អន្តរជាតិ
បុតស្វាណាបន្ថយអំណាចនៃសេចក្ដីព្រាងច្បាប់ស្ដីពីការលួចថតសំឡេងតាមទូរស័ព្ទ ក្រោយរងប្រតិកម្ម
16, Feb 2022 , 10:29 pm        
រូបភាព
ដោយ: VOA
ក្រុងហ្កាបូរ៉ូន ប្រទេសបុតស្វាណា - រដ្ឋាភិបាលប្រទេសបុតស្វាណា ដែលស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក បានដកចេញកថាខណ្ឌដែលមានភាពចម្រូងចម្រាសនៃសេចក្ដីព្រាងច្បាប់ស្ដីពី នីតិវិធីព្រហ្មទណ្ឌ និងភស្តុតាង ដែលត្រូវបានដាក់ជូនរដ្ឋសភាដើម្បីអនុម័ត កាលពីខែមករា។

 
សេចក្ដីព្រាងច្បាប់ដើមបានអនុញ្ញាតឲ្យអ្នកស៊ើបអង្កេតដាក់បង្កប់ឧបករណ៍ថតសំឡេងដើម្បីលួចថតការសន្ទនា ហើយបានផ្ដល់នូវអភ័យឯកសិទ្ធិដល់ភ្នាក់ងារស៊ើបអង្កេតនោះឲ្យរួចផុតពីការផ្ដន្ទាទោស។
 
នៅក្នុងសេចក្ដីព្រាងច្បាប់ដើមនោះ គ្មានអង្គភាពណាអាចគ្រប់គ្រងលើសកម្មភាពលួចថតសំឡេងបែបនេះទេ ហើយមន្ត្រីដែលស៊ើបអង្កេតថែមទាំងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អត្តសញ្ញាណក្លែងបន្លំដើម្បីលួចថតសំឡេងទៀតផង។
 
ប៉ុន្តែ កាលពីថ្ងៃទី ៤ ខែកុម្ភៈ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវសេចក្ដីព្រាងច្បាប់ថ្មីដែលបានឆ្លងកាត់ការកែសម្រួលមួយចំនួន ដោយបានចាត់ទុការការលួចថតការសន្ទនាបែបនេះថា ជាអំពើល្មើសច្បាប់។ សេចក្ដីព្រាងច្បាប់ថ្មីនេះក៏តម្រូវឲ្យមានអង្គភាពគ្រប់គ្រងលើការអនុវត្តច្បាប់នេះដែរ ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីមួយរូប។
 
លោក Dithapelo Keorapetse សមាជិករដ្ឋសភា មកពីគណបក្សប្រឆាំង បានស្វាគមន៍ការកែប្រែនៃសេចក្ដីព្រាងច្បាប់នេះ ប៉ុន្តែលោកនៅមានក្ដីបារម្ភអំពីសេចក្ដីព្រាងច្បាប់នេះ។
 
លោកបានថ្លែងដូច្នេះថា៖ «អ្វីដែលរដ្ឋកំពុងតែព្យាយាមធ្វើតាមរយៈច្បាប់នេះ បើយើងមើលសេចក្ដីព្រាងច្បាប់ដើម ដូចដែលត្រូវបានផ្សព្វផ្សាយ ដាក់លើតុពិភាក្សា និងត្រូវបានអានលើកទី១ និងទី២ នោះគឺថាច្បាប់នេះបង្កើតឡើងដើម្បីធ្វើឲ្យអំពើភេរវកម្មរបស់រដ្ឋក្លាយជាអំពើស្របច្បាប់។ ចំណុចនេះហើយដែលយើងជំទាស់»។
 
លោកបន្តថា ដោយសារតែមានសម្ពាធពីក្រុមអង្គការសង្គមស៊ីវិលទើបរដ្ឋាភិបាលដកចេញនូវចំណុចដែលលោកចាត់ទុកថាជា ជំពូកល្មើសច្បាស់នៃសេចក្ដីព្រាងច្បាប់នេះ។
 
លោកថ្លែងបន្តថា៖ «យើងគ្មានអ្វីដែលត្រូវខ្មាស់អៀនទេ ដែលយើងត្រូវតែអរគុណដោយស្មោះដល់អង្គការសង្គមស៊ីវិល ដូចជាអង្គការអ្នកច្បាប់បុតស្វាណា (Law Society of Botswana) ប្រព័ន្ធផ្សព្វផ្សាយ សហជីពការងារ និងបក្សប្រឆាំង ព្រមទាំងអ្នកដែលមានឥទ្ធិពលផ្សេងទៀត ក៏ដូចជាពលរដ្ឋបុតស្វាណាជាទូទៅ ដែលបានបញ្ចេញសំឡេងយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើយុទ្ធនាការប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ»។
 
អ្នកស្រី Cindy Kelemi នាយកអង្គការ «បណ្ដាញក្រមសីលធម៌ ច្បាប់ និងជំងឺអេដស៍បុតស្វាណា» ថ្លែងថា សេចក្ដីព្រាងច្បាប់នេះត្រូវការការពិភាក្សាគ្នាបន្ថែមទៀត។
 
អ្នកស្រីថ្លែងដូច្នេះថា៖ «ក្ដីរំពឹងរបស់យើងគឺថា សេចក្ដីព្រាងច្បាប់ក្នុងទម្រង់បែបនេះ ដែលមានឥទ្ធិពលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ គួរតែមានការពិភាក្សា និង ការប្រឹក្សាឲ្យបានទូលំទូលាយ»។
 
វិទ្យាស្ថានប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បួង បានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតី លោក Mokgweetsi Masisi កាលពីសប្ដាហ៍មុន ដោយបានជំរុញឲ្យលោកបញ្ឈប់ការពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះ ដោយត្រូវរង់ចាំការប្រឹក្សាពីសាធារណជនជាមុនសិន។
 
លោក Nqaba Matshazi នៃអង្គការ MISA-Zimbabwe chapter បានថ្លែងថា ពួកគេស្វាគមន៍ចំពោះការកែសម្រួលលើសេក្ដីព្រាងច្បាប់នេះ ហើយនឹងបន្តធ្វើការជជែកជាមួយរដ្ឋាភិបាលបុតស្វាណាលើសេចក្ដីព្រាងច្បាប់នេះ។
 
លោកថ្លែងដូច្នេះថា៖ «ខណៈដែលសេចក្ដីព្រាងច្បាប់នេះនៅតែជាកង្វល់របស់យើង ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ និងអ្វីដែលសភាកំពុងធ្វើ គួរតែមានតុល្យភាពរវាងសិទ្ធិរបស់ពលរដ្ឋ និង តម្រូវការរបស់រដ្ឋក្នុងការរក្សាសន្តិសុខជាតិ ជាពិសេសពាក់ព័ន្ធសិទ្ធិឯកជនភាពក្នុងការសន្ទនាតាមទូរស័ព្ទនេះ»។
 
នៅពេលដែលការជជែកពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះបញ្ចប់ សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវគេរំពឹងថានឹងត្រូវបានអនុម័តឲ្យក្លាយជាច្បាប់ ដែលមានការកែប្រែបន្តិចបន្តួច៕
 
ប្រែសម្រួលដោយ នៀម ឆេង
 

© រក្សាសិទ្ធិដោយ thmeythmey.com