អន្តរជាតិ
ធនាគារកណ្តាលសហរដ្ឋអាម៉េរិកគ្រោងបង្កើនអត្រាការប្រាក់នៅខែមីនាខាងមុខ
30, Jan 2022 , 9:39 am        
រូបភាព
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន - ធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានផ្តល់សញ្ញាកាលពីថ្ងៃពុធកន្លងមកថា ខ្លួនមានគម្រោងចាប់ផ្តើមបង្កើនអត្រាការប្រាក់នៅខែមីនាខាងមុខ ដើម្បីទប់ទល់នឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលនឹងឈានទៅដល់ការកាត់បន្ថយអតិផរណា។

 
ធនាគារកណ្តាលសហរដ្ឋអាមេរិក បានរក្សាអត្រាការប្រាក់ឲ្យនៅក្បែរសូន្យចាប់តាំងពីពេលដែលជំងឺកូវីដ១៩ ចាប់ផ្ដើមរាតត្បាតនៅក្នុងសហរដ្ឋអាមេរិកកាលពីខែមីនា ឆ្នាំ ២០២០ មក។ ការធ្វើដូច្នេះ គឺដើម្បីជួយជំរុញឲ្យមានការរីកចម្រើនសេដ្ឋកិច្ចលឿនជាងការរំពឹងទុក និងកាត់បន្ថយអត្រាគ្មានការងារធ្វើ។
 
ទោះជាយ៉ាងណាក៏ដោយ កាលពីខែធ្នូកន្លងទៅ តម្លៃទំនិញបានកើនឡើង ៧% ក្នុងរយៈពេលមួយឆ្នាំ ដែលជាការកើនឡើងបែបនេះដ៏ខ្លាំងបំផុត នៅក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ។
 
បន្ទាប់ពីជំនួបរយៈពេល ២ ថ្ងៃនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនមក ក្រុមអ្នកតាក់តែងគោលនយោបាយសហរដ្ឋអាមេរិក មិនបាននិយាយអំពីថា តើអត្រាការប្រាក់ចំនួនប៉ុន្មានដែលនឹងត្រូវបង្កើននោះទេ ក៏ប៉ុន្តែ អ្នកវិភាគហិរញ្ញវត្ថុនានាបានសន្និដ្ឋានថា អត្រាការប្រាក់ ប្រហែលជាអាចនឹងបង្កើនចំនួន ០,២៥% ហើយនៅក្នុងឆ្នាំ ២០២២ នេះ អាចនឹងមានការបង្កើនដូចនេះប្រហែលជា ៣ ដងទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com