ជាតិ
សេដ្ឋកិច្ច
កម្ពុជា-សហភាពអារ៉ាប់រួម នឹងសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
28, Jan 2022 , 7:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម។ រូបថត៖ MoC
ភ្នំពេញ៖  កម្ពុជា-សហភាពអារ៉ាប់រួម បានឯកភាពគ្នាក្នុងការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី(FTA) ដើម្បីទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ការឯកភាពនេះ បានធ្វើឡើងរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម។

 
ខណៈកម្ពុជាបានបើកទីផ្សារសេរីជាមួយប្រទេសចិន និងកូរ៉េ ហើយនោះ កម្ពុជា-សហភាពអារ៉ាប់រួម ក៏បានសន្យាជាមួយគ្នា ដើម្បីសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនេះដែរ។ លោក ប៉ាន សូរស័ក្តិ  បានថ្លែងប្រាប់លោក Thani bin Ahmed Al Zeyoudi ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៤មករា ឆ្នាំ២០២២  ថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន។ ជាពិសេសគឺមានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍ ដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ, វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងវិស័យដឹកជញ្ជូន រួមមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ដែលសហភាពអារ៉ាប់រួមអាចមកការវិនិយោគនៅកម្ពុជាបាន។
 
លោក ប៉ាន សូរស័ក្តិ  បានបន្តរៀបរាប់ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ។  បច្ចុប្បន្ន កម្ពុជាក៏កំពុងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗ ដែលរួមមាន ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា និងអង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
 
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ  បានបង្ហាញពីឆន្ទៈបង្កើតក្រុមការងារមួយ ដើម្បីសិក្សានិងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មថែមមួយកម្រិតទៀត។ បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ ខាងភាគីសហភាពអារ៉ាប់រួម បានឯកភាពជាមួយកម្ពុជា ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នាលើវិស័យសក្តានុពលនានា និង បង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
 
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេរវាងកម្ពុជានិងសហភាពអារ៉ាប់រួម ឆ្នាំ២០២១  មានទឹកប្រាក់១៥១ ៥៤៧ ០៥៧ដុល្លារ។ ចំនួននេះ គឺបានកើនរហូតដល់ជាង៥២ភាគរយ ធៀបនឹងឆ្នាំ២០២០។  របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមទំហំពាណិជ្ជកម្មសរុបនេះ មានជាង៩៩លានដុល្លារ ជាតម្លៃទំនិញដែលកម្ពុជាចូលពីសហភាពអារ៉ាប់រួម៕ 
 

Tag:
 ពាណិជ្ជកម្ម
  FTA
  លោក ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com