អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Biden ថា រុស្ស៊ី នឹងឈ្លានពានប្រទេសអ៊ុយក្រែន
29, Jan 2022 , 12:59 pm        
រូបភាព
ទាហានកាន់កាំភ្លើង Kalashnikov លើទឹកដីគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ីនៅក្បែរភូមិ Spartak ក្នុងស្រុក Yasynuvata នៃតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។
ទាហានកាន់កាំភ្លើង Kalashnikov លើទឹកដីគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ីនៅក្បែរភូមិ Spartak ក្នុងស្រុក Yasynuvata នៃតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។
ដោយ: VOA
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានព្រមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyថា «មានលទ្ធភាពពិតប្រាកដ» ថារុស្ស៊ី អាចឈ្លានពានប្រទេសអ៊ុយក្រែននៅខែក្រោយ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។


លោកស្រី Emily Horne អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ថ្លែងថា «លោកប្រធានាធិបតី Biden បានមាននិយាយថា មានលទ្ធភាពពិតប្រាកដមួយថា រុស្ស៊ីអាចឈ្លានពានប្រទេសអ៊ុយក្រែននៅខែកុម្ភៈ។ លោកប្រធានាធិបតី ធ្លាប់បាននិយាយអំពីបញ្ហានេះជាសាធារណៈហើយយើងបានព្រមានអំពីរឿងនេះរាប់ខែហើយ»។

រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មាន«សុទិដ្ឋិនិយមតិចតួច»ថា ការតានតឹង នឹងធូរវិញនៅក្នុងតំបន់អឺរ៉ុបខាងកើត បន្ទាប់ពីសហរដ្ឋអាមេរិក បានច្រានចោលការទាមទាររបស់រុស្ស៊ីថា អ៊ុយក្រែនត្រូវហាមឃាត់មិនឲ្យក្លាយជាសមាជិករបស់អង្គការអូតង់និងថា ប្រទេសលោកខាងលិច ត្រូវដកកងទ័ពដែលដាក់ពង្រាយនិងអាវុធរបស់ខ្លួនចេញពីប្រទេសនានាដែលមានព្រំដែនជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ចម្លើយរបស់សហរដ្ឋអាមេរិកដល់ការទាមទាររបស់រុស្ស៊ី«មិនមានការឆ្លើយតបវិជ្ជមានទេ» ក៏ប៉ុន្តែថាកត្តាខ្លះនៃការឆ្លើយតបនោះ អាចនាំឲ្យមាន«ការចាប់ផ្តើមនៃការចរចាជាបន្តបន្ទាប់អំពីបញ្ហាបន្ទាប់បន្សំ»។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានច្រានចោលការទាមទារសំខាន់ៗរបស់រដ្ឋាភិបាលក្រុងមូស្គូ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ក្រុមមន្ត្រី នឹងបញ្ជូនសំណើទៅកាន់ប្រធានាធិបតី Vladimir Putin។ លោក Dmitry Peskov អ្នកនាំពាក្យលោក Putin បាននិយាយថា ប្រតិកម្មរបស់រុស្ស៊ី នឹងកើតមាននៅពេលឆាប់ៗនេះ។ លោកបានបន្ថែមទៀតថា «ក្តីសង្ឃឹមសម្រាប់បន្តការពិភាក្សាគ្នាតែងតែមាន។ នេះជាផលប្រយោជន៍របស់យើងទាំង២និងរបស់ប្រជាពលរដ្ឋអាមេរិកាំង»។

លោក Biden បានពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ដើម្បីបញ្ជាក់ប្រាប់លោកឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងអំឡុងពេលនៃការតានតឹងដ៏ខ្លាំងនេះ។ ក្រោយមក មេដឹកនាំអ៊ុយក្រែន បានបញ្ជូនសារតាម Twitter ថា លោកនិងលោក Biden ក៏បានពិភាក្សាអំពីការជួយឧបត្ថម្ភហិរញ្ញវត្ថុបន្ថែមសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com