អន្តរជាតិ
អ្នកវិភាគ​៖ សមាជិក​ EU ជ្រើសរើស​វិធី​«រង់ចាំ​មើល​សិន» ពាក់ព័ន្ធការប្រឈមមុខ​ដាក់គ្នា​រវាង​ចិន​និង​លីទុយអានី
30, Jan 2022 , 7:30 pm        
រូបភាព
ដោយ: VOA
ទីក្រុងតៃប៉ិ និងរដ្ឋធានីវ៉ាស៊ីនតោន - កោះ​តៃវ៉ាន់​ បាន​សន្យា​ផ្ដល់​ថវិកា​ចំនួន​មួយ​ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​លីទុយអានី ក្នុង​កិច្ច​ប្រឹង​ប្រឹង​ចុង​ក្រោយ​ដើម្បី​ទប់​ទល់​នឹង​សម្ពាធ​របស់​ចិន​ទៅ​លើ​ប្រទេស​ដែល​ជា​ដែន​កោះ​តូច​មួយ​នៅ​តំបន់​សមុទ្រ Baltic និង​ជា​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដំបូង​ដែល​អនុញ្ញាត​ឲ្យរដ្ឋាភិបាល​ក្រុង​តៃប៉ិ​ ប្រើ​ប្រាស់​ឈ្មោះ​តៃវ៉ាន់​សម្រាប់​ស្ថានទូត​ជាក់ស្តែង។

 
ការ​ប្ដេជ្ញា​ផ្ដល់​ថវិកា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១១ ខែមករា​ ដើម្បីគាំទ្រ​ដល់​គម្រោង​រួម​គ្នា​ក្នុង​វិស័យ​ចំនួន​ ៦ ហើយ​ការ​ប្ដេជ្ញា​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ដែល​កោះ​តៃវ៉ាន់​ នឹង​វិនិយោគ​ទឹក​ប្រាក់​ចំនួន ២០០ លាន​ដុល្លារ​ ទៅ​លើ​វិស័យ​ឧស្សាហកម្ម​របស់​លីទុយអានី។
 
ការ​វិនិយោគ​ដែល​មាន​ទឹក​ប្រាក់​សរុប ១,២ ពាន់​លាន​ដុល្លារ​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ប្រឆាំង​នឹង​សម្ពាធ​របស់​ចិន​ដែល​បន្ត​កើន​ឡើង​ទៅ​លើ​រដ្ឋាភិបាល​លីទុយអានី ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ កន្លង​ទៅ ​ដែល​អាជ្ញាធរ​លីទុយអានី បាន​អនុញ្ញាត​ឲ្យ​កោះ​តៃវ៉ាន់​ បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​លីទុយអានី ដោយ​ដាក់​ឈ្មោះ​ថា «តៃវ៉ាន់» ជា​ជាង​ប្រើ​ឈ្មោះ​ «ចិន​តៃប៉ិ»។
 
កាយវិការ​នេះ ​បាន​ធ្វើ​ឲ្យ​ចិន​មិនសប្បាយ​ចិត្ត ព្រោះ​ចិន​មើល​ឃើញ​កោះ​តៃវ៉ាន់​ថា​ ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន។ កាល​ពី​ ២​ខែ​មុន​នេះ ប្រទេស​ចិន​បាន​ដក​ឯក​អគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ​ពី​រដ្ឋធានី​វីលនីញូស ព្រម​ទាំង​បាន​ដាក់​បញ្ជា​ឲ្យ​ឯក​អគ្គរដ្ឋទូត​លីទុយអានី​ប្រចាំ​នៅ​ប្រទេស​ចិន​ ចាក​ចេញ​ពី​ទីក្រុង​ប៉េកាំង។ ចិន​ព្រម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​លីទុយអានី ដោយ​ធ្វើ​ពហិការលើ​រាល់​ទំនិញ​នាំ​ចេញ​របស់​លីទុយអានី ក៏​ដូចជា​ទំនិញ​នានា​របស់​សហភាព​អឺរ៉ុប​ដែលផលិត​ឡើង​ពាក់ព័ន្ធ​នឹងលីទុយអានី​ ចូល​ប្រទេស​របស់​ខ្លួន។
 
