អន្តរជាតិ
ស្ពានសំខាន់មួយដែលឆ្លងកាត់ព្រំដែនរវាងអាម៉េរិក-កាណាដា ត្រូវបានបើកឡើងវិញ បន្ទាប់ពីប៉ូលិស បានបណ្តេញក្រុមអ្នកប្រឆាំងតវ៉ាចេញ
15, Feb 2022 , 11:29 pm        
រូបភាព
ដោយ: VOA
ទីក្រុង WINDSOR កាណាដា - ចំណុចឆ្លងកាត់ដ៏មមាញឹកមួយកន្លែងនៅព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ត្រូវបានបើកឡើងវិញហើយកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីក្រុមអ្នកប្រឆាំងតវ៉ានឹងការឹតបន្តឹងនៃជំងឺកូវីដ១៩ បានបិទច្រកនេះ អស់រយៈពេលជិតមួយសប្តាហ៍កន្លងមក ស្របពេលដែលមន្ត្រីកាណាដា មិនបានបង្ក្រាបទៅលើក្រុមបាតុករប្រឆាំងដែលមានចំនួនច្រើននៅក្នុងរដ្ឋធានីអូតាវ៉ានៃប្រទេសកាណាដានោះ។ នេះ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

 
ក្រុមហ៊ុន Detroit International Bridge Co. បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ស្ពានឯកអគ្គរដ្ឋទូត ឬ Ambassador Bridge ត្រូវបានបើកឡើងវិញទាំងស្រុងដោយអនុញ្ញាតឲ្យមានដំណើរការពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើងវិញរវាងកាណាដា និងសហរដ្ឋអាមេរិក។ លោកស្រី Esther Jentzen អ្នកនាំពាក្យរបស់ក្រុមហ៊ុន Detroit International Bridge Co. បានបញ្ចាក់នៅក្នុងសារមួយដែលត្រូវបានផ្ញើក្រោយមកទៅឲ្យទីភ្នាក់ងារព័ត៌មាន AP ថា ស្ពាននេះ ត្រូវបានបើកឲ្យមានចរាចរឡើងវិញនៅម៉ោងប្រមាណ១១យប់ ថ្ងៃអាទិត្យ ម៉ោងភាគខាងកើតសហរដ្ឋអាមេរិក។
 
ច្រកឆ្លងកាត់នេះ ជាធម្មតាមានទំនិញឆ្លងកាត់ប្រមាណ ២៥% នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយការបិទខ្ទប់ដោយក្រុមអ្នកប្រឆាំងតវ៉ានៅខាងព្រំដែនកាណាដានោះ បានធ្វើឲ្យរាំងស្ទះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តមួយចំនួនបង្ខំចិត្តបិទរោងចក្រផលិតរថយន្តជាច្រើនកន្លែងរបស់ខ្លួន។
 
ប៉ូលិសនៅទីក្រុង Windsor នៃខេត្ត Ontario របស់កាណាដា បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួនដោយសន្តិវិធី ហើយរថយន្តប្រមាណ ៧ គ្រឿង ត្រូវបានអាជ្ញាធរអូសចេញ និង ៥ គ្រឿងទៀត ត្រូវបានឃាត់ទុក ខណៈពេលដែលក្រុមប៉ូលិស បានបណ្តេញក្រុមបាតុករចុងក្រោយចេញពីទីតាំងជិតស្ពាននោះ ដែលតភ្ជាប់ទីក្រុងទៅកាន់រោងចក្រផលិតរថយន្តមួយចំនួននៅក្នុងប្រទេសកាណាដា និងទីក្រុង Detroit នៃរដ្ឋ Michigan របស់សហរដ្ឋអាមេរិក។
 
ទន្ទឹមនឹងនេះដែរ ការប្រឆាំងតវ៉ានៅក្នុងរដ្ឋធានីអូតាវ៉ា បានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងនេះ ហើយពលរដ្ឋរស់នៅក្នុងតំបន់នោះ មានអារម្មណ៍មួម៉ៅទៅនឹងភាពអសកម្មរបស់ប៉ូលិស ដែលមិនចាត់ការលើក្រុមបាតុករ និងបានដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ដែលបានបើកកិច្ចប្រជុំមួយជាមួយគណៈរដ្ឋមន្ត្រីរបស់លោកកាលពីយប់ថ្ងៃអាទិត្យ។
 
ការធ្វើបាតុកម្មនេះ ទទួលបានការគាំទ្រនៅពាសពេញកាណាដា និងប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាក្នុងប្រទេសបារាំង នូវែសសេឡង់ និងហូឡង់ជាដើម។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានព្រមានថា ក្រុមប្រឆាំងតវ៉ាដែលជាអ្នកបើករថយន្តដឹកទំនិញធំៗ អាចរៀបចំការប្រឆាំងដូចគ្នានេះផងដែរនៅក្នុងសហរដ្ឋអាមេរិកដែរ។
 
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកJoe Biden កាលពីថ្ងៃអាទិត្យ បានទទួលស្គាល់នូវដំណោះស្រាយដោយសន្តិវិធីកាលពីថ្ងៃអាទិត្យចំពោះការធ្វើបាតុកម្មនេះ ដោយនិយាយថា «វាបានធ្វើឲ្យមានការប៉ះពាល់ខូចខាតកាន់តែរីកធំឡើង» ទៅលើជីវិត និងជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។
 
ទីប្រឹក្សាក្រសួងសុន្តិសុខមាតុភូមិអាមេរិកលោកស្រីបណ្ឌិត Liz Sherwood-Randall បាននិយាយនៅក្នុងសេក្តីថ្លែងការណ៍ថា «យើងត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រដល់ដៃគូកាណាដារបស់យើង នៅពេលដែលមានសារសំខាន់ដើម្បីធានាថា ការស្តារឡើងវិញនូវចរាចរនៃពាណិជ្ជកម្ម អាចបន្តឡើងវិញជាធម្មតា»។
 
ការរឹតបន្តឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកាណាដា មានលក្ខណៈតឹងរឹងជាងនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែពលរដ្ឋកាណាដាភាគច្រើនជាទូទៅបានគាំទ្រនូវវិធានការនេះ។ ពលរដ្ឋកាណាដាភាគច្រើន បានចាក់វ៉ាក់សាំងជំងឺកូវីដ១៩រួចហើយ ហើយអត្រាស្លាប់ដោយសារជំងឺនេះ មានចំនួនប្រមាណ១ភាគ៣នៃចំនួនអ្នកស្លាប់ក្នុងសហរដ្ឋអាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com