អន្តរជាតិ
អង់គ្លេស​ត្រៀមទ័ព​​១០០០​នាក់​សម្រាប់​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ជុំវិញ​​បញ្ហា​​អ៊ុយក្រែន
11, Feb 2022 , 11:29 pm        
រូបភាព
ដោយ: VOA
ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស - ចក្រភព​អង់គ្លេសបាន​បញ្ជា​ឲ្យ​កងទ័ព​១.០០០​នាក់​ត្រៀម​ខ្លួនក្នុង​ការ​ផ្តល់​ការគាំទ្រ​ក្នុង​ករណី​មាន​វិបត្តិ​មនុស្សធម៌ណា​មួយ​ដែល​បណ្តាល​មក​ពី​ការ​ឈ្លានពាន​របស់​ប្រទេសរុស្ស៊ី មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី Boris Johnson ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​អង្គការ​អូតង់​និង​ទៅ​ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

 
លោក Johnson នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប្រ៊ុចសែល​និង​វ៉ាសូរី​ដើម្បី​បញ្ជាក់​ពី​តម្រូវការ​ក្នុង​ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​របស់​អង្គការ​អូតង់​និង​ពិភាក្សា​អំពី​វិធី​ដែល​ចក្រភព​អង់គ្លេស​អាច​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា ខណៈ​ដែល​រុស្ស៊ី​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន។
 
ដំណើរ​ទស្សនកិច្ច​របស់​លោក Johnson ជា​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ចំណោម​រលក​ការទូត​អន្តរជាតិ។ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ដើម​សប្តាហ៍​នេះ ហើយ​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ស្រី Kamala Harris នឹង​ជួប​ផ្ទាល់​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​នៅ​សន្និសីទ​សន្តិសុខ​ទីក្រុង Munich នៅ​សប្តាហ៍​ក្រោយ។
 
រដ្ឋមន្ត្រី​ការ​បរទេស​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចក្រភព​អង់គ្លេស គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មូស្គូ​នៅ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​ជា​មួយ​សមភាគី​របស់​ពួក​អស់​លោក។
លោក Johnson បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «ចក្រភព​អង់គ្លេស​នៅ​តែ​មិន​ផ្លាស់ប្តូរ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​សន្តិសុខ​អឺរ៉ុប​ឡើយ។ ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត យើង​ត្រូវ​កំណត់​ព្រំដែន​ឲ្យ​ច្បាស់​លាស់ ហើយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​គោលការណ៍​ដែល​យើង​នឹង​មិន​សម្រប​សម្រួល»។
 
ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​បញ្ជូន​ទាហាន​ចំនួន​៣៥០​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេសប៉ូឡូញ បន្ទាប់​ពី​ខ្លួន​បាន​បញ្ជូន​ទាហាន​ចំនួន​១០០​នាក់ ​កាល​ពី​ឆ្នាំមុន ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​ជនចំណាកស្រុក​នៅ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​បេឡារុស។
 
ការិយាល័យ​របស់​លោក Johnson បាន​ប្រកាស​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​បន្ត​លុកលុយ​ខាង​យោធា​របស់​រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែនទំនង​ជាធ្វើ​ឲ្យ​មាន​មនុស្ស​ដែល​គ្មាន​ទីលំនៅ​រស់នៅ​តាម​ព្រំដែន​អឺរ៉ុប​កាន់តែ​ច្រើន​ឡើង​ដែល​ប៉ះពាល់​ដល់​ប្រទេស​នានា​ដូចជា ប៉ូឡូញ​និង​លីទុយអានី។ ក្នុងឆ្នាំ​២០១៤ រុស្ស៊ី​បាន​ដណ្តើម​យក​ឧបទ្វីប Crimeaពី​ប្រទេស​អ៊ុយក្រែន។
 
ការិយាល័យ​របស់ Johnson បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នាយករដ្ឋមន្ត្រី​ក៏​នឹង​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg អំពី​ជំនួយ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការពង្រឹង​ការការពារ​សម្ព័ន្ធមិត្ត រួមទាំង​ការ​បង្កើន​កងទ័ព​ទ្វេដង​នៅ​ប្រទេស​អេស្តូនី បន្ថែម​យន្តហោះ​ធន់ RAF នៅ​អឺរ៉ុប​ខាង​ត្បូង​និង​ការបើក​ទាំង​នាវា​ល្បាត Trent និង​នាវា​ពិឃាត​ Type 45 ទៅ​កាន់​សមុទ្រមេឌីទែរ៉ាណេ​ខាង​កើត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com