ជាតិ
ក្រសួងបរិស្ថាន ជំរុញពលរដ្ឋខេត្តត្បូងឃ្មុំប្រើ​ថង់បរិស្ថាន និងកន្រ្តក
12, Feb 2022 , 4:24 pm        
រូបភាព
ការចែកជូនកន្រ្តកបរិស្ថាបដល់អាជីវករក្នុងផ្សារផ្សារអូររាំងឪ ខេត្តត្បូងឃ្មុំ។ រូបភាពពីក្រសួងបរិស្ថាន
ការចែកជូនកន្រ្តកបរិស្ថាបដល់អាជីវករក្នុងផ្សារផ្សារអូររាំងឪ ខេត្តត្បូងឃ្មុំ។ រូបភាពពីក្រសួងបរិស្ថាន
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្កើតយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» នៅផ្សារអូររាំងឪ ខេត្តត្បូងឃ្មុំ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីជំរុញពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ងាកមកប្រើថង់បរិស្ថាន និងកន្រ្តកបរិស្ថាន ដើម្បីបន្ថយប្លាស្ទិក ដែលបង្កហានិភ័យដល់សុខុមាលភាពមនុស្ស និងប៉ះពាល់បរិស្ថាន។


 
បញ្ហាថង់ប្លាស្ទិក កំពុងក្លាយជាបញ្ហាធំមួយ សម្រាប់មនុស្សជាតិក្នុងពិភពលោក។ ការប្រើប្រាស់ថង់ប្លាស្ទិក ក៏កំពុងបង្កផលប៉ះពាលយ៉ាងខ្លាំង ដល់បរិស្ថាន សុខភាពមនុស្ស និងសុខភាពផែនដីផងដែរ។ ដូច្នេះដើម្បីចូលរួមកិច្ចគាំពារបរិស្ថាន និងសុខភាពពលរដ្ឋក្នុងសហគមន៍ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះផ្សព្វផ្សាយ និងជំរុញពលរដ្ឋក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឱ្យងាកមកប្រើថង់បរិស្ថាន និងកន្រ្តក ដើម្បីការពារបរិស្ថាន។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ 

 កន្រ្តកបរិស្ថាន ធ្វើអំពីចចូត។ រូបភាពពិក្រសួងបរិស្ថាន 

លោក អ៊ាង សុផល្លែត បានលើកឡើងថា៖«ថង់ប្លាស្ទិក ផលិតឡើងមានសារធាតុគីមីច្រើន ដែលបានបង្កផលប៉ះពាល់ ដល់សុខុមាលភាពរបស់មនុស្សជាតិ ជាពិសេស ក៏នាំឱ្យកើតជំងឺជាច្រើនប្រភេទ ក្នុងនោះមានជំងឺមហារីកផងដែរ។ មិនតែប៉ុណ្ណោះ អនាម័យបរិស្ថាន និងសោភ័ណភាព ក៏ត្រូវបានបំផ្លាញដោយសំណល់ប្លាស្ទិក ដែលកើតឡើងនៅតាមទីសាធារណៈ ទីក្រុង ទីប្រជុំជន រហូតដល់ភូមិឋាន និងតំបន់បេតិកភណ្ឌធម្មជាតិ និងប្រវត្តិសាស្រ្ត រួមទាំងសមុទ្រផងដែរ»។

 ការចែនជូនកន្រ្តកបរិស្ថាបដល់អាជីវករក្នុងផ្សារផ្សារអូររាំងឪ ខេត្តត្បូងឃ្មុំ។ រូបភាពពីក្រសួងបរិស្ថាន

យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ក្នុងការការពារបរិស្ថាននៃមនុស្សជាតិ នៅលើពិភពលោក។ ការរួមចំណែកនេះ ក៏បានចូលរួមក្នុងការថែរក្សាគុណភាពបរិស្ថាន ភពផែនដី ដើម្បីរស់នៅប្រកបដោយចីរភាព សម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ។ លោក សុផល្លែត បន្ថែមថា៖ «ការកាត់បន្ថយប្លាស្ទិក ក៏ការពារសោភ័ណភាពមូលដ្ឋាន និងតំបន់បេតិកភណ្ឌរបស់យើងទាំងអស់គ្នា»។

 លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន» នៅផ្សារអូររាំងឪ ខេត្តត្បូងឃ្មុំ។ រូបភាពពី ក្រសួងបរិស្ថាន 
 
រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យងាកមកប្រើប្រាស់ថង់បរិស្ថាន ឬកន្រ្តកបរិស្ថាន ដែលជួយសន្សំសំចៃថវិកា និងងាយស្រួលទុកដាក់ថែមទៀតផង​។​ លោក អ៊ាង សុផល្លែត ក៏បានជំរុញ និងលើកទឹកចិត្តដល់អាជីវករ ឱ្យបញ្ឈប់​ការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជនផងដែរ៕


 សិស្សានុសិស្ស និងពលរដ្ឋ ជាច្រើនបានចូលរួមក្នុងយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន»។ រូបភាពពី ក្រសួងបរិស្ថាន

Tag:
 អ៊ាង សុផល្លែត
  បរិស្ថាន
  ​ត្បូងឃ្មុំ
  ថង់បរិស្ថាន
  កន្រ្តកបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com