ជាតិ
CATA ជំរុញសហគមន៍ទេសចរណ៍ពង្រឹងសេវាកម្មអនាម័យទាក់ទាញទេសចរក្នុងស្រុក
01, Feb 2022 , 6:59 pm        
រូបភាព
សៀមរាប៖ មិនមែនមានតែទេសចរបរទេសទេ ដែលចូលចិត្តកន្លែងទេសចរណ៍ដែលមានអនាម័យល្អ ស្អាត ក្នុងនោះទេសចរក្នុងស្រុកនាពេលបច្ចុប្បន្ននេះ ក៏យល់ដឹងច្រើនដែរចំពោះបញ្ហានេះ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ប្រាប់ថា ទេសចរក្នុងស្រុកសព្វថ្ងៃនេះ ហ៊ានចាយលុយច្រើនអំឡុងពេលដើរកម្សាន្ត មិនចាញ់ទេសចរបរទេសទេ ហើយពួកគេទាំងនោះ គឺមានការយល់ដឹងច្បាស់ពីបញ្ហាអនាម័យ។

 
នាឱកាសដាក់ឱ្យដំណើរការកម្មវិធីបរិស្ថានទេសចរណ៍ តាមរយៈសេវាអុំទូកនៅសហគមន៍មេជ្រៃ នៃភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ប្រធានសមាគម CATA លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា សហគមន៍មេជ្រៃគឺពោរពេញទៅដោយសក្កានុពលទេសចរណ៍ តែប្រជាពលរដ្ឋនៅតំបន់នេះមិនទាន់ទាញអត្ថប្រយោជន៍នៅឡើយ។ តាមរយៈសេវាអុំទូកខ្នាតតូចនេះ លោកស្រីប្រធានសមាគមរំពឹងថា នឹងអាចអភិវឌ្ឍន៍សហគមន៍នេះឱ្យមាននិរន្តរភាពលើចំណូលប្រចាំថ្ងៃដែលបានពីវិស័យទេសចរណ៍។ 


 
សម្រាប់លោកស្រី ឆាយ ស៊ីវលីន អ្វីដែលប្រជាពលរដ្ឋត្រូវចូលរួមដើម្បីទាក់ទាញទេសចរ គឺការចូលរួមសម្អាតបរិស្ថាន ដោយមិនត្រូវមានសំរាមប្លាស្ទិកអណ្ដែតលើទឹក ឬទើរលើមែកឈើ ដែលធ្វើឱ្យរំខានភ្នែកដល់ទេសចរ ព្រោះថា សំរាមជាសត្រូវជាមួយទេសចរ។ លោកស្រីបន្តថា៖« ថង់ប្លាស្ទិក មានហានិភ័យណាស់សម្រាប់សុខភាព កន្លែងដែលទាក់ទាញទេសចរ គឺជាកន្លែងដែលស្អាត ទីនេះយើងមានព្រៃ មានសត្វ មានត្រី សុទ្ធជាចំណុចដែលទាក់ទាញទេសចរ អ៊ីចឹងបានយើងត្រូវថែទាំ យើងអត់មានអ្វីដែលត្រូវទទួលភ្ញៀវ គឺខាតបង់»។
 
ប្រធានសមាគមទេសចរណ៍ CATA បន្តទៀថា៖« ដើម្បីអបអរទេសចរណ៍បរិស្ថានដែលបានចូលរួមកន្លងមក ពិសេសអ្នកពាក់ព័ន្ធទាំងអស់ និងយកឱកាសនេះបញ្ជៀបការយល់ដឹងដល់បងប្អូនក្នុងភូមិផ្ទាល់ឱ្យបានយល់ដឹង ពីការសម្អាតអនាម័យ ការផ្តល់សេវាកម្មទេសចរ ទេសចរមកគេចង់ចាយ ចង់ជួយសហគមន៍ តែបើយើងគ្មានអ្វីឱ្យគេជួយ ក៏គេមិនដឹងថាជួយអ្វីដែល ចឹងយើងរៀបចំពេលនេះ គឺទូកអុំ លក់ភេស្ជជៈ អាហារ តែត្រូវរៀបចំតាមស្ដង់ដាអានាម័យ»។ 


 
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល ក្នុងពិធីនៅព្រឹកថ្ងៃទី៣០ មករា នៅភូមិបណ្ដែតទឹកពាមតាអ៊ួរ បានឱ្យដឹងថា ស្របពេលដែលរដ្ឋាភិបាលរៀបចំបើកប្រទេសឡើងវិញ លោកមានគំនិតផ្តួចផ្តើមកម្មវិធីទេសចរណ៍បរិស្ថាន ដោយមានកិច្ចសហការជាមួយសមាគម CATA ក្នុងន័យបញ្ជៀសសកម្មភាពបរិស្ថានរបស់សហគមន៍ ទៅជាសកម្មភាពទេសចរណ៍ក្នុងការលើកកម្ពស់នូវជីវភាព។ លោកថា  កម្មវិធីនេះ នឹងលែងឱ្យសហគមន៍រំពឹងលើការគាំទ្រអង្ករពីគម្រោងដែលមានស្រាប់ដែលតែងធ្វើរាល់ឆ្នាំ គឺសហគមន៍ទទួលបានចំណូលផ្ទាល់ពីវិស័យឯកជន និងទេសចរទូទៅ ដែលមកលេងទន្លេសាប និងបានសិក្សាពីជីវភាពពលរដ្ឋ តាមរយៈប្រើប្រាស់ទូកអុំសហគមន៍។ 
 
លោកបន្តថា កម្មវិធីទេសចរណ៍បរិស្ថានតាមរយៈការអុំទូកដឹកទេសចរដើរកម្សាន្តនេះ  គឺចំណេញច្រើន ដោយសហគមន៍ទទួលបានសេវាជិះទូកពីទេសចរ ហើយទេសចរជួយដូសសំរាមប្លាស្ទិកលើទឹក ដែលចំណេញទាំងផ្នែកបរិស្ថានផង។ មួយវិញទៀត  សំរាមប្លាស្ទិកដែលប្រមូលបាន ក៏អាចដូរយកអង្ករពីអង្គការថែមទៀត ហើយវានឹងក្លាយជាសកម្មភាពថ្មីអាចទាក់ទាញទេសចរផង។


 
ពលរដ្ឋដែលជាអ្នកអុំទូក អ្នកស្រី គាត ធាន វ័យ៥៨ឆ្នាំ ប្រាប់ថា ពិតជារីករាយណាស់ដែលមានកម្មវិធីទេសចរណ៍បរិស្ថាននេះក្នុងសហគមន៍ខ្លួន។ អ្វីដែលអ្នកស្រីសប្បាយរីករាយខ្លាំង ក្រៅពីចំណូលបន្ថែមពីវិស័យទេសចរណ៍ គឺការឃើញសហគមន៍ខ្លួនមានភាពស្អាត ដែលជាទីគាប់ភ្នែករបស់ទេសចរ ធ្វើឱ្យសហគមន៍មេជ្រៃនៃបឹងទន្លេសាបមួយនេះ ក្លាយជាគោលដៅទេសចរណ៍ថ្មីសម្រាប់ទេសចរដែលចូលចិត្តទស្សនាភូមិបណ្ដែតទឹក និងជីវៈចម្រុះសម្បូរបែប៕
 
 


 
 

Tag:
 សហគមន៍អុំទូកមេជ្រៃ
  បរិស្ថាន
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com