ជាតិ
សុខភាព
ចិន នឹងបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណមកកម្ពុជា ដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
26, Jan 2022 , 2:35 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងអប់រំ (ស្តាំ)  កំពុងចុះហត្ថលេខាជាមួយ លោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន លើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនប្រយុទ្ធជំងឺកូវីដ-១៩មកកម្ពុជា កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២២។ រូបថត៖ ស្ថានទូតចិន​ប្រចាំកម្ពុជា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងអប់រំ (ស្តាំ) កំពុងចុះហត្ថលេខាជាមួយ លោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន លើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនប្រយុទ្ធជំងឺកូវីដ-១៩មកកម្ពុជា កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២២។ រូបថត៖ ស្ថានទូតចិន​ប្រចាំកម្ពុជា។
ភ្នំពេញ៖ ប្រទេសចិន នឹងបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណរបស់ខ្លួនមកកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកម្ពុជា​នេះ​ ត្រូវបានឯកភាពគ្នារវាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជាមួយលោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន។

 
លោក ម៉ម ប៊ុនហេង បានចុះហត្ថលេខាជាមួយលោក Huang Luqi លើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនប្រយុទ្ធជំងឺកូវីដ-១៩មកកម្ពុជា កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២២។​ តាមការចុះផ្សាយរបស់ស្ថានទូតចិន​ប្រចាំកម្ពុជា លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ៖ «ការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកិច្ចទប់ស្កាត់ជំងឺកូវីដ-១៩  និងជួយជំរុញការអភិវឌ្ឍចំណងមិត្តភាពរវាងចិននិងកម្ពុជា»។
 
ជាមួយនឹងគ្នានេះ លោក Huang Luqi ដែលជាអនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន បានលើកឡើងថា​ ចិននិងកម្ពុជា ជាប្រទេសជិតខាងល្អនឹងគ្នា។ លោកបានបន្តរៀបរាប់ ដូច្នេះ៖ « ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ចិននិងកម្ពុជាបានពួតដៃគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់សហគមន៍អន្តរជាតិ»។  
 
បើតាមស្ថានទូតចិនប្រចាំកម្ពុជា ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងបំពេញបេសកកម្មជាជំនួយវេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈក្នុងរយៈពេលមួយឆ្នាំ។​ 
 
លោក Huang Luqi បានបញ្ជាក់ថា៖ «ភាគីចិននឹងសម្រេចចិត្តបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា គឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តកុងសុងស៊ីសនៃថ្នាក់ដឹកនាំទាំងពីរប្រទេស»។ 
 
អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនរូបនេះ ជឿជាក់ថា ក្រុមវេជ្ជសាស្រ្តចិន មិនត្រឹមតែជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញការអភិវឌ្ឍវិស័យឱសថបុរាណរបស់កម្ពុជា ផងដែរ។​ លើសពីនេះទៅទៀត កិច្ចសហការដ៏ជិតស្និទនេះ នឹងចូលរួមចំណែកថ្មីក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។
 
សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ គឺជាជំនួយឥតសំណងដែលចិនផ្តល់ឱ្យកម្ពុជា។ ក្រៅពីមន្ទីរពេទ្យនេះ ចិនក៏បានផ្តល់ជំនួយជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងជំនួយបច្ចេកទេស រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ជាច្រើន ឱ្យកម្ពុជាផងដែរ៕ 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com