ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ស្រ្តី ដែលយកស្បែកជើងគប់រូបមេដឹកនាំបក្សកាន់អំណាច មានសេរីភាពឡើងវិញ ក្រោយជាប់ឃុំ៤ឆ្នាំ
11, Feb 2022 , 1:33 pm        
រូបភាព
អ្នកស្រី សំ សុខា ដើរចូលតុលាការខេត្តកំពង់ស្ពឺ កាលពីខែមីនា ឆ្នាំ២០១៨។ រូបពីអង្គការលីកាដូ
អ្នកស្រី សំ សុខា ដើរចូលតុលាការខេត្តកំពង់ស្ពឺ កាលពីខែមីនា ឆ្នាំ២០១៨។ រូបពីអង្គការលីកាដូ
អ្នកស្រី សំ សុខា ដែលយកស្បែកជើងគប់រូបមេដឹកនាំគណបក្សប្រជាជនកម្ពុជា បានចេញពីពន្ធនាគារវិញហើយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីអ្នកស្រីអនុវត្តទោសក្នុងពន្ធនាគារគ្រប់តាមកាលកំណត់រយៈពេល៤ឆ្នាំ។ ពេលចេញពីពន្ធនាគារ អ្នកស្រីត្រូវបង់ប្រាក់១០លានរៀល តាមការពិន័យរបស់តុលាការ។



ការបង់ប្រាក់១០រៀល គឺជាការលំបាកខ្លាំង សម្រាប់អ្នកស្រី សំ សុខា ដ្បិតតុលាការ ទុកពេលឲ្យអ្នកស្រី តែ១ថ្ងៃប៉ុណ្ណោះ ក្នុងការស្វែងរកប្រាក់ យកទៅបង់នៅតុលាការ ក្រោយពីអ្នកស្រីចេញពីពន្ធនាគារ។ យ៉ាងណាក៏ដោយចុះ អ្នកស្រី បានស្វះស្វែងរកបា្រក់គ្រប់១០លានរៀល យកទៅបង់នៅតុលាការហើយ។ បើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានសម្ភាសអ្នកស្រី ប្រាក់១០លានរៀលនោះ គឺម្តាយមីងរបស់អ្នកស្រី ឲ្យខ្ចី។ 
 
លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា តាមច្បាប់ បើអ្នកដែលចេញពីពន្ធនាគារ មិនបង់ប្រាក់តាមការតម្រូវរបស់តុលាការ អ្នកនោះ នឹងប្រឈមការនាំខ្លួនយកទៅឃុំរយៈពេល៦ខែបន្ថែម។ លោក យល់ថា តុលាការ គួរតែទុកពេលសមរម្យណាមួយ ជូនអ្នកស្រី សំ សុខា ដើម្បីឲ្យអ្នកស្រី អាចរកប្រាក់ទាន់។ 
 
ថ្វីបើអ្នកស្រី បានបង់ប្រាក់១០លានរៀល នៅតុលាការហើយក៏ដោយ តែមន្រ្តីការពារសិទ្ធិមនុស្សរូបនេះ នៅតែមើលឃើញថា ការទុកពេលតែ១ថ្ងៃ ជូនអ្នកស្រី គឺជាការដាក់សម្ពាធលើអ្នកស្រី។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោក អំ សំអាត បញ្ជាក់ដូច្នេះថា៖«មួយថ្ងៃ គាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកប្រាក់ទេ។ បើគាត់មានរបស់លក់ ក៏លក់មិនទាន់ដែរ កុំថាឡើយគ្មានរបស់លក់»។ 
 
សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តកំពង់ស្ពឺបានទេ ដោយសារលោកមិនទទួលការហៅចូល។ 
 
អ្នកស្រី សំ សុខា ដែលកាលពីមិនទាន់ជាប់ពន្ធនាគារ ធ្លាប់បម្រើការងារជាកម្មការិនីកាត់ដេរ នៅរោងចក្រមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសចំនួន២លើក។ លើកទី១ អ្នកស្រី ត្រូវបានតុលាការកាត់ទោសនៅឆ្នាំ២០១៧ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងតម្រូវឲ្យបង់ប្រាក់៥លានរៀល ក្រោមបទជេរប្រមាថ និងញុះញង់ឲ្យមានការរើសអើង។ អ្នកស្រី រងបទចោទនេះ ដោយសារអ្នកស្រី យកស្បែកជើង គប់ទៅស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវ ដែលមានរូបរបស់សម្តេច ហ៊ុន សែន ជាប្រធានគណបក្ស និងរូបរបស់សម្តេច ហេង សំរិន ជាប្រធានកិត្តិយស។ 
 
អ្នកស្រីបាន គប់២ដង ដោយគប់លើកទី១ តម្រង់ទៅចំរូបរស់សម្តេច ហ៊ុន សែន និងគប់លើកទី២ តម្រង់ទៅចំរូបរបស់សម្តេច ហេង សំរិន។ ពេលគប់នោះ អ្នកស្រី និយាយបណ្តើរសើចបណ្តើរ ហើយបានហៅសម្តេចទាំង២ថា «អា» និង «ជាជនបំផ្លាញជាតិ»។ តុលាការ ចាប់ផ្តើមចាត់វិធានការលើអ្នកស្រី ក្រោយវីដេអូខ្លីបង្ហាញពីសកម្មភាពអ្នកស្រីគប់ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ត្រូវបានបង្ហោះលើបណ្តាញសង្គម។ តាមពិត អ្នកស្រី បានចេញលិខិតសុំទោសសម្តេចទាំង២ដែរ តែនៅតែមិនរួចផុតការកាត់ទោសដដែល។ 
 
ក្នុងការកាត់ទោសលើកទី១ អ្នកស្រី ពុំបានជាប់ពន្ធនាគារឡើយ ព្រោះអ្នកស្រី បានភៀសខ្លួនទៅប្រទេសថៃ។ ក្រោយមក អ្នកស្រី ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ ពេលមកដល់កម្ពុជា អ្នកស្រី ក៏ត្រូវឃាត់ខ្លួន ហើយតុលាការ ក៏កាត់ទោសអ្នកស្រីជាលើកទី២ នៅឆ្នាំ២០១៨ ក្រោមបទជេរប្រមាថ។ ដូចលើកទី១ដែរ ក្នុងការកាត់ទោសលើកទី២នេះ តុលាការ កំណត់ឲ្យអ្នកស្រី ជាប់ពន្ធនាគារ២ឆ្នាំ និងត្រូវបង់ប្រាក់៥លានរៀល។ សរុបទៅ ស្រ្តី ដែលមានវ័យជាង៤០ឆ្នាំ និងមានស្រុកកំណើតនៅខេត្តតាកែវរូបនេះ បានជាប់ពន្ធនាគារអស់៤ឆ្នាំ និងបង់ប្រាក់អស់១០លានរៀល៕ 
 
 

Tag:
 សំ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com