ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ឹម សុខរិទ្ធី៖ សម័យអង្គរ ក្រៅពីជាអារាមសាសនា ប្រាសាទក៏ជាកន្លែងបណ្ដុះបណ្ដាលដែរ
15, Apr 2022 , 7:29 pm        
រូបភាព
សៀមរាប៖ គេបានដឹងហើយពីភាពចម្រុងចម្រើនរុងរឿងនៅសម័យអង្គរ។ ទន្ទឹមនឹងភាពអស្ចារ្យនេះ វិស័យអប់រំក៏ត្រូវបានគេជឿថារីកចម្រើនខ្លាំងដែរ ទើបបានជាកសាងរាជធានីមួយដ៏ថ្កុំថ្កើងបែបនេះ។ កន្លងមកអ្នកស្រាវជ្រាវបានរកឃើញថា សម័យអង្គរមានប្រព័ន្ធអប់រំមួយ ដែលមានការរៀបចំច្បាស់លាស់ និងយកចិត្តទុកដាក់ជាខ្លាំង ពីព្រះរាជានាសម័យនោះ។ អ្នកជំនាញសន្និដ្ឋានថា ក្រៅជាអារាមសាសនា ប្រាសាទក៏ជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ឹម សុខរិទ្ធី ដូចតទៅ  
 

 

 
«តើថ្នាក់ដឹកនាំសម័យបុរាណ ទទួលបានការបណ្ដុះបណ្ដាលរបៀបដូចម្ដេច»? នេះជាបាឋកថារបស់លោក អ៊ឹម សុខរិទ្ធី ក្នុងសិក្ខាសាលាស្ដីពី វីរៈភាពអ្នកដឹកនាំខ្មែរសម័យបុរាណ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងបាឋកថានេះ បុរាណវិទូរូបនេះ បានលើកឡើងពីការអប់រំសម័យអង្គរ និងបណ្ដាភស្ដុតាងដែលបង្ហាញថា សម័យនោះមានការគិតគូរខ្លាំង ទាក់ទងនឹងវិស័យអប់រំ។
 
បុរាណវិទូ អ៊ឹម សុខរិទ្ធី ពន្យល់ថា ភស្ដុតាងតាមសិលាចារឹកប្រមាណ២៩ផ្ទាំង ដែលរកឃើញនាពេលកន្លងមក គឺមាននិយាយច្រើនទាក់ទងនឹងការអប់រំ ការបណ្ដុះបណ្ដាល ការឧបត្ថម្ភគ្រូ សិស្ស និងការយកចិត្តទុកដាក់ ពីព្រះមហាក្សត្រនាសម័យនោះ លើវិស័យអប់រំ។ បន្ថែមពីនេះ តាមប្រាសាទធំៗនៅរាជធានីអង្គរ ក្រៅពីបម្រើវិស័យសាសនា ក៏ត្រូវគេរៀបចំជាសាលារៀនផងដែរ ហើយការរៀបចំនោះ ត្រូវបានគេអះអាងថា គឺសាកលវិទ្យាល័យ ដ្បិតមានរចនាសម្ព័ន្ធច្រើន និងសិស្សានុសិស្សរៀនសូត្រច្រើន។ 
 

លោក អ៊ឹម សុខរិទ្ធី កំពុងធ្វើបទបង្ហាញ។ រូបភាព៖ លោក លឹម ប៊ុនហុង
 
លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា៖« ជាសង្ខេបមក ប្រាសាទធំៗខ្លះនៃតំបន់អង្គរ ក្រៅពីតួនាទីក្នុងសាសនា គឺទាក់ទងការបណ្ដុះបណ្ដាល ហើយបើយោងតាមការវាយតម្លៃពីអ្នកស្រាវជ្រាវធំៗ នៅលើលោកនេះ ខាងស្ថាប័នអារ្យធម៌ឥណ្ឌាផ្សេងៗទៀត កាលណាទីតាំងមួយ ដែលមានការបណ្ដុះបណ្ដាលច្រើន ហើយវិជ្ជាខ្ពង់ខ្ពស់ដូច្នេះ គេចាត់ទុកជាសាកលវិទ្យាល័យ។ ដូច្នេះនៅរាជធានីអង្គរមានច្រើន ដូចជានៅប្រាសាទតាព្រហ្ម បន្ទាយក្ដី ព្រះខ័ន បរិវេណវិមានអាកាស មានតួនាទីក្រៅពីសាសនា គឺបណ្ដុះបណ្ដាលធនធានមនុស្ស។ ការយកទីកន្លែងសាសនា ជាកន្លែងបណ្ដុះបណ្ដាលនេះ មិនមែនទើបមានទេ គឺមានយូរលង់មកហើយ និងតរហូតដល់សម័យនេះ គឺសាលារៀនខ្លះសង់នៅបរិវេណវត្ត»។
 