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​ហៅ​ការ​វិនិយោគដែលមាន​ទឹក​ប្រាក់​ ១,២ ពាន់​លាន​ដុល្លារ​នេះ​ថា​ ជា«ការ​ប៉ុន​ប៉ង​របស់​កោះ​តៃ​វ៉ាន់» ក្នុង​ការ​ពង្រីក​លំហ​សម្រាប់​សកម្មភាព​ទាមទារ​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់ តាមរយៈ​ការ​ប្រើ​ប្រាស់​ឥទ្ធិពល​ផ្នែកសេដ្ឋកិច្ច ឬការទូត​ដុល្លារ។
 
ប្រទេស​ចិន​ នៅ​តែ​មើល​ឃើញ​កោះ​តៃវ៉ាន់ថា ជា​ដែនដី​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លូន​ បើ​ទោះ​បីជា​ពលរដ្ឋ​តៃវ៉ាន់​ជា​ច្រើន​ចាត់​ទុក​ថា ​ខ្លួន​ជា​ប្រជាជាតិ​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ក៏​ដោយ។
 
លោក Bor Yunchang សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​វប្បធម៌​ចិន​នៅ​ទីក្រុង​តៃប៉ិ មាន​សុទិដ្ឋិនិយម​អំពី​ការ​វិនិយោគ​របស់​កោះ​តៃ​វ៉ាន់ ដោយ​លោក​ថ្លែង​ប្រាប់​វីអូអេ​សេវា​ភាសាចិន​ថា៖ «ការ​វិនិយោគ​ណា​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​ផល​ចំណេញ​ផ្នែក​នយោបាយ ​គឺ​មាន​ភាព​គ្រោះ​ថ្នាក់។ វា​មិន​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ដូច​ការ​វិនិយោគ​រវាង​វិស័យ​ឯកជននោះទេ»។
 
ការ​សងសឹក​របស់​ចិន
សម្រាប់​ប្រទេស​ភាគ​ច្រើន​នៅ​អឺរ៉ុប​និង​នៅ​សហរដ្ឋ​អាមេរិក កោះ​តៃវ៉ាន់ ​បាន​ប្រើ​ឈ្មោះតៃប៉ិ ដែល​ជា​ឈ្មោះ​នៃ​រដ្ឋធានី​របស់​ខ្លូន​សម្រាប់​ការ​បើក​ការិយាល័យ​ដែលជា​ស្ថានទូត​នៅ​ប្រទេស​គោលដៅ​ស្ទើរ​តែ​ទាំង​អស់។ ការ​ដាក់​ឈ្មោះ «តៃវ៉ាន់» នៅ​ប្រទេស​លីទុយអានី កើត​មាន​បន្ទាប់​ពី​រដ្ឋាភិបាល​ជា​ច្រើន ​កំពុង​ស្វែង​រក​ការ​ពង្រីក​ចំណង​ទាក់​ទង​ជាមួយ​កោះ​តៃវ៉ាន់ ដែល​ជា​ប្រទេស​មាន​ឧស្សាហកម្ម​ផ្នែក​បច្ចេកវិទ្យា​ជឿន​លឿន បើ​ទោះបីជាគោល​នយោបាយ​ការបរទេស​ និង​យោធា​របស់​ចិន​ដែល​កាន់​តែ​មាន​អំណាច​នៅ​ក្នុង​តំបន់ បាន​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ក៏​ដោយ។
 
