ជាតិ
សង្គមជាតិ
អាជ្ញាធរ ព្រមានពិន័យប្រាក់ពី១លានទៅ៥លានរៀល និងចាប់ដាក់ពន្ធនាគារ បើបុគ្គលិកណាហ្គាវើលដ៍មិនធ្វើចត្តាឡីស័ក
07, Feb 2022 , 10:24 am        
រូបភាព
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅប៉ែកខាងជើងក្រុមហ៊ុនណាហ្កាវើលដ៍។
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅប៉ែកខាងជើងក្រុមហ៊ុនណាហ្កាវើលដ៍។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាស់តឿនបុគ្គលិកណាហ្កាវើលដ៍ ដែលកំពុងបន្តនាំគ្នាតវ៉ានឹងក្រុមហ៊ុន ឲ្យគោរពតាមវិធានការសុខាភិបាល ពិសេសការធ្វើចត្តាឡីស័កតាមកាលកំណត់ ដើម្បីចៀសវាងការរងពិន័យ និងទោសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។



តាមរយៈសេចក្តីណែនាំចេញកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឃួង ស្រេង បានព្រមានទៅបុគ្គលិកណាហ្គាវើលដ៍ ដែលជាប់ពាក់ព័ន្ធក្នុងករណីឆ្លងជំងឺកូវីដ-១៩ យ៉ាងដូច្នេះថា៖«បុគ្គល ដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬបុគ្គល ដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យជាប្រាក់ពី១លានរៀល ដល់៥លានរៀល ព្រមទំាងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន»។

លោកអភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យក្រុមអ្នកតវ៉ា បញ្ឈប់ការប្រមូលផ្តុំគ្នា ហើយត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩ទាំងអស់គ្នា។ បន្ទាប់ពីធ្វើតេស្តរួចហើយ ពួកគេ ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ។ ជាមួយគ្នានេះ លោក បានបង្គាប់ទៅកម្លាំងសមត្ថកិច្ច ឲ្យចាត់វិធានការចំពោះបុគ្គលណា ដែលបន្តប្រមូលផ្តុំគ្នា និងមិនអនុវត្តតាមវិធានការសុខាភិបាល ដូចជា ពិន័យប្រាក់ និងដាក់ទោសពន្ធនាគារ ដោយគ្មានការលើកលែង។

លោក ផ្តល់ព័ត៌មានថា គ្រាន់តែក្នុងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរ រកឃើញបុគ្គលិកណាហ្គាវើលដ៍ដល់ទៅ២៩នាក់ ដែលឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង។ លោក ចាត់ទុកចំនួននៃអ្នកឆ្លងទាំង២៩នាក់នោះ ថាជាចំនួនដែលគួរឲ្យព្រួយបារម្ភ។

អាជ្ញាធរ ចាប់ផ្តើមតម្រូវឲ្យបុគ្គលិកណាហ្គាវើលដ៍ ទៅធ្វើតេស្ត បន្ទាប់ពីរកឃើញបុគ្គលិកណាហ្គាវើលដ៍ជាស្រ្តីម្នាក់ មានផ្ទុកជំងឺកូវីដ-១៩ប្រភេទអូមីក្រុង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានអំពីករណីឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង លើស្រ្តីជាបុគ្គលិកណាហ្គាវើលដ៍រូបនោះ និងអំពីការតម្រូវឲ្យបុគ្គលិកណាហ្គាវើលដ៍ ទៅធ្វើតេស្ត។

ក្រោយមក អាជ្ញាធរ ក៏ចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដើម្បីព្រមានអនុវត្តវិធានការច្បាប់លើបុគ្គលិកណាហ្គាវើលដ៍ ដោយសារសង្កេតឃើញថា ពួកគេមួយចំនួន ពុំបានអនុវត្តតាមការណែនាំរបស់លោករដ្ឋមន្រ្តីសុខាភិបាល។ មានបុគ្គលិកណាហ្គាវើលដ៍៤-៥នាក់ ដែលត្រូវតុលាការភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលទៅបំភ្លឺ ដោយសារពួកគេ មិនអនុវត្តវិធានការសុខាភិបាល តាមការតម្រូវរបស់អាជ្ញាធរ។

សូមរម្លឹកថា បុគ្គលិកណាហ្គាវើលដ៍ បាននាំគ្នាតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារឲ្យបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ឈប់ បានចូលធ្វើការងារវិញ។ ក្នុងការតវ៉ានោះ មានតំណាងរបស់ពួកគេមួយចំនួនត្រូវចាប់ខ្លួន និងកំពុងជាប់ឃុំដល់បច្ចុប្បន្ន។ ការចាប់តំណាងរបស់ពួកគេ ពុំបានធ្វើឲ្យពួកគេ រាថយឡើយ តែផ្ទុយមកវិញ ពួកគេ កាន់តែបន្តប្រមូលផ្តុំគ្នា ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ពួកគេ៕

Tag:
 បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com