អន្តរជាតិ
អូស្ត្រាលីនិងលីទុយអានី សហការគ្នាប្រឆាំងនឹងសម្ពាធរបស់ចិន
10, Feb 2022 , 9:46 am        
រូបភាព
រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne (ស្តាំ) និង​រដ្ឋមន្ត្រី​ការបរទេស​​ប្រទេស​លីទុយអានី​លោក Gabrielius Landsbergis ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សភា​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃពុធ ទី9 ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne (ស្តាំ) និង​រដ្ឋមន្ត្រី​ការបរទេស​​ប្រទេស​លីទុយអានី​លោក Gabrielius Landsbergis ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សភា​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃពុធ ទី9 ខែកុម្ភៈ ឆ្នាំ២០២២។
ដោយ: VOA
ទីក្រុងកង់បេរ៉ា-រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងលីទុយអានី បានព្រមព្រៀងគ្នានៅថ្ងៃពុធនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាយុទ្ធសាស្ត្រ ជាពិសេស ការដាក់សម្ពាធពីប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសប្រទេសលីទុយអានីលោក Gabrielius Landsbergis និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Marise Payne បានជួបពិភាក្សាគ្នានៅថ្ងៃពុធនេះ នៅវិមានសភា។



ក្រុមហ៊ុននាំចេញរបស់អូស្ត្រាលី បានខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារតែឧបសគ្គពាណិជ្ជកម្មទាំងផ្លូវការ និងមិនផ្លូវការជាមួយចិនជុំវិញការធ្វើជំនួញលើវិស័យធ្យូងថ្ម ស្រា សាច់គោ បង្កង និងស្រូវបាឡេ កើតមានឡើងស្របពេលដែលទំនាក់ទំនងរវាងអូស្ត្រាលី និងចិន កំពុងធ្លាក់ចុះ។

លីទុយអានីដែលជាប្រទេសមានប្រជាពលរដ្ឋចំនួន ២ លាន ៨ សែននាក់ ស្ថិតក្នុងតំបន់បាល់ទិក កាលពេលថ្មីៗនេះ បានធ្វើឲ្យចិនខឹងសម្បារ ដោយខ្លួនបានយល់ព្រមឲ្យមានការិយាល័យរបស់កោះតៃវ៉ាន់នៅក្នុងរដ្ឋធានីវីលនីញូសរបស់ខ្លួនដែលដាក់ឈ្មោះថា តៃវ៉ាន់ ជំនួសឲ្យពាក្យចិនតៃប៉ិ ជាពាក្យដែលត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនដើម្បីកុំឲ្យប៉ះពាល់ដល់ប្រទេសចិន។

រដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Landsbergis បាននិយាយថា «អស់ពេលជាយូរមកហើយដែលអូស្ត្រាលីបានក្លាយជាឧទាហរណ៍មួយដែលចិនបានប្រើប្រាស់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ធ្វើជាឧបករណ៍នយោបាយ ឬមួយក៏គេអាចនិយាយបានថា ធ្វើជាអាវុធនយោបាយ»។

លោកបន្ថែមថា «ពេលនេះ លីទុយអានី ក៏ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ ហើយរឿងនេះ យើងមិនមែនជាអ្នកចុងក្រោយនោះឡើយ»។

អ្នកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានយល់ស្របជាមួយលោករដ្ឋមន្ត្រីការបរទសលីទុយអានី អំពីសារៈសំខាន់ក្នុងការធ្វើការជាមួយប្រទេសមួយចំនួនដែលមានទស្សនៈដូចគ្នាក្នុងគោលដៅដូចគ្នា ដើម្បីរក្សានូវរបៀបរៀបរយពាណិជ្ជកម្មសេរី និងបើកចំហ តម្លាភាព សន្តិសុខនិងស្ថិរភាព ដែលផ្អែកទៅលើគោលការណ៍អន្តរជាតិជាធំ។

អ្នកស្រី Payne មានប្រសាសន៍ថា «មានសហការីជាច្រើនដែលរដ្ឋមន្ត្រីការបរទេសលីទុយអានី និងរូបខ្ញុំ កំពុងធ្វើការពាក់ព័ន្ធនឹងរឿងនេះ។ ខ្ញុំគិតថា យើងកំពុងបញ្ជូនសារដ៏ខ្លាំងមួយដែលបដិសេធមិនទទួលយកការបង្ខិតបង្ខំ និងអំពើផ្តាច់ការ»។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃអង្គារថា ចិន ប្រកាន់ខ្ជាប់នូវបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ក្នុងការទាក់ទងជាមួយប្រទេសលីទុយអានី៕


© រក្សាសិទ្ធិដោយ thmeythmey.com