សុខភាព
អន្តរជាតិ
ក្រៅពីទឹកដោះគោ តើអាហារអ្វីខ្លះទៀតដែលសម្បូរកាល់ស្យូម?
14, Apr 2022 , 12:59 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ទឹកដោះគោ គឺជាប្រភពកាល់ស្យូមដ៏ល្អបំផុត ហើយវាក៏សម្បូរទៅដោយវីតាមីន D ដែលជួយធ្វើឱ្យឆ្អឹងមិនងាយពុក និងមានរាងកាយរឹងមាំ។ យ៉ាងណាមិញ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែចូលចិត្តទឹកដោះគោឡើយ។ ក្រៅពីទឹកដោះគោ វាមានអាហារជាច្រើនផ្សេងទៀត ដែលអាចផ្តល់កាល់ស្យូម និងសារធាតុចិញ្ចឹមដូច ទឹកដោះគោដែរ។

 
ទឹកដោះគោគឺជាអាហារល្អបំផុតទ្រទ្រង់សុខភាពឆ្អឹង ដោយសារវាផ្ទុកប្រូតេអ៊ីន និងសារជាតិរ៉ែជាច្រើនដូចជាកាល់ស្យូម ផូស្វរ ប៉ូតាស៉្យូម ស័ង្កសី អ៊ីយ៉ូត វីតាមីន D, A, B2, និង វីតាមីន B12ផងដែរ។ ប៉ុន្តែ ក្រៅពីទឹកដោះគោ វាមានអាហារជាច្រើនទៀតដូចជាឈីស ទឹកដោះគោជូរ តៅហ៊ូ ត្រីកំប៉ុងមