អន្តរជាតិ
អ្នកជំនាញ ជំរុញ​អាម៉េរិក​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​នៅ​តំបន់​អាស៊ី​កណ្ដាលរបស់​ខ្លួន
04, Feb 2022 , 10:29 pm        
រូបភាព
តំណាងនៃវេទិកា C5+1 ថតរូបជុំគ្នា បន្ទាប់ពីកិច្ចប្រជុំនៅក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១
តំណាងនៃវេទិកា C5+1 ថតរូបជុំគ្នា បន្ទាប់ពីកិច្ចប្រជុំនៅក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន - អ្នក​ជំនាញ​អាមេរិក​យល់​ស្របគ្នា​លើ​តម្រូវការ​របស់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​គិតគូរ​ឡើង​វិញ​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល​ ទាក់ទិន​នឹង​ការដក​កងទ័ព​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ុន្តែ​ពួកគេ​មាន​ការខ្វែងគំនិត​គ្នា​អំពីយុទ្ធសាស្ត្រ​ថ្មី​អ្វី​ដែលគួរយក​មក​អនុវត្ត។

 
រហូត​មក​ដល់​ឆ្នាំ ២០០១ មាន​ប្រជាពលរដ្ឋ​អាមេរិកាំង​តិច​តួច​ប៉ុណ្ណោះ​ដឹង​ពី​តំបន់​ដាច់​ស្រយាល​នេះ។ ប៉ុន្តែ តំបន់​នេះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការធ្វើ​ប្រតិបត្តិការ​យោធារបស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​មាន​ប្រទេស​អ៊ូសបេគីស្ថាន​ និង​កៀហ្ស៊ីស៊ីស្ថាន​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​អាកាស​ និង​ជួយ​ដល់​កងទ័ព​សម្ព័ន្ធមិត្ត​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំខាន់ៗ។
 
ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Lesslie Viguerie បាន​និយាយ​ថា តំបន់​អាស៊ី​កណ្ដាល​នៅ​តែ​ជា​តំបន់​យុទ្ធសាស្ត្រ​មួយ​យ៉ាង​សំខាន់ បើ​ទោះ​បី​ជាសហរដ្ឋ​អាមេរិក ​បាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ​ក៏​ដោយ។ លោក បាន​និយាយ​ថា «មាន​រឿង​ជា​ច្រើន​បាន​ផ្លាស់ប្ដូរ​ជា​ច្រើនទសវត្សរ៍​កន្លង​ទៅ​នេះ ក៏ប៉ុន្តែ​គោលដៅ​រួម​របស់​យើង​ គឺ​នៅ​ដដែល​គឺ៖ អធិបតេយ្យភាព ឯករាជ្យ និង​បូរណភាព​ទឹកដី»។
 
នៅឯ​វេទិការ​នៃ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក (USIP) នាពេល​ថ្មីៗនេះ លោក Viguerie បាន​និយាយ​ថា ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល ដែល​រួមមាន​កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន និង​តួកម៉េនីស្ថាន កាន់តែ​មាន​ការព្រួយ​បារម្ភ​អំពី​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ ចាប់តាំង​ពី​ការដួលរលំ​នៃ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ដោយសារ​កណ្ដាប់​ដៃ​ពួក​តាលីបង់។
 
ក្នុង​នាមជា​មន្ត្រី​ការ​ទូត​កំពូល​មួយរូប​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់ លោក​បាន​ថ្លែងកាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការធ្វើ​កំណែ​ទម្រង់​នយោបាយ សេដ្ឋកិច្ច​និង​សង្គម។
 
កាលពី​ឆ្នាំ២០១៥ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានបង្កើតវេទិកា C5+1 ដែល​ផ្តោត​លើ​តំបន់ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​រួម​ និង«ដើម្បី​បង្កើន​ការតភ្ជាប់ សមាហរណកម្ម​សេដ្ឋកិច្ច​ និង​ការតភ្ជាប់​ថាមពល»។ ក្រុមមន្ត្រី​បាន​និយាយ​ថា ការពិភាក្សា​នេះ ​រួមមាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន ក៏ប៉ុន្តែ​ថា សកម្មភាព​នេះ​ អាច​បន្ត​ទៅ​បាន​ ឬយ៉ាង​ណា​នោះ គឺ​ពឹង​ផ្អែក​ភាគ​ច្រើន​លើ​សកម្មភាព​របស់​ក្រុម​តាលីបង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com