ជាតិ
ជប៉ុន ចង់សិក្សារកដំណោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត
01, Feb 2022 , 8:59 pm        
រូបភាព
លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា កំពុងឈរថតរូបជាមួយ សម្តេច  ហ៊ុន សែន  នាថ្ងៃទិ១កុម្ភៈ នៅវិមានសន្តិភាព
លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា កំពុងឈរថតរូបជាមួយ សម្តេច ហ៊ុន សែន នាថ្ងៃទិ១កុម្ភៈ នៅវិមានសន្តិភាព
ភ្នំពេញ៖ ជប៉ុន ចង់សិក្សារកដំណោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ដែលបានគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋនៅរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានពិភាក្សាលើកិច្ចការងារនេះ ជាមួយសម្ដេច ហ៊ុន សែន នៅថ្ងៃទី១កុម្ភៈ ឆ្នាំ២០២២ នាវិមានសន្តិភាព។

 
លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំសម្តេច  ហ៊ុន សែនឱ្យផ្តល់លទ្ធភាពដល់ខ្លួន សិក្សារកដំណោះស្រាយនានា ពីបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ខណៈលោកសិក្សាពីបញ្ហានេះបានខ្លះហើយ។ 
 
ពាក់ព័ន្ធនឹងសំណើរនេះ សម្តេច ហ៊ុន សែន បានចាត់តាំងលោក សុខ ចិន្តាសោភា ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឱ្យជាអ្នកសម្របសម្រួលជាមួយលោកលឹម គានហោ  រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការអនុញ្ញាតឱ្យក្រុមការងារជំនាញរបស់លោកTakahashi Fumaiki ដើម្បីធ្វើបទបង្ហាញពីដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោតនេះ។ 
 
សូមរម្លឹកថា កាលឆ្នាំ២០២០ និង២០២១ ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ជាពិសេសអ្នករស់នៅតាមខណ្ឌដង្កោ និងខណ្ឌកំបូល រួមទាំងនៅតាមស្រុកនិងក្រុងមួយចំនួន នៃខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ បានរងគ្រោះយ៉ាងខ្លាំងពីទឹកជំនន់ស្ទឹងព្រែកត្នោតនេះ ដោយមានពលរដ្ឋជាច្រើនពាន់គ្រួសារ ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព៕ 
 

Tag:
 ទឹកជំនន់
  ស្ទឹងព្រែកត្នោត
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com