ជាតិ
សង្គមជាតិ
បឹងតាមោកជាង៣ពាន់ហិកតា អស់ជាងពាក់កណ្តាលហើយ
11, Feb 2022 , 10:15 am        
រូបភាព
ទិដ្ឋភាពផ្ទៃបឹងតាមោក (រូបពីវីដេអូលើទំព័រហ្វេសប៊ុក Oh My Village ដែលបង្ហោះកាលពីខែសីហា ឆ្នាំ២០២១)
ទិដ្ឋភាពផ្ទៃបឹងតាមោក (រូបពីវីដេអូលើទំព័រហ្វេសប៊ុក Oh My Village ដែលបង្ហោះកាលពីខែសីហា ឆ្នាំ២០២១)
ដោយ: ថ្មីៗ
គិតមកដល់ខែធ្នូ ឆ្នាំ២០២១ បឹងតាមោក ដែលមានផ្ទៃសរុបជាង ៣.២ពាន់ហិកតា ត្រូវបានរដ្ឋាភិបាល កាត់អស់៤៣លើកហើយ ដែលមានចំនួនជាង២ពាន់ហិកតា ឬស្មើនឹង៦៥ភាគរយ ទៅឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាបន្តបន្ទាប់។ នេះបើតាមទិន្នន័យដែលបញ្ចេញដោយអង្គការសមាគមធាងត្នោត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។



កាលពីឆ្នាំ២០១៦ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដើម្បីកំណត់ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅខាងជើងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានផ្ទៃសរុប ៣ ២៣៩ហិកតា។ អង្គការសមាគមធាងត្នោត សរសេរលើគេហទំព័ររបស់ខ្លួនថា នៅជុំវិញបឹងតាមោក មានប្រជាជនប្រហែល៣០០គ្រួសារ កំពុងរស់នៅ ដែលភាគច្រើនពួកគាត់ប្រកបមុខរបរនេសាទ ចិញ្ចឹមត្រី ដាំឈូក ធ្វើស្រែចម្ការ និងលក់ដូរតាមផ្ទះតិចតួច ជាដើម។  

ការកាត់ផ្ទៃបឹងតាមោកជាបន្តបន្ទាប់នេះ ធ្វើឲ្យអង្គការសង្គមស៊ីវិលមួយចំនួន និងមជ្ឈដ្ឋានខ្លះទៀត បារម្ភពីការប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន ដែលរស់នៅជិតតំបន់បឹងតាមោក និងបារម្ភពីការបង្កឲ្យមានជន់លិច ក្នុងរាជធានីភ្នំពេញ។ បឹងតាមោក ត្រូវបានចាត់ទុកជាបឹងធម្មជាតិធំចុងក្រោយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលនៅសេសសល់ ខណៈបឹងផ្សេងទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សុទ្ធតែរងការលុប។

របាយការណ៍មួយដោយឡែកទៀត ដែលចេញដោយអង្គការសមាគមធាងត្នោត កាលពី២០១៩ បានបង្ហាញថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ៕

Tag:
 បឹងតាមោក
  សមាគមធាងត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com