ជាតិ
ពីនេះ ពីនោះ
អុជអាល និង អុចអាល, អុចៗ និង អុជៗ សរសេរបាន​ដូចគ្នា
17, Feb 2023 , 7:29 am        
រូបភាព
តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «អុជ» និង «អុច» អាច​សរសេរបាន​ដូចគ្នាក្នុងន័យជាច្រើន។ អុច, អុជ, អុចៗ, អុជៗ, អុចអាល, អុជអាល​ ជាដើម។

 
«អុជអាល» ឬ «អុចអាល» មានន័យ​ថា ញុះញង់ចាក់រុកនាយអាយឲ្យក្ដៅចិត្តខ្លាំង( ដូចគេអុជអាលផង )។ អុជអាលបណ្ដាលឲ្យទាស់គ្នា ( ធ្លាប់សរសេរជា អុចអាល យូរមកហើយ ប្រើតាមទម្លាប់នោះក៏បាន។ 
 
ពាក្យកាព្យ៖ សម្ដីអុជអាល រែងនាំបណ្ដាល ឲ្យកើតវិវាទ ឬបើពុំនោះ ក៏ត្រឹមបែកឃ្លាត ទោះញាតិនិងញាតិ ក៏អាចបែកគ្នា ។ ខូចការប្រាស្រ័យ លុះយូរខែថ្ងៃ រីករាលទៅជា បែកសាមគ្គី ដែលព្រះភគវា ទ្រង់ត្រាស់ប្រាប់ថា នឹងមានវិនាស ។ សម្ដីអុជអាល ចង្រៃត្រកាល ទោះបីអ្នកឈ្លាស អាចក្លាយជាខ្មៅ មួម៉ៅផ្ដេសផ្ដាស មន្ត្រីឬរាស្ត្រ ដើរទាសខុសផ្លូវ ។
 
ដូចគ្នាផងដែរ យើងអាចសរសេរ «អុច» ឬ «អុជ» ក៏បាន ដែលមានន័យថា​ ដុតឲ្យឆេះមានអណ្ដាតភ្លើងឡើង
អុជចង្កៀង ( ធ្លាប់សរសេរជា អុច មកយូរហើយ ប្រើតាមទម្លាប់នោះក៏បាន )។ ទោះបី ដុតមិនមានអណ្ដាតភ្លើងក៏ហៅ អុជ បានខ្លះដែរ។
 
អុជបីប៉ុយ ឬ អុជបីរណ្ដៅ ដាក់ប៉ុយទន្សែជាដើមលើស្បែក ( មនុស្ស ) បីអន្លើ, ត្រង់កន្លែងដែលត្រូវដាក់ហើយដុតឲ្យឆេះប៉ុយទាំងបីនោះ ដើម្បីឲ្យជារោគសរសៃ ( តាមទម្លាប់ខ្មែរខ្លះដែលធ្លាប់ប្រើ ) ។ អុជជ័រ ដុតរណ្ដៅជ័រ... ដើម្បីឲ្យចេញជ័រថ្លា ។
 
រីឯន័យ​មួយទៀត គឺ​ដូចពាក្យ អុចអាលខាងលើ «ញុះឬញុះញង់ឲ្យក្ដៅចិត្ត, អុជឲ្យឈ្លោះគ្នា ( និយាយថា ដុត ក៏បាន ) ។ នាំអុជនាំអាល នាំបណ្ដាលឬនាំញុះញង់ឲ្យក្ដៅចិត្ត។
 
រីឯពាក្យ «អុចៗ» ក៏អាចសរសេរ «អុជៗ» បានដែរ។ ពាក្យនេះ មានន័យថា ដែលមានសម្បុរឬសណ្ឋានរទុះៗច្រើនអន្លើ ( ដូចជាស្នាមអុជ )។ ខ្មៅអុជៗ ( ធ្លាប់សរសេរជា អុចៗ មកយូរហើយ ប្រើតាមទម្លាប់នោះក៏បាន ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com