អន្តរជាតិ
គ្រូបង្រៀនឥណ្ឌូណេស៊ីម្នាក់ ត្រូវជាប់ពន្ធនាគារមួយជីវិត ក្រោយរំលោភសិស្ស១៣នាក់
16, Feb 2022 , 9:59 am        
រូបភាព
គ្រូបង្រៀនសាសនាម្នាក់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ រូបថត AFP
គ្រូបង្រៀនសាសនាម្នាក់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ រូបថត AFP
តុលាការឥណ្ឌូណេស៊ីនៅថ្ងៃទី១៥ ខែកុម្ភៈ បានកាត់ទោសគ្រូបង្រៀនម្នាក់ឱ្យជាប់ពន្ធនាគារមួយជីវិត ពីបទរំលោភបំពានផ្លូវភេទលើសិស្សស្រី១៣នាក់។ ករណីនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនជាច្រើនរួមទាំងប្រធានាធិបតីឥណ្ឌូណេស៊ីផង ចំពោះការរំលោភបំពានផ្លូវភេទនៅតាមសាលារៀនមួយចំនួនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។


 
គ្រូបង្រៀននៅសាលាសាសនា Herry Wirawan ដែលមានអាយុ៣៦ឆ្នាំ ត្រូវបានរកឃើញថា មានពិរុទ្ធពីបទរំលោភសិស្សស្រី១៣នាក់ដែលសុទ្ធតែជាអនីតិជនទាំងអស់។ ក្នុងចំណោមសិស្សស្រីទាំង១៣នាក់ សិស្ស ៨ នាក់ត្រូវបានគេរកឃើញថាមានផ្ទៃពោះ។ នេះបើតាមការប្រកាសរបស់តុលាការBandung លើកោះ West Java។ 
 
ប្រជាជនឥណ្ឌូណេស៊ី បានផ្ទុះការខឹងសម្បារចំពោះករណីគ្រូបង្រៀនរូបនេះ។ ទន្ទឹមនេះដែរ លោកប្រធានាធិបតី ចូកូវី ដូដូ ក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះករណីនេះផងដែរ។
 
សំណុំរឿងរំលោភបំពានលើសិស្ស ត្រូវបានផ្ទុះឡើងក្រោយក្រុមគ្រួសាររបស់សិស្សស្រីម្នាក់បានដាក់ពាក្យប្តឹងលោក Wirawan ទៅកាន់ប៉ូលិសពីបទរំលោភនិងធ្វើឱ្យកូនស្រីជំទង់របស់ពួកគេមានផ្ទៃពោះកាលពីឆ្នាំមុន។ ក្នុងសវនាការលោក Wirawan ត្រូវបានរកឃើញថា ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ លោកបានរំលោភបំពានលើសិស្សជាច្រើននាក់ដែលភាគច្រើនមកពីគ្រួសារក្រីក្រ និងបានចូលរៀននៅសាលាតាមរយៈអាហារូបករណ៍។
 
ក្នុងការកាត់ក្តីលើសំណុំរឿងនេះ រដ្ឋអាជ្ញាបានស្នើសុំឱ្យកាត់ទោសប្រហារជីវិតចំពោះជនជាប់ចោទ។ យ៉ាងណាមិញ លោក Wirawan បានស្នើសុំឱ្យចៅក្រមបន្ធូរបន្ថយការកាត់ដើម្បីអនុញ្ញាតឱ្យលោកចិញ្ចឹមកូនរបស់លោក។ 
 
ក្នុងសាលក្រមថ្ងៃទី១៥ ខែកុម្ភៈ តុលាការឥណ្ឌូណេស៊ីដែលមានលោក Yohannes Purnomo Suryo Adi ជាចៅក្រមបានសម្រេចកាត់ទោសលោក Wirawan ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ លើសពីនេះដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរ៉ាប់រងផ្តល់សំណងដល់ជនជនរងគ្រោះទាំង១៣នាក់។ 
 
យ៉ាងណាមិញ សមាជិកគ្រួសារនៃជនរងគ្រោះម្នាក់បានប្រាប់ទីភ្នាក់ព័ត៌មាន AFP ថាលោក មានការខកចិត្តយ៉ាងខ្លាំងដែលលោក Wirawan មិនបានទទួលការកាត់ទោសធ្ងន់ធ្ងរជាងនេះ។ លោកក៏បានបន្ថែមថា ការកាត់ទោសដែលមានលក្ខណៈធូរស្រាលនេះ នឹងជំរុញឱ្យមានការរំលោភបំពានកើតឡើងជាថ្មីម្តងទៀត។ 
 
សាលារៀនឥស្លាមជាង២ម៉ឺន៥ពាន់ទីតាំង មាននៅទូទាំងឥណ្ឌូណេស៊ី និងមានសិស្សជិត៥លាននាក់កំពុងសិក្សា និងស្នាក់នៅទីនោះ។ ករណីរំលោភសេពសន្ថវៈក្នុងទីក្រុង West Java បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមលើបញ្ហារំលោភបំពានផ្លូវភេទនៅក្នុងសាលារៀនមួយចំនួន។ កន្លងមកករណីរំលោភបំពាន១៤ ក្នុងចំណោម ១៨ ករណីដែលបានរាយការណ៍ទៅគណៈកម្មការការពារកុមារកាលពីឆ្នាំមុន សុទ្ធសឹងតែកើតឡើងនៅសាលារៀនសាសនាតែម្តង។ 
 
គួររំលឹកថា កាលពីឆ្នាំមុន គ្រូពីរនាក់នៅសាលារៀននៅកោះស៊ូម៉ាត្រាខាងត្បូង ត្រូវបានចាប់ខ្លួនពីបទរំលោភបំពានផ្លូវភេទសិស្សប្រុស២៦នាក់ក្នុងរយៈពេលមួយឆ្នាំ។ នៅឆ្នាំ ២០២០ កន្លងទៅ គ្រូបង្រៀនសាលានៅខេត្ត East Java ម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់គុក១៥ឆ្នាំក្រោយបៀតបៀនផ្លូវភេទសិស្សស្រី ១៥ នាក់៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com