វត្តមាន​របស់​កោះ​តៃវ៉ាន់​នៅ​រដ្ឋធានី​វីលនីញូស​ គឺ​ជា​ការិយាល័យ​តំណាង​ថ្មី​លើក​ទី​មួយ នៅ​ទ្វីប​អឺរ៉ុប ចាប់​តាំង​ពី​ការិយាល័យ​តំណាង​ក្រុង​តៃប៉ិ ត្រូវ​បាន​បើកនៅ​រដ្ឋធានី​ប្រាទីស្លាវ៉ា សាធារណរដ្ឋ​ស្លូវ៉ាគី កាល​ពី​ឆ្នាំ ២០០៣ មក។ នៅ​ពេល​ដែល​ការិយាល័យ​នេះ​ត្រូវ​បាន​បើក ក្រសួង​ការបរទេស​ចិន ​បាន​ចោទ​ប្រកាន់​ប្រទេស​លីទុយអានី​ថា បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​ចិន ព្រម​ទាំង​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​លីទុយអានីឲ្យ «កែ​តម្រូវ​កំហុស​នេះ​ឲ្យ​បាន​ឆាប់​រហ័ស»។
 
លោក Timothy Heath ​អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​វិស័យ​ការពារ​នៃ​អង្គការ​ Rand Corporation បាន​ថ្លែង​ប្រាប់​វីអូអេ​សេវា​ភាសា​រុស្ស៊ី ដោយ​សំដៅ​ទៅ​លើ​ការិយាល័យ​កោះ​តៃវ៉ាន់​នៅ​ទីក្រុង វីលនីញូស ដូច្នេះ​ថា៖ «ការ​វិវត្ត​បែប​នេះ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ វា​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ​ បាន​បង្ហាញ​ការ​ទទួល​ស្គាល់​កោះតៃវ៉ាន់​ជា​ផ្លូវ​ការ​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ចុង​ក្រោយ។ វា​ជា​ការ​វិវត្ត​ដ៏​ធំ​មួយ ហើយ​យើង​ក៏​អាច​យល់​បាន​ដែរ​ថា ចិន​ច្បាស់​ជា​ខឹង​សម្បារ​ទៅ​លើ​ការផ្លាស់ប្តូរ​នេះ»។
 
ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ និង​លីទុយ​អានី មាន​ភាព​រង្គោះ​រង្គើ​រួច​ទៅ​ហើយ មុន​ពេល​ការិយាល័យ​ថ្មី​ចុង​ក្រោយ​របស់​កោះ​តៃវ៉ាន់ ត្រូវ​បាន​បើក​នៅ​លីទុយអានី។ កាល​ពី​ខែ​សីហា ឆ្នាំ​មុន រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ឈប់​អនុញ្ញាត​ប្រទេស​លីទុយអានី​នាំ​ទំនិញ​ចូល​ប្រទេស​ចិន ហើយ​បាន​បញ្ឈប់​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​ដោយ​ផ្ទាល់​ទៅ​កាន់​ទីក្រុង​វីលនីញូស។ បន្ទាប់​មក នៅ​ក្នុង​ខែ​វិច្ឆិកា ចិន​បាន​ចាប់​ផ្ដើម​ដាក់​សម្ពាធ​ដល់​ក្រុម​ហ៊ុន​នានា​នៅ​ទ្វីប​អឺរ៉ុប​ឲ្យ​ឈប់​ប្រើ​ប្រាស់​ឧបករណ៍​នានា​ដែលជា​របស់​ប្រទេស​លីទុយអានី។
 
លោក Mantas Adomenas អនុរដ្ឋ​មន្ត្រី​ការបរទេស​លីទុយអានី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters កាល​ពី​ខែ​ធ្នូ កន្លង​មក​ថា ចិន​បាន​បញ្ជូន​សារ​ទៅ​កាន់​ក្រុមហ៊ុន​ដែល​មាន​ភាគហ៊ុន​ពី​ប្រទេស​ផ្សេងៗ​ថា ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​សមាសភាគ ឬ​ការ​ផ្គត់​ផ្គង់​ណា​មួយ​ពី​ប្រទេស​លីទុយអានី ពួក​គេ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ទំនិញ​ ឬ បញ្ជូន​ទំនិញ​ទាំង​នោះ​ទៅ​ទីផ្សារ​របស់​ចិន​ឡើយ។
 
លោក Aušrinė Armonaitė រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​នវានុវត្តន៍​លីទុយអានី បាន​ថ្លែង​ក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​វីដេអូ​ រួម​ជាមួយ​លោក Kung Ming-Hsin រដ្ឋ​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ថា រដ្ឋាភិបាល​លីទុយអានី​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ក្រុមហ៊ុន​នានា​ក្នុង​លុប​ចោល​កុងត្រា​ជាមួយ​អ្នក​ផ្គង់​ផ្គង់​ពី​ប្រទេស​លីទុយអានី ដោយ​សារ​តែ​សម្ពាធ​ពី​ប្រទេស​ចិន។
 
លោក Heath បាន​មាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ចិន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ពេល​ដែល​ប្រទេស​លីទុយអានី​កំពុង​តែ​បង្កើត​នូវ​ការ​វិវត្ត​ជា​លើក​ដំបូង ហើយ​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប អាច​នឹង​ធ្វើ​តាមប្រទេស​នេះ។ ខ្ញុំ​គិត​ថា នេះ​ ជា​ហេតុ​ផល​មួយ​ដែល​ចិន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​បែប​នេះ»។
 
អនាគត​មិន​ច្បាស់លាស់
លោក Chang Fu-chang សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Tamkang នៅ​កោះ​តៃវ៉ាន់ និយាយថា ការណ៍​ដែល​ចិន​កំណត់​យក​ក្រុមហ៊ុន​នានា​ដែល​មាន​ភាគ​ហ៊ុន​ពី​ច្រើន​ប្រទេស​នៅ​ក្នុង​រដ្ឋសមាជិក​នៃ​សហភាព​អឺរ៉ុប​ក្រៅ​ពី​ប្រទេស​លីទុយអានី វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ ពីព្រោះ​ថា ក្រុម​ហ៊ុន​សហគ្រាស​ទាំង​នោះ​ ​ផ្ដល់​តម្លៃ​ទៅ​លើ​ទីផ្សារ​ចិន​ដែល​ធ្វើឲ្យ​ពួក​គេ​មាន​ប្រាក់​ចំណេញ​ច្រើន។
 
លោក​បន្ត​ថា ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​លីទុយអានី ​រួម​មាន​ប្រទេស​ចំនួន​ពីរ​នៅ​ក្នុង​តំបន់​សមុទ្រ​ Baltic នោះ​គឺ ​ប្រទេស​អេស្តូនី និង​ឡេតូនី ក៏ដូចជា​ប្រទេស​រុស្ស៊ី និង​សហភាព​អឺរ៉ុប។
 
លោក​ Chang ថ្លែង​ថា៖ «ខណៈ​ដែល​កោះ​តៃវ៉ាន់​ កំពុង​បង្កើន​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​លីទុយអានី រចនាសម្ព័ន្ធ​សម្រាប់​ការ​នាំចេញ​របស់​ប្រទេស​នេះ​ ហាក់​ដូចជា​មិន​អាច​ប្រែប្រួល​អ្វី​ទេ​ក្នុង​រយៈ​ពេលខ្លី​ខាង​មុខ»។
 
ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​មតិ​លើក​ឡើង​ផ្សេងៗ​គ្នា​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​លីទុយអានី ពាក់​ព័ន្ធ​នឹង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​ជាមួយ​ចិន។ កាលពី​ដើម​ខែ​មករា​នេះ លោក Gitanas Nauseda ប្រធានាធិបតី​លីទុយអានី បាន​ថ្លែង​ថា វា​ជា​កំហុស​មួយ​ដែល​លីទុយអានី​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ឈ្មោះ «តៃវ៉ាន់»​ សម្រាប់​ស្ថាន​តំណាងនៅ​ក្នុង​ប្រទេស​នេះ។
 
លោក Chang បាន​ថ្លែង​ថា សម្ពាធ​ពី​ខាង​ក្រៅ​ និង​ជម្លោះ​ផ្ទៃ​ក្នុង​ កំពុង​រារាំង​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​លីទុយអានី​មិន​ឲ្យ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន ​ទៅ​លើ​គោលនយោបាយ​សម្រាប់​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់។ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​មានទស្សនៈ​យល់​ឃើញ​ផ្សេងៗ​គ្នា​រវាង​ប្រធានាធិបតី និង​នាយករដ្ឋ​មន្ត្រី​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​ដែល​គាំទ្រ​ចិន និង​ក្រុម​ដែល​ប្រឆាំង​នឹង​ចិន។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «ដូច្នេះ សំណួរ​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា​ តើ​រដ្ឋាភិបាល​លីទុយអានី ​អាច​ឈរ​នៅ​ខាង​តៃវ៉ាន់​បាន​យូរ​ប៉ុណ្ណា។ ទឹក​ប្រាក់​ចំនួន ១,២ ពាន់​លាន​ដុល្លារ​នោះ ​វា​មិន​ច្រើន​ប៉ុន្មាន​ទេ ដូច្នេះ បើ​យើង​សំឡឹង​មើល​ទៅ​មុខ​ក្នុង​រយៈ​ពេល​វែង​នោះ យើង​ពិបាក​និយាយ​ ថា​តើ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នេះ​នឹង​រីក​ចម្រើន​ដល់​កម្រិត​ណា»។
 
លោក Heath នៃ​អង្គការ Rand Corporation បាន​ថ្លែង​ថា ប្រទេស​ជា​ច្រើន​កំពុង​ប្រកាន់​ជំហរ​មួយ ​នោះគឺ«ជំហរ​រង់​ចាំ​មើលសិន»ថា​ តើ​ពួក​គេ​គួរ​តែ​ដើរ​តាម​អ្វី​ដែល​លីទុយអានី បាន​ធ្វើ​ ឬ​យ៉ាង​ណា។
 
លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ សហភាព​អឺរ៉ុប​នឹង​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន។ ប្រទេស​ធំៗ ដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​តក់​ក្រហល់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​រង្គោះ​រង្គើ​លើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ»។
 
លោក​បន្ត​ថា៖ «តែ​ទោះ​ជាយ៉ាងណា​ក្ដី ខ្ញុំ​គិត​ថា ប្រទេស​នានា​នៅ​សហភាព​អឺរ៉ុប និង​នៅ​ជុំវិញ​ពិភពលោក​កំពុង​សំឡឹង​មើល​បញ្ហា​នេះ​យ៉ាង​ដិត​ដល់។ ពួក​គេសំឡឹង​មើល​ថា​ តើ​នឹង​មាន​អ្វី​កើត​ឡើង​សម្រាប់​ប្រទេស​លីទុយអានី។ តើ​ប្រទេស​នេះ ​នឹង​ដក​ខ្លួន​ត្រឡប់​ក្រោយ​សម្រាប់​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ​ឬ​ទេ? ឬ​មួយ​ក៏​ប្រទេស​នេះ ​នៅ​រក្សា​ទំនាក់​ទំនង​នេះ​ដដែល? មិន​ថា​ការ​សម្រេច​ចិត្ត​របស់​លីទុយអានី​យ៉ាង​ណា​នោះ​ទេ ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ នឹង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ ហើយ​ពួក​គេ​នឹង​គិត​គូរ​ថា ​តើទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​តៃវ៉ាន់​មាន​អត្ថន័យ​យ៉ាង​ណា​សម្រាប់​ពួក​គេ»៕
 
អ្នកយកព័ត៌មាន​របស់ VOA នៃ​ក្រុម​ផ្សាយ​ជា​ភាសា​រុស្ស៊ី​លោក Vadim Allen រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ ដែល​ផ្តួចផ្តើម​ដោយ​ក្រុមផ្សាយ​របស់ VOA ជា​ភាសា​ចិន​កុកងឺ។
ប្រែសម្រួលដោយលោក នៀម ឆេង
 

© រក្សាសិទ្ធិដោយ thmeythmey.com