ជាតិ
អាជ្ញាធរខេត្តសៀមរាប នឹងផាកពិន័យអ្នកដែលចតលើផ្លូវកង់ និងចិញ្ចើមផ្លូវ
10, Feb 2022 , 4:09 pm        
រូបភាព
 សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការចាប់ផ្តើមផាកពិន័យ លើអ្នកដែលចតយានយន្ត ឬលក់ដូរលើផ្លូវកង់ ក៏ដូចជាលក់ដូរលើផ្លូវថ្មើរជើង និងចិញ្ចើមផ្លូវ ក្នុងក្រុងសៀមរាប។

 
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានរិះគន់ចំៗចំពោះទង្វើបុគ្គលមួយចំនួន ដែលចតយានយន្ត ដាក់តាំងលក់ម៉ូតូ និងសម្ភារៈផ្សេងៗ លើផ្លូវកង់ ដែលទើបស្ថាបនារួច។ ក្នុងនោះ ក៏មានជនបរទេសមួយរូបដែរ ដែលបង្ហាញអារម្មណ៍មិនពេញចិត្ត នៅពេលដែលផ្លូវកង់ត្រូវបានស្ថាបនារួចហើយ តែត្រូវទុកចោលពុំមានអ្នកជិះ ដ្បិតត្រូវឡានចតបាំងដូច្នេះ។ ជនបរទេស ដែលមានគណនីហ្វេសប៊ុក ឈ្មោះថា Andrew Kobeszko សរសេរថា ផ្លូវកង់ដែលស្ថាបនាដោយការលាបពណ៌បៃតងនោះ នឹងមិនផ្តល់ប្រយោជន៍ប៉ុន្មានទេ ប្រសិនបើបណ្ដោយឱ្យមានការចតយានយន្តពីលើដូច្នេះ ហើយអ្នកជិះកង់ខ្លះ ជ្រើសរើសផ្លូវកៅស៊ូធម្មតា សម្រាប់ជិះវិញ។


 
ករណីនេះ ក៏មានការរិះគន់ដោយប្រយោលដែរ ទៅលើអាជ្ញាធរ ថារៀបចំសណ្ដាប់ធ្នាប់ មិនបានល្អប្រសើរ។
 
ជុំវិញបញ្ហានេះ ប្រធានការិយាល័យសាធារណការ អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ នៃរដ្ឋបាលក្រុងសៀមរាប លោក ហាយ យ៉ុង ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត នឹងចាប់ផ្តើមចុះផាកពិន័យ ដល់អ្នកដែលបំពានផ្លូវកង់ ក៏ដូចជាចិញ្ចើមផ្លូវសាធារណៈ ដែលទើបស្ថាបនារួចថ្មីៗនេះ។ លោក ហាយ យ៉ុង បញ្ជាក់ថា ការអនុវត្តការផាកពិន័យនេះ អាចធ្វើឡើងនៅពាក់កណ្ដាលខែ កុម្ភៈ នេះ បន្ទាប់ពីបញ្ចប់ការរៀបចំនីតិវិធីរួច។ លោក ហាយ យ៉ុង ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «យើងបានអប់រំណែនាំហើយ ប៉ុន្តែនៅថ្ងៃខាងមុខនៅពេលបញ្ចប់ នៃនីតិវិធីនៃការរៀបចំនេះ យើងនឹងចាប់ផ្តើមផាកពិន័យហើយ ទាំងអ្នកលក់ដូរ ទាំងចំណត ទាំងឡាន»។


 
នៅថ្ងៃទី១០ កុម្ភៈនេះ កម្លាំងរបស់រដ្ឋបាលក្រុងសៀមរាប បានបន្តចុះអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ដែលរំលោភលើផ្លូវកង់ ដាក់លក់ដូរលើចិញ្ចើមផ្លូវ ពិសេសចតយានយន្តលើកម្រាលថ្មក្រានីត ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងសោភ័ណភាពក្រុង។ 
 
គួររំលឹកថា កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២១ តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តសៀមរាប ព្រមានថា នឹងចាត់វិធានការតាមច្បាប់ លើម្ចាស់យានយន្តណា ដែលឈប់ ឬចត និងដាក់តាំងសម្ភារៈផ្សេងៗ ក៏ដូចជាលក់ដូរ និងទ្រូងផ្លូវ ចិញ្ចើមផ្លូវ។ ហើយក្នុងករណីដែលមិនព្រមបញ្ឈប់ និងបង្កការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធនានា គឺត្រូវទទួលខុសត្រូវសងការខូចខាត ហើយអាជ្ញាធរ នឹងមានវិធានការតាមផ្លូវច្បាប់៕
 





Tag:
 ផ្លូវកង់
  សៀមរាប
  គម្រោងផ្លូវ៣៨ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com