ជាតិ
CATA និងអង្គការ NGO2 បង្កើតគម្រោងកម្មវិធីទេសចរណ៍បរិស្ថាននៅសហគមន៍មេជ្រៃ
29, Jan 2022 , 3:39 pm        
រូបភាព
សហគមន៍មេជ្រៃ ក្នុងកម្មវិធីសម្អាតសំណល់ប្លាស្ទិកនាពេលកន្លងមក។ អង្គការ NGO2
សហគមន៍មេជ្រៃ ក្នុងកម្មវិធីសម្អាតសំណល់ប្លាស្ទិកនាពេលកន្លងមក។ អង្គការ NGO2
 
សៀមរាប៖ សមាគមទេសចរណ៍កម្ពុជា (CATA) និងអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2) សហការបង្កើតកម្មវិធីទេសចរណ៍បរិស្ថាន នៅសហគមន៍មេជ្រៃ ស្ថិតនៅភូមិពាមតាអ៊ួរ ស្រុកពួក ខេត្តសៀមរាប។

 
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល មានប្រសាសន៍ថា កម្មវិធីទេសចរណ៍បរិស្ថាន នេះ ជាគំនិតផ្តួចផ្តើមសហការរវាងអង្គការ NGO2 និងសមាគម CATA ក្នុងបំណងលើកកម្ពស់ជីវភាពសហគមន៍មេជ្រៃតាមរយៈការបង្កើតចំណូលដោយផ្ទាល់ពីទេសចរ។ លោក សុផល បន្តទៀថា សហគមន៍នឹងបង្កើតជាទូកអុំ ដឹកទេសចរណ៍ទស្សនាព្រៃលិចទឹក ជីវៈចម្រុះ ហើយទេសចរជួយសម្អាតសំរាមប្លាស្ទិកដែលទើរតាមដើមឈើនារដូវទឹកសម្រកនេះ ដែលជាផ្នែកមួយលើកកម្ពស់បរិស្ថានក្នុងសហគមន៍បានផងដែរ។ 
 
សម្រាប់កាកសំណល់ប្លាស្ទិកដែលបានពីការសម្អាតនោះ សហគមន៍អាចយកច្រកក្នុងដបដើម្បីដូរយកអង្ករ ក្នុងនោះដបប្លាស្ទិកចំនួន១០០ ដូរបានអង្ករ៥គីឡូក្រាម។ លោក សុផល បញ្ជាក់ថា កម្មវិធីនេះនឹងមាននិរន្តរភាពដល់សេដ្ឋកិច្ចសហគមន៍ ព្រោះពួកគេលែងពឹងផ្អែកតែលើកម្មវិធីរបស់អង្គការដែលចូលទៅជួយទៀតហើយ គឺពួកគាត់នឹងអនុវត្តន៍ជារៀងរាល់ថ្ងៃដោយខ្លួនឯង។
 
កម្មវិធីនេះ គ្រោងរៀបចំប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២២។  អ្នករៀបចំកម្មវិធីមានសុទិដ្ឋិនិយមថា សហគមន៍នឹងមានចំណូលពីកម្មវិធីនេះបានមួយផ្នែក នៅពេលដែលរបរនេសាទនៅក្នុងបឹងទន្លេសាប កាន់តែខ្សត់ខ្សោយពីមួយឆ្នាំទៅមួយឆ្នាំ។
 
សូមបញ្ជាក់ថា កន្លងមក អង្គការ NGO2 បានបង្កើតកម្មវិធីបរិស្ថានច្រើនលើកមកហើយនៅសហគមន៍ពាមតាអ៊ួរ ដូចជាកម្មវិធីជង្រុកប្លាស្ទិកដូរយកអង្ករ ដោយកៀងគរសហគមន៍ឱ្យយល់ដឹងពីផលប៉ះពាល់នៃការចោលសំរាមក្នុងទឹកទន្លេសាបជាដើម។ គាំទ្រនេះ ទទួលបានការកោតសរសើរ និងគាំទ្រពីក្រសួងបរិស្ថាន ក៏ដូចជាក្រសួងទេសចរណ៍ផងដែរ៕
 

Tag:
 ទេសចរណ៍បរិស្ថាន
  សហគមន៍មេជ្រៃ
  ភូមិពាមតាអ៊ួរ
© រក្សាសិទ្ធិដោយ thmeythmey.com