ជាតិ
កម្មកររោងចក្រកាត់ដេរជាង៨០នាក់នៅតាកែវ ដួលសន្លប់
08, Feb 2022 , 3:30 pm        
រូបភាព
កម្មករដែលដួលសន្លប់។ រូបពី លោក ចេង ចន្ដ្រា
កម្មករដែលដួលសន្លប់។ រូបពី លោក ចេង ចន្ដ្រា
កម្មកររោងចក្រកាត់ដេរនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់៨៦នាក់។ អធិការរងស្រុកត្រាំកក់ សង្ស័យករណីនេះ កើតឡើងដោយសារកម្មករមាន សុខភាពខ្សោយ ក្រោយពេលចាក់វ៉ាក់សាំងលើកទី៣រួច រួមជាមួយក្លិនថ្នាំចេញពីស្បែកកាបូប។

 
លោក ចេង ចន្ត្រា អធិការរងស្រុកត្រាំកក់បានឲ្យដឹងថា កម្មករក្នុងរោងចក្រហាធ័រ ទើបតែចាក់វ៉ាក់សាំង កូវីដ-១៩លើកទី៣ កាលពីចុងសប្ដាហ៍មុន។ បន្ទាប់មកពី ចាក់វ៉ាក់សាំងរួម ពួកបន្តធ្វើការ ទើបថ្ងៃទី៨កុម្ភៈនេះ ដួលសន្លប់ជាបន្តបន្ទាប់។ 
 
«អ្នកសន្លប់ទាំងនោះ មាន៨៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះពួកគេសុខភាពខ្សោយបន្ទាប់ ចាក់វ៉ាក់សាំងរួម មិនបានសម្រាកទើបទៅជាបែបនេះ»។ នេះជាការបញ្ជាក់របស់លោក ចេង ចន្ត្រា ដោយបន្តថា សមត្ថកិច្ចនឹងបន្តតាមដានស្ថានភាពនៅរោងចក្រហាធ័រនោះបន្តទៀត។ 


 
ចំណែក អ៊ូច អេម អធិការរងស្រុកត្រាំកក់សង្ស័យថា ការដួលសន្លប់នេះ គឺដោយសារក្លិនថ្នាំចេញពី ស្បែកកាបូបក្នុងរោងចក្រ ព្រោះមានអ្នកសន្លប់និងឈឺក្បាលមិនស្រួលខ្លួនជាបន្តបន្ទាប់។ យ៉ាងណា សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយសង្គ្រោះកម្មករទៅមន្ទីរពេទ្យអង្គការ ឯកជន និងរដ្ឋ ជាច្រើនន្លែងក្នុងស្រុកដោយសារកម្មករមានចំនួនជាង៨០នាក់។  
 
«យើងសង្ស័យថា ករណីសន្លប់នេះ អាចមកពីថ្នាំដែលចេញពីស្បែកកាបូបក្នុងរោងចក្រ ប៉ុន្តែសមត្ថកិច្ចបន្តពិនិត្យលើករណីនេះ និងណែនាំភាគីរោងចក្របន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោក អ៊ូច អេម។ 
 
អធិការរងទាំងពីរូបអះអាងថា រោងចក្រផលិតកាបូបនេះ កន្លងមកពុំដែលមានកម្មករដួលសន្លប់ឡើយ។ ចំណែក កម្មករដែលសន្លប់កាលពីព្រឹក បានធូរស្រាលហើយ ប៉ុន្តែបន្តសម្រាកនៅមន្ទីរបន្ថែមទៀត ដើម្បីតាមដានសុខភាព៕ 
 


Tag:
 កម្មករ
  ខេត្តតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com