ជាតិ
សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន​ បានកើនដល់ជាង១១ពាន់លានដុល្លារ
27, Jan 2022 , 6:59 pm        
រូបភាព
រូបតំណាង៖ សម្តេច  ហ៊ុន សែន កំពុងចាប់ដៃជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
រូបតំណាង៖ សម្តេច ហ៊ុន សែន កំពុងចាប់ដៃជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ កម្ពុជា-ចិន បានសម្រេចទំហំពាណិជ្ជកម្មរួមគ្នាកើនដល់ ជាង១១ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២១។ ក្នុងនោះ ទំនិញដែលកម្ពុជានាំចូលពីចិនមានទំហំទឹកប្រាក់រហូតដល់ ៩,៦ពាន់លានដុល្លារ ខណៈនាំចេញវិញមានត្រឹម ១,៥ពាន់លានដុល្លារ ប៉ុណ្ណោះ។​

 
របាយការណ៍នាំចេញនាំចូលប្រចាំឆ្នាំ២០២១ ដែលសារព័ត៌មានថ្មីៗទទួលបានពីលោក ប៉ែន សុវិជាតិ អនុរដ្ឋអនុលេខាធិការក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនដល់ចំនួន ១១ ១៤៤ ១៧៩ ២០៧ដុល្លារ។  របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ  គឺមាន ៩ ៦៣៣ ៩២៦ ០៥៣ដុល្លារ ជាតម្លៃទំនិញដែលកម្ពុជានាំចូលពីប្រទេសចិន។ ចំនួននាំចូលនេះ បានកើនក្នុងអត្រា៣៧ភាគរយ បើធៀបនឹងឆ្នាំ២០២០។ 
 
បើតាមលោក ប៉ែន សុវិជាតិ ​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រាប់ឆ្នាំ២០២២ នឹងអាចកើនឡើងថែមទៀត។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ថា៖ « ភាពកើនឡើងនេះ គឺអាស្រ័យទៅលើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) និងការពន្លឿនល្បឿននៃការចរចានីតិវិធីបែបបទរវាងភាគីទាំងពីរ លើមុខទំនិញកសិផលដែលមានអត្ថប្រយោជន៍នាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន»។ 
 
ទន្ទឹមនឹងនេះ​ ការគ្រប់គ្រងបានល្អនិងវិធានការតឹងរ៉ឹងរបស់ចិនចំពោះកូវីដ-១៩ (Zero Covid) ធានាបាននូវស្ថេរភាពនៃតម្រូវការនិងទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងទីផ្សារចិន ធ្វើឱ្យស្ថានភាពទីផ្សារដំណើរការល្អអាចសម្រួលទាំងការនាំចេញនិងនាំចូលរវាង​ប្រទេសទាំងពីរ។ លោក ប៉ែន សុវិជាតិ បានបន្ថែមដូច្នេះ។ 
 
ជាមួយគ្នានេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-ចិន ដែលបានចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២ នឹងជំរុញការនាំចេញរបស់កម្ពុជាទៅទីផ្សារប្រទេសចិនឱ្យបានច្រើនថែមទៀត ខណៈកម្ពុជា​ទទួលបានវិនិយោគិនថ្មីៗជាបន្តបន្ទាប់ក្នុងការផលិតទំនិញនានា ពិសេសផលិតផលកសិកម្មសម្រាប់នាំចេញទៅទីផ្សារដ៏ធំក្នុងពិភពលោកមួយនេះ។ 
 
លោក លឹម ​ហេង បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖ «អ្វីដែលយើងមានសម្រាប់នាំចេញទៅទីផ្សារចិន គឺជាផលិតផលកសិកម្មនេះ​ឯង ដោយមានទាំងវារីវប្បកម្ម ទាំងបសុសត្វនិងបសុបក្សី ទាំងដំណាំកសិផលផ្សេងៗ រួមទាំងកសិឧស្សាហកម្ម​ជាដើម ដែលយើងត្រូវកែច្នៃឱ្យអស់ពីលទ្ធភាព សម្រាប់នាំ​ចេញដើម្បីទទួលបានតម្លៃបន្ថែម»។  លោក បានបញ្ជាក់ថា ការវិនិយោគកាន់តែច្រើន ក៏បានធ្វើឱ្យចំណូលពន្ធផ្ទៃក្នុងរបស់យើងកើនទៅតាមហ្នឹង ផងដែរ»។ 
 
បើតាមអនុប្រធានសភាពាណិជ្ជកម្ម បច្ចុប្បន្នកម្ពុជាកំពុងទទួលបានដៃគូវិនិយោគិនច្រើនពីប្រទេសចិន​ ពីប្រទេសក្នុងតំបន់អឺរ៉ុបនិងអាស៊ាន ដែលកំពុងវិនិយោគលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាដែលបម្រើដល់ការនាំចេញរបស់កម្ពុជា។ លោក លឹម ហេង បានថ្លែងដូច្នេះ៖ សព្វថ្ងៃ វិស័យកសិកម្ម គឺទទួលបានការវិនិយោគច្រើនទៅហើយ ហើយក៏មានការ​វិនិយោគបន្ថែមលើវិស័យភស្តុភារកម្ម[Logistic] ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយចំបាច់ណាស់សម្រាប់កម្ពុជាយើង ដែលបម្រើដល់ភាពប្រកួតប្រជែងក្នុងការនាំទំនិញចេញ»។ 
 
សូមជម្រាបថា កាលពីថ្ងៃទី១៧មករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុន  KAMPOT LOGISTICS AND PORT COMPANY LIMITED បង្កើតមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅក្នុងទឹកដីខេត្តកំពត ក្រោមទំហំវិនិយោគ១ ៣០០លានដុល្លារ។  លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា គម្រោងអភិវឌ្ឍលើវិស័យដឹកជញ្ជូនរបស់ក្រុមហ៊ុននេះ គឺជាការរួមចំណែកមួយយ៉ាងធំក្នុងការសម្រួលដល់ថ្លៃនិងល្បឿននៃការដឹកជញ្ជូនរបស់កម្ពុជា ទាំងក្នុងនិងក្រៅស្រុក។  ជាពិសេស គឺជំរុញការនាំចេញរបស់កម្ពុជា ទៅទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗក្នុងពិភពលោក៕ 
 
 

Tag:
 ពាណិជ្ជកម្ម
  លោក ប៉ែន សុវិជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com