ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖«ខ្ញុំ មិនដែលធ្វើការជាមួយបរទេសណា ដែលជាសត្រូវរបស់កម្ពុជាឡើយ»
10, Feb 2022 , 5:59 pm        
រូបភាព
ជំនួបរវាងលោក កឹម សុខា និង អ្នកស្រី Carmen Moreno នៅផ្ទះរបស់លោក កឹម សុខា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ជំនួបរវាងលោក កឹម សុខា និង អ្នកស្រី Carmen Moreno នៅផ្ទះរបស់លោក កឹម សុខា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
«ទំនាក់ទំនងបរទេស ខ្ញុំ ធ្វើជាមួយមិត្តរបស់កម្ពុជា ដើម្បីផលប្រយោជន៍ខ្មែរ ខ្ញុំ មិនដែលនិងមិនធ្វើជាមួយបរទេសណាដែលជាសត្រូវរបស់កម្ពុជានោះឡើយ»។ នេះជាសាររបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅលើទំព័រហ្វេសប៊ុក។ លោក បង្ហោះសារនេះ ភ្ជាប់ទៅនឹងព័ត៌មានអំពីជំនួបរបស់លោក ជាមួយអ្នកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

 
លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា បានទទួលជួបអ្នកស្រី Carmen Moreno នៅផ្ទះរបស់លោក ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ លោក សរសេរថា លោក និង អ្នកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីស្ថានការណ៍បច្ចុប្បន្នមួយចំនួននៅកម្ពុជា និងទំនាក់ទំនងរវាងកម្ពុជា ជាមួយសហគមន៍អឺរ៉ុប។ 
 
ប្រធានអតីតគណបក្សប្រឆាំង ដែលត្រូវហាមមិនឲ្យធ្វើសកម្មភាពនយោបាយរូបនេះ បន្តថា ដូចអ្នកការទូតនៃប្រទេសនានា ដែលបានទៅជួបលោកដែរ អ្នកស្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបង្ហាញការកត់សម្គាល់ចំពោះការពន្យាពេល ការលើកពេល និង ការដាក់កម្មវិធីដ៏យឺតយ៉ាវ នៃដំណើរការសវនាលើលោក។ 
 
ចំណែកស្ថានទូតសហភាពអឺរ៉ុប បានសរសេរលើទំព័រហ្វេសប៊ុកថា អ្នកស្រីឯកអគ្គរដ្ឋទូត និងលោក កឹម សុខា បានជជែកគ្នាពីសវនាការរបស់លោក កឹម សុខា។ ស្ថានទូតសហភាពអឺរ៉ុប បញ្ជាក់ថា៖«តាមរយៈកម្មវិធី និងគម្រោងនៅកម្ពុជា សហភាពអឺរ៉ុប ធ្វើការជាមួយគ្រប់ភាគី ដើម្បីលើកកម្ពស់សិទ្ធិក្នុងការចូលរួមនយោបាយ និងកិច្ចការសាធារណៈ ដែលជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងជាសារសំខាន់ សម្រាប់ការបោះឆ្នោត ដោយសេរី និង យុត្តិធម៌»។
 
បច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណើរការជំនុំជម្រះ។ ក្នុង១សប្តាហ៍ តុលាការភ្នំពេញ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ ក្នុងការបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក។ លោក កឹម សុខា ខ្លួនឯង និង ក្រុមមេធាវីរបស់លោក រអ៊ូរទាំថា សវនាការនេះ មានភាពយឺតយ៉ាង ហើយមិនងាយចប់ ដ្បិតតុលាការ ប្រើពេលតែ១ព្រឹក ក្នុង១សប្តាហ៍។ 

សវនាការលើលោក កឹម សុខា បានដំណើរការលើកដំបូង នៅដើមឆ្នាំ២០២០ ហើយដល់ខែមិនា ឆ្នាំ២០២០ តុលាការ ក៏ផ្អាកទៅវិញ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ សវនាការនេះ ត្រូវបានផ្អាកអស់ជិត២ឆ្នាំ ទម្រាំតុលាការដាច់ចិត្តបើកឡើងវិញ នៅដើមឆ្នាំ២០២២នេះ។ 
 
លោក កឹម សុខា រងពីបទសន្ទិដ្ឋភាពជាមួយបរទេស តាំងខែកញ្ញា ឆ្នាំ២០១៧មក។ បទសន្ទិដ្ឋភាពជាមួយបរទេស សំដៅលើការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ៕ 
 

Tag:
 កឹម សុខា
  Carmen Moreno
© រក្សាសិទ្ធិដោយ thmeythmey.com