសោធន៍ការងារជាច្រើនឆ្នាំជាមួយសហគមន៍ ការងារបរិស្ថាន លោក កែ ដារារដ្ឋ បានយកចំណេះដឹងទាំងអម្បាលម៉ាន ដាក់បញ្ចូលក្នុងសួនលំហែមួយកន្លែង នាក្រុងកំពត។  ក្រៅពីអាជីវកម្ម ទីតាំងនេះបង្កើតឡើង ដើម្បីជាសារដល់ភ្ញៀវដែលអញ្ជើញមក យល់ពីការចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផង។

 
 
ដោយមើលឃើញពីផលប៉ះពាល់ដែលបង្កឡើងដោយសំរាមប្លាស្ទិកនៅក្នុងសង្គម លោក កែ ដារារដ្ឋ បានព្យាយាមកែច្នៃអ្វី ដែលអាចទប់ស្កាត់បញ្ហាទាំងនេះបាន។ ក្នុងនាមជាទីប្រឹក្សាផ្នែកគ្រប់គ្រងអាជីវកម្ម របស់សួនលំហែភូមិក្រាំង លោក ដារារដ្ឋ បានរៀបចំទីតាំងនេះ ឱ្យស្របតាមគំនិតគិតគូរពីបរិស្ថានជាចម្បង និងមិនប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិកឡើយ។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាពេលកន្លងមក លោក ដារារដ្ឋ ប្រាប់ថា ប្លាស្ទិក នឹងបង្កគ្រោះថ្នាក់ដល់សង្គមកាន់តែខ្លាំង ប្រសិនបើពលរដ្ឋមិនចូលរួមកាត់បន្ថយ។ នៅសួនលំហែភូមិក្រាំង ដែលជាទីតាំងអាហារដ្ឋានមួយ នាក្រុងកំពត មិនប្រើប្រាស់បំពង់ទុយោ ហើយដបទឹកក៏ប្រើកែវផងដែរ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ក៏ព្យាយាមមិនប្រើប្លាស្ទិកដែរ។ ក្រៅពីនេះ ដើមឈើជាច្រើន ត្រូវបានដាំ និងការដេគ័រជាច្រើនទៀត ក្នុងន័យបរិស្ថានផងដែរ។ លោក ដារារដ្ឋ ពន្យល់ថា ទីតាំងរបស់លោកយកចិត្តសំខាន់លើបរិស្ថាន ដែលផ្តល់ជាការអប់រំ ឬពញ្ញាក់អារម្មណ៍ថា ការចាប់ផ្តើមពីខ្លួនឯង ពីអាជីវកម្មមួយ ទោះមិនអាចកាត់បន្ថយទាំងស្រុង ក៏បានរួមចំណែកមួយផ្នែកជួយបរិស្ថានដែរ។


 
ជាមួយគ្នានេះ លោក ដារារដ្ឋ សង្កេតឃើញថា ទីតាំងដែលរៀបចំជាលក្ខណៈធម្មជាតិ និងមានដើមឈើ រៀបចំជាសួនផងនោះ កំពុងមានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ដែលភ្ញៀវបានបង្ហាញការពេញចិត្ត និងមកទទួលសេវានៅកន្លែងទាំងនោះ។ សម្រាប់លោក ដារារដ្ឋ នេះជាសញ្ញាដ៏ល្អមួយ ដែលបង្ហាញពីការចាប់ផ្តើមនៃការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋ ឱ្យងាកមកស្រឡាញ់ និងគិតគូរពីបរិស្ថានកាន់តែខ្លាំងឡើង៕
 

Tag:
 សួនលំហែភូមិក្រាំង
  បរិស្ថាន
  កែ ដារារដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com