ជាតិ
សិល្បះ
អង្គការមរតកវប្បធម៌ខ្មែរ ចុះMoUជាមួយអាជ្ញាធរជាតិព្រះវិហារ លើការងារអប់រំបេតិកភណ្ឌ
29, Jan 2022 , 8:59 am        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិព្រះវិហារ
រូបភាព៖ អាជ្ញាធរជាតិព្រះវិហារ
សៀមរាប៖ អង្គការមរតកវប្បធម៌ខ្មែរ បានចុះអនុស្សរណៈយោគយល់ ជាមួយអាជ្ញាធរជាតិព្រះវិហារ ស្ដីពីការអប់រំ ផ្សព្វផ្សាយ ការថែរក្សាបេតិកភណ្ឌ នៅតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ។ ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា រវាងលោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងលោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ។

 
នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ លោក អ៊ុន មណីនីតា បានឱ្យដឹងថា អនុស្សរណៈនេះ ធ្វើឡើងក្នុងបំណងបណ្ដុះបណ្ដាលគ្រូបង្គោល និងផ្តល់សម្ភារៈសិក្សា សម្រាប់ការអប់រំបេតិកភណ្ឌនៅតំបន់កោះកេរ និងព្រះវិហារ។ លោកបន្តថា គម្រោងនេះ ធ្វើឡើងស្របតាមគោលដៅរបស់អង្គការ ដែលចង់ពង្រីកការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សទៅតាមតំបន់ដែលមានរមណីយដ្ឋានបេតិកភណ្ឌ ដោយបញ្រ្ជាបចំណេះដឹងផ្នែកបេតិកភណ្ឌ ដល់ប្រជាជនតំបន់នោះ បានដឹងកាន់តែច្រើនបន្ថែមទៀត។
 
លោក អ៊ុន មណីនីតា បន្ថែមថា ដោយសារជាតំបន់ថ្មី ប្រជាជន និងសិស្សានុសិស្ស នៅតំបន់ខេត្តព្រះវិហារ មានការយល់ដឹងទាក់ទងនឹងវិស័យបេតិកភណ្ឌក្នុងកម្រិតមួយនៅឡើយ ដូច្នេះគម្រោងបណ្ដុះបណ្ដាលគ្រូនេះ នឹងជំរុញឱ្យការងារអប់រំបេតិកភណ្ឌ ការយល់ដឹងពីការការពារសម្បត្តិបេតិកភណ្ឌ កាន់តែមានភាពល្អប្រសើរ អាចបណ្ដុះគំនិតពលរដ្ឋនៅតំបន់នោះ ដឹងពីតម្លៃនៃបេតិកភណ្ឌ និងតួនាទីអ្វីខ្លះរបស់ពួកគេ ក្នុងការថែរក្សាជាដើម។ 
 
អាជ្ញាធរជាតិព្រះវិហារ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការខ្លួនថា គោលបំណងនៃអនុស្សរណៈនេះ គឺមាន៤ចំណុច ទី១ ជំរុញវិស័យអប់រំដែលពាក់ព័ន្ធនឹងការជួញដូរវត្ថុបុរាណ និងការបំផ្លាញបុរាណដ្ឋាន ទី២ ការបោះពុម្ពសៀវភៅ ឯកសារ និងសម្ភារៈអប់រំផ្សេងៗ ដែលពាក់ព័ន្ធនឹងកិច្ចការអប់រំបេតិកភណ្ឌវប្បធម៌។ ទី៣ ការបង្កើនចំណេះដឹង និងការយល់ដឹងដល់សាធារណជន ពីសម្បត្តិបេតិកភណ្ឌ និងតម្លៃរបស់បេតិកភណ្ឌវប្បធម៌ និងទី៣ ការផ្សព្វផ្សាយវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ដើម្បីជំរុញឱ្យអ្នកដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ចូលរួមគាំទ្រ និងថែរក្សាសម្បត្តិវប្បធម៌។
 
កន្លងមក អង្គការមរតកវប្បធម៌ខ្មែរ ក៏បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលអប់រំបេតិកភណ្ឌនេះ ដល់សិស្សានុសិស្សនៅតំបន់អង្គរ និងតំបន់បន្ទាយឆ្មារផងដែរ។ នៅតំបន់បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ អង្គការនេះបានចាប់ផ្តើមកម្មវិធីអប់រំបេតិកភណ្ឌ នៅឆ្នាំ២០១៥ និងមានកូនសិស្សខ្លះ កំពុងរៀនផ្នែកបុរាណវិទ្យា នៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីអង្គការផ្ទាល់។ លោក អ៊ុន មណីនីតា ពន្យល់ថា មេរៀនសំខាន់ដែលបង្រៀនប្រជាជនមូលដ្ឋាន តាមតំបន់នីមួយៗ គឺពន្យល់ពីតំបន់ដែលពួកគេរស់នៅ និងពន្យល់ពីវប្បធម៌រូបី និងអរូបី ក៏ដូចជាទំនៀមទម្លាប់ ប្រពៃណីរបស់ពួកគេ ដោយសិក្សាពីពួកគេមកវិញ ហើយយករបស់ដែលពួកគេមាន ទៅបង្រៀនកូនចៅពួកគេ ដើម្បីថែរក្សាមរតកទាំងនោះទៅជំនាន់ក្រោយៗទៀត។ កម្មវិធីអប់រំបេតិកភណ្ឌនេះ មានពីរកម្មវិធី ទីមួយកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់យុវជន (សិស្សថ្នាក់វិទ្យាល័យ) និងទីពីរ កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារ (ថ្នាក់បឋមសិក្សា)៕

Tag:
 អង្គការមរតកវប្បធម៌ខ្មែរ
  អាជ្ញាធរជាតិព្រះវិហារ
  កម្មវិធីអប់រំបេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com