អន្តរជាតិ
អាមេរិកថា ចិនមិនបានអនុវត្តតាមគោលការណ៍ WTO ទេ ក្នុងពេលជាង ២០ ឆ្នាំកន្លងមកនេះ
17, Feb 2022 , 11:29 pm        
រូបភាព
ស្ត្រី​ម្នាក់​ដើរ​កាត់​ទង់ជាតិ​ចិន​និង​សហរដ្ឋ​អាមេរិក​នៅ​កន្លែង​តាំង​ពិព័រណ៍​ទំនិញ​អន្តជាតិ​ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។ REUTERS
ស្ត្រី​ម្នាក់​ដើរ​កាត់​ទង់ជាតិ​ចិន​និង​សហរដ្ឋ​អាមេរិក​នៅ​កន្លែង​តាំង​ពិព័រណ៍​ទំនិញ​អន្តជាតិ​ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។ REUTERS
ដោយ: VOA
វ៉ាស៊ីនតោន - សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ប្រទេសចិនមិនបានអនុវត្តទៅតាមបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ ថ្វីបើខ្លួនបានក្លាយជាសមាជិករបស់អង្គការនេះ ជាង ២០ ឆ្នាំមកហើយក្ដី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

 
សហរដ្ឋអាមេរិកបានបន្ថែមថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក «បានរក្សានិងពង្រីក» វិធីសាស្ត្រអនុវត្តដែលផ្ដល់អំណាចលើរដ្ឋ ដោយធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មនិងអ្នកធ្វើការនានានៅទូទាំងពិភពលោក។
 
របាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យអ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបង្ហាញអំពីការវាយតម្លៃរបស់រដ្ឋាភិបាលអាមេរិកលើសមាជិកភាពរបស់ចិនក្នុងអង្គការពាណិជ្ជកម្មពិភពលោក បានបញ្ជាក់ថា៖ «ប្រទេសចិនក៏មានប្រវត្តិជាយូរមកហើយផងដែរនៃការរំលោភបំពាន ការមើលស្រាល និងការគេចវេសពីបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីសម្រេចឲ្យបាននូវគោលដៅនៃគោលនយោបាយឧស្សាហកម្មរបស់ខ្លួន»។
 
កិច្ចការរបស់អង្គការពាណិជ្ជកម្មពិភពលោកគឺដើម្បីពង្រឹងបទបញ្ញត្តិដែលគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដែលក្នុងនោះរួមមានទាំងការលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌និងពាណិជ្ជកម្មបែបបើកចំហផងដែរ។
 
អ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកអ្នកស្រី Katherine Tai បាននិយាយថា នៅពេលដែលចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០១ រដ្ឋាភិបាលចិនបានបញ្ជាក់ថា ខ្លួននឹងប្រកាន់ខ្ជាប់តាមគោលការណ៍ទាំងនោះ។
 
អ្នកស្រីបានបន្ថែមថា៖ «ប៉ុន្តែផ្ទុយទៅវិញ ចិនបានរក្សានិងពង្រីកវិធីសាស្ត្របែបដឹកនាំដោយរដ្ឋនិងមិនតាមបែបទីផ្សារ ចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្ម [របស់ខ្លួន]»។
 
អ្នកស្រីបានបញ្ជាក់ទៀតថា៖ «វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ដើម្បីសម្រេចឲ្យបានតាមវិធីសាស្ត្រនេះ ចិនបានធ្វើគោលនយោបាយនិងអនុវត្តផ្ទុយទៅនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក និងបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកធ្វើការនិងអាជីវកម្មនានានៅជុំវិញពិភពលោក ជាពិសេសនៅក្នុងឧស្សាហកម្មណាដែលជាទិសដៅរបស់ផែនការឧស្សាហកម្មរបស់ចិន»។
 
សហរដ្ឋអាមេរិកបានរិះគន់ជាយូរមកហើយចំពោះការអនុវត្តរបស់ចិន ដូចជាការជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិនដល់ក្រុមហ៊ុនសាធារណៈជាដើម។
 
រដ្ឋាភិបាលចិនក៏បានរងការចោទប្រកាន់ផងដែរថាបានលួចកម្មសិទ្ធិបញ្ញានិងបានបង្ខំឲ្យផ្ទេរវិធីសាស្ត្រនិងបច្ចេកវិទ្យារបស់ក្រុមហ៊ុនបរទេសមកឲ្យខ្លួនដើម្បីជាថ្នូរនឹងការផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនបរទេសទាំងនោះចូលទីផ្សារចិន។
 
វិធីអនុវត្តរបស់ចិនទាំងអស់នេះត្រូវបានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើកឡើង នៅពេលដែលលោកបានចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងចិននៅឆ្នាំ ២០១៨៕
 

© រក្សាសិទ្ធិដោយ thmeythmey.com