អន្តរជាតិ
បារាំងថា លោក Putin យល់ព្រមមិនធ្វើសមយុទ្ធថ្មីណាមួយនៅពេលនេះនៅជិតព្រំដែនជាមួយអ៊ុយក្រែនឡើយ
09, Feb 2022 , 2:03 pm        
រូបភាព
ដោយ: VOA
ទីក្រុងកៀវ -ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានសន្យាថា នឹងមិនធ្វើសកម្មភាពយោធាថ្មីណាមួយឡើយនៅពេលនេះនៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែនឡើយដើម្បីចូលរួមកាត់បន្ថយភាពតានតឹង។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីបារាំងម្នាក់ក្រោយជំនួបរវាងលោកPuitnនិងប្រធានាធិបតីបារាំងលោក Emmanuel Macron ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានReuters។



បើតាមមន្ត្រីបារាំងដដែលនោះបានឲ្យដឹងថា មេដឹកនាំរុស្ស៊ីក៏បានយល់ព្រមផងដែរថា កងកម្លាំងរុស្ស៊ីដែលបានចូលរួមនៅក្នុងសមយុទ្ធយោធានៅក្នុងទឹកដីប្រទេសបេឡារុសដែលនៅជាប់ព្រំដែនជាមួយអ៊ុយក្រែន នឹងត្រូវដកចេញទៅវិញនៅពេលដែលសមយុទ្ធយោធានោះ ត្រូវបានបិទបញ្ចប់។

បើទោះបីជាយ៉ាងនេះក្តី ក៏លោកPutin មិនបានផ្ដល់អត្ថាធិប្បាយដូច្នេះឡើយ នៅពេលដែលលោកបាននិយាយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរយៈពេល៦ម៉ោងរបស់លោកជាមួយប្រធានាធិបតីបារាំងនៅក្នុងវិមានក្រឹមឡាំងកាលពីយប់ថ្ងៃចន្ទម្សិលមិញ។ ទីភ្នាក់ងារព័ត៌មាន Reuters ពុំអាចស្វះស្វែងរកការបញ្ជាក់ដោយឯករាជ្យណាមួយដែលថា មេដឹកនាំរុស្ស៊ីពិតជាបានថ្លែងយ៉ាងដូច្នេះមែននោះទេ។

មន្ត្រីបារាំងម្នាក់ដែលបាននិយាយជាមួយក្រុមអ្នកសារព័ត៌មានជុំវិញការលើកឡើងរបស់មេដឹកនាំរុស្ស៊ីនេះ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។

ប្រធានាធិបតីបារាំងលោកMacron ជាមេដឹកនាំប្រទេសលោកខាងលិចមួយរូបដែលបានជួបជាមួយលោកPutinចាប់តាំងពីរុស្ស៊ីបានដាក់ពង្រាយកងទ័ពនៅតាមព្រំដែនជាមួយអ៊ុយក្រែនមក។ ប្រទេសលោកខាងលិចមានការបារម្ភថា រុស្ស៊ីកំពុងរៀបចំចូលឈ្លានពានអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធនូវគោលបំណងទាំងនេះ ដោយនិយាយថា ខ្លួនអាចធ្វើសកម្មភាពយោធាដោយមិនកំណត់ណាមួយ ប្រសិនបើការទាមទារផ្នែកសន្តិសុខរបស់ខ្លួនមួយចំនួន មិនត្រូវបានគេឆ្លើយតបនោះ។

មន្ត្រីបារាំងខាងលើនោះ បាននិយាយទៀតថា ក្នុងអំឡុងពេលនៃការពិភាក្សានោះ លោក Macron បានយល់ព្រម«បើកនូវការសន្ទនាស្តីពីសំណួរយុទ្ធសាស្ត្រ» ប៉ុន្តែពុំមានសេចក្តី លម្អិតនោះឡើយអំពីអ្វីដែលការសន្ទនាគ្នា បានផ្តោតទៅលើនោះទេ។

លោក Putinបានទាមទារឲ្យមានការកែសម្រួលនូវលក្ខខណ្ឌសន្តិសុខនៅក្នុងតំបន់អឺរ៉ុបដែលក្នុងនោះរួមមានទាំងការសន្យាមួយដែលថា អង្គការអូតង់នឹងមិនត្រូវទទួលយកអ៊ុយក្រែនធ្វើជាសមាជិករបស់ខ្លួនឡើយ និងថា កាំជ្រួចមីស៊ីលនឹងមិនត្រូវដាក់ពង្រាយនៅជិតព្រំដែនប្រទេសរុស្ស៊ីនោះឡើយ ហើយថាក្រុមសម្ព័ន្ធមិត្តលោកខាងលិចត្រូវកាត់បន្ថយនូវរចនាសម្ព័ន្ធរបស់ខ្លួនជាដើម។

មន្ត្រីបារាំងរូបនេះក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងមួយក៏ត្រូវបានធ្វើឡើងនៅក្នុងជំនួបនោះផងដែរដើម្បីបង្កើននូវសកម្មភាពការទូតក្រោមទម្រង់មួយដែលហៅថា Normandy Format ដែលក្នុងនោះប្រទេសបារាំងនិងអាល្លឺម៉ង់ដើរតួធ្វើជាអ្នកសម្របសម្រួលនៅក្នុងការ ពិភាក្សាពាក់ព័ន្ធនឹងបញ្ហាប្រទេសរុស្ស៊ីនិងអ៊ុយក្រែន៕



© រក្សាសិទ្ធិដោយ thmeythmey.com