អន្តរជាតិ
តៃវ៉ាន់បន្ធូរបន្ថយការហាមឃាត់ការនាំចូលម្ហូបអាហារដែលទាក់ទិននឹងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅជប៉ុន
09, Feb 2022 , 10:29 pm        
រូបភាព
ដោយ: VOA
ក្រុងតៃប៉ិ កោះតៃវ៉ាន់ — កោះតៃវ៉ាន់ បានបញ្ជាក់កាលពីថ្ងៃអង្គារកន្លងមកថា ខ្លួននឹងបន្ធូរបន្ថយការហាមឃាត់ការនាំចូលម្ហូបអាហារមកពីប្រទេសជប៉ុនដែលបានចូលជាធរមានបន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima ដោយសង្ឃឹមថា នឹងបន្ធូរបន្ថយដើម្បីចូលសន្ធិសញ្ញាពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយនឹងធ្វើឲ្យមានចំណងទាក់ទងយ៉ាងជ្រាលជ្រៅនៅពេលដែលរដ្ឋាភិបាលទាំង២ មានការព្រួយបារម្ភអំពីប្រទេសចិន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
ជប៉ុនដូចជាប្រទេសភាគច្រើនទៀត មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ក៏ប៉ុន្តែជប៉ុននិងតៃវ៉ាន់ បានងាកចូលគ្នាកាន់តែខ្លាំងឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់និងប្រទេសជប៉ុន។
 
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រីTsia Ing-wenបានសរសេរនៅលើកេហទំព័រ Facebook របស់លោកស្រីអំពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីដើម្បីបន្ធូរបន្ថយការហាមឃាត់នេះដោយនិយាយថា តៃវ៉ាន់ត្រូវតែចូលរួមជាមួយអង្គការពិភពលោកដូចជាកិច្ចព្រមព្រៀងទូលំទូលាយនិងជឿនលឿនសម្រាប់ភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឬ CPTPP ជាដើម។
 
អង្គការសុខភាពពិភពលោក បាននិយាយនៅឆ្នាំ២០១៦ថា អាជ្ញាធរជប៉ុន បានឃ្លាំមើលម្ហូបអាហារយ៉ាងដិតដល់ហើយបានអនុវត្តនូវវិធានការការពារដើម្បីរារាំងការលក់និងការចែកចាយម្ហូបអាហារដែលមានជាតិកខ្វក់នៅក្នុងប្រទេសជប៉ុននិងខាងក្រៅជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយរលកយក្ស Tsunami និងរោងចក្រនុយក្លេអ៊ែរនៅ Fukushima។
 
ជប៉ុន បាននិយាយថា ប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិកនិងអូស្ត្រាលី បានលុបចោលឬបន្ធូរបន្ថយការរឹតត្បិតដែលទាក់ទិននឹង Fukushima ហើយម្ហូបអាហារនៅFukushima ដែលរួមមានអង្ករ ត្រូវបាននាំចេញទៅកាន់ទីផ្សារដូចជាប្រទេសថៃ។
 
តៃវ៉ាន់ បានហាមឃាត់ការនាំចូលផលិតផលម្ហូបអាហារមកពីខេត្តចំនួន៥នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីការខូចរោងចក្រនុយក្លេអ៊ែរនៅ Fukushima ដែលបណ្តាលមកពីការរំជួយផែន ដីដ៏ខ្លាំងនិងរលកយក្សស៊ូណាមិ។
 
តៃវ៉ាន់ បានរក្សាការហាមឃាត់នេះ ថ្វីបើមានការត្អូញត្អែរម្តងហើយម្តងទៀតមកពីជប៉ុនដែលថា ម្ហូបអាហារនោះ ឥឡូវនេះមានសុវត្ថិភាពក៏ដោយ។
 
ចំពោះការប្រកាសការផ្លាស់ប្តូរគោលនយោបាយរបស់កោះតៃវ៉ាន់នោះ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីលោក Lo Ping-cheng បាននិយាយថា ដោយមានប្រទេសជាច្រើន បានលុបចោលការរឹតត្បិតរួចហើយ តៃវ៉ាន់ត្រូវតែធ្វើទៅតាមគេ ហើយថាមិនមានហានិភ័យទៀតទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com