ជាតិ
កុលបុត្រ-កុលធីតា១១១នាក់បួសរយៈពេលខ្លី នៅពុទ្ធមណ្ឌលវិបស្សនាអន្ដរជាតិកម្ពុជា
12, Feb 2022 , 10:34 am        
រូបភាព
​សៀមរាប៖ កុលបុត្រ-កុលធីតា នៅខេត្តសៀមរាបចំនួន ១១១នាក់ បានបួសរយៈពេលខ្លី នៅពុទ្ធមណ្ឌលវិបស្សនាអន្ដរជាតិកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

 
គ្រូសូត្រឆ្វេងវត្តរាជបូណ៌ ព្រះអង្គ ភោគ គឹង ដែលជាគណៈកម្មការរៀបចំកម្មវិធី បំបួសមានសង្ឃដីកាថា កម្មវិធីបំបួសនេះ មានរយៈពេល១០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី៨ កុម្ភៈ តទៅ ក្នុងគោលបំណងសំខាន់ចំនួន៤។ ព្រះអង្គរៀបរាប់ថា គោលបំណងទី១ ដើម្បីឱ្យកុលបុត្រ-កុលធីតា យល់ច្បាស់ពីព្រះពុទ្ធសាសនា គឺការលម្អទាំង៣ មានលម្អបថដើម គឺសីល លម្អបថកណ្ដាលគឺសមាធិ និងលម្អបថខាងចុង គឺបញ្ញា។ ទី២ ដើម្បីឈ្វេងយល់ពីការគ្រប់គ្រងចិត្តតាមបែបសមាធិ។ ទី៣ ផ្តល់ឱកាសដល់កុលបុត្រ-កុលធីតា ដែលមមាញឹកនឹងការងារ អាចបដិបត្តិរយៈពេលខ្លី និងទី៤ ដើម្បីផ្សារភ្ជាប់មណ្ឌលវិបស្សនា ទៅនឹងកុលបុត្រ-កុលធីតាខ្មែរ ដើម្បីបំពេញតួនាទីរបស់ខ្លួនជាជជាតិខ្មែរ ទទួលមរតកជាជនជាតិខ្មែរ ដែលព្រះពុទ្ធសាសនាជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជាតិ និងសង្គមជាតិ។ 
 


ព្រះគ្រូសូត្រឆ្វេងវត្តរាជបូណ៌ ពន្យល់ថា ព្រះពុទ្ធសាសនាមានគោលនៃការអប់រំធ្វើឱ្យមនុស្សប្រព្រឹត្តិល្អ ការដែលបង្កើតធនធានមនុស្សល្អបានកាន់តែច្រើន ការបៀតបៀនគ្នាក្នុងសង្គមក៏ថយចុះជាលំដាប់ដែរ។
 
ក្នុងពិធីបើកកម្មវិធីបំបួសខាងលើនេះដែរ ព្រះមេគណខេត្តសៀមរាប ព្រះសុមង្គលសីលាចារ្យ ជុំ គឹមឡេង បានរំឭកដល់កុលបុត្រ-កុលធីតា ដែលបានមកបួសនេះ ឱ្យបម្រើព្រះពុទ្ធសាសនា ដែលជាសាសនាមួយប្រកបដោយហេតុផលច្បាស់លាស់ ហើយដែលដូនតាបានជ្រើសរើសយកមកគោរពប្រណិប័តន៍រហូតដល់សព្វថ្ងៃ។ ព្រះអង្គមានសង្ឃដីកាបន្តថា នៅឆ្នាំនេះ គណៈកម្មការពុទ្ធមណ្ឌលវិបស្សនា គ្រោងនឹងរៀបចំបុណ្យមាឃបូជានៅទីនេះ ហើយមុនពិធីមកដល់ ក៏រៀបចំបំបួសកុលបុត្រកុលធីតាខ្លះ ដើម្បីឱ្យពួកគាត់ចូលមកសិក្សារៀនសូត្រផ្នែកសមាជិធម៌ ដើម្បីប្រមែប្រមូលនូវអារម្មណ៍ កុំឱ្យវាស្ទុះ អណ្ដែត ត្រសែតឆ្ងាយពេកពីរាងកាយ។ 


 
ព្រះអង្គ ជុំ គឹមឡេង៖« ការអប់រំចិត្តសំខាន់ណាស់ ប្រសិនបើពុំមានការអប់រំចិត្តទេ ចិត្តវាចេះតែស្ទុះពាសវាល បើអប់រំបាន ចិត្តក្នុងកាយយើងអាចបញ្ជាបាន តែមិនទេវានឹងបញ្ជាយើងវិញ ជួនកាលវាស្ទុះទៅរកសម្ភារនិយមអីទៅ មិនបានតាមបំណងរបស់ខ្លួន តាំងមានវិបត្តិផ្លូវចិត្តអីទៅ»។ 
 
អ្នកស្រី មុំ បានយកកូនប្រុសអាយុ ១៣ឆ្នាំ មកបំបួសក្នុងពិធីនឹងគេដែរ។ អ្នកស្រីថា ការបួសនេះ គឺកូនអ្នកស្រី បានស្ម័គ្រចិត្តខ្លួនឯង ហើយអ្នកស្រីរីករាយជាខ្លាំង ពេលឃើញកូនចង់ដើរក្នុងផ្លូវពុទ្ធសាសនាបែបនេះ។ អ្នកភូមិគូលែនរូបនេះ នឹងនៅកំដរកូនក្នុងពុទ្ធមណ្ឌលវិបស្សនារហូតដល់កូនបានសឹកវិញនៅរយៈពេល១០ថ្ងៃ។


 
ចំណែកយុវជន វ៉ាឃីម អាយុ១៩ឆ្នាំ សម្រេចបួសដោយសារចង់សងគុណឪពុកម្ដាយ។ យុវជនវ័យ១៩ឆ្នាំរូបនេះ បានតាំងចិត្តរួចហើយថា នឹងបួសឱ្យគ្រប់ថ្ងៃ ដោយភាពអត់ធ្មត់ និងសមាធិរៀនធម៌វិន័យតាមគន្លងព្រះពុទ្ធសាសនា។
 
រីឯអ្នកស្រី ស៊ា ឆោម ត្រូវជាម្ដាយ យុវជន វ៉ាឃីម សប្បាយចិត្តនៅពេលឃើញប្រុសបួស។ អ្នកភូមិអង្គរជុំរូបនេះប្រាប់ថា ការបួសសងគុណម្ដាយ ជាទំនៀមមួយរបស់ខ្មែរ ហើយអ្នកស្រីរំពឹងថា ទំនៀមនេះនឹងបន្តជារហូតទៅ៕
 

Tag:
 បំបួសកុលបុត្រ
  សាសានា
 ប្រពៃណី
  ពុទ្ធមណ្ឌលវិបស្សនាអន្ដរជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com