អាគារសាកលវិទ្យាល័យនាសម័យនោះ សង់ពីឈើនៅក្នុងបរិវេណប្រាសាទ ហើយការជ្រើសរើសចូលរៀនទៀតសោត គឺរាជការជាអ្នករៀបចំ ដោយមើលលើអាយុ កាយសម្បទាជាដើម។ រីឯសិស្សគឺទទួលបានអាហារូបករណ៍ ពីរាជការទាំងស្រុង។ លោក អ៊ឹម សុខរិទ្ធី បានលើកឧទាហរណ៍ នៅសាកលវិទ្យាល័យប្រាសាទតាព្រហ្ម គឺមានសិស្សជាង ៩០០នាក់ គ្រូជាង ៤០០នាក់ សរុបជាង១ពាន់ ដោយមិនទាន់គិតអ្នកធ្វើការផ្នែករដ្ឋបាល និងការងារបម្រើប្រាសាទផង។ ចំណែកគ្រូម្នាក់ មានជំនួយការជាង១០នាក់ ដែលនេះបង្ហាញឱ្យច្បាស់ ពីការគិតគូរខ្លាំងលើវិស័យអប់រំ នៅសម័យបុរាណ។ នេះបើតាមការបញ្ជាក់ពី លោក អ៊ឹម សុខរិទ្ធី ដែលយោងតាមភស្ដុតាងក្នុងសិលាចារឹក។
 
លើសពីនេះទៅទៀត ក្នុងរាជ្យព្រះបាទយសោវរ្ម័ន ព្រះអង្គបានកសាងសាលារៀន ដោយហៅថា យសោស្រម ចំនួន១០០ នៅតាមតំបន់ផ្សេងៗនៃចក្រភពខ្មែរ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់លើការអប់រំនេះ។ ហើយស្ដេចក្នុងសម័យនោះទៀតសោត ក៏មានកាតព្វកិច្ចសម្រាប់បង្រៀនតាមមុខវិជ្ជាណាមួយ ដែលខ្លួនចេះផងដែរ តួយ៉ាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានតែងតាំងព្រះនាង ឥន្ទ្រទេវី ជាគ្រូបង្រៀនផ្នែកទស្សនវិទ្យាពុទ្ធសាសនា នៅប្រាសាទតាព្រហ្ម។ លោក អ៊ឹម សុខរិទ្ធី បន្ត។
 
រាជធានីអង្គរ មានវិសាលភាពធំធេង និងរីកចម្រើនធំបំផុតនៅសតវត្សទី១២ ដែលមានផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា ដោយចែកជាមណ្ឌលផ្សេងៗគ្នា មានរាជធានីអង្គរ ជាមណ្ឌលកណ្ដាល និងតំបន់ជាយក្រុង ដែលរីកសាយភាពតាមខេត្តផ្សេងៗ។ រាជធានីនេះ មានប្រជាជនរស់នៅប្រមាណ១លាននាក់ ហើយរាជធានីដើរតួយ៉ាងសំខាន់ ជាតំបន់ពាណិជ្ជកម្ម ការធ្វើជំនួញដោះដូរ ជាមួយខេត្តផ្សេងៗក្នុងចក្រភព និងនគរដទៃ និងទំនាក់ទំនងការទូត ជាមួយនគរជិតខាងជាដើម។ នេះជាការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវ លោកសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី៕
 

រូបភាព៖ លោក លឹម ប៊ុនហុង

© រក្សាសិទ្ធិដោយ thmeythmey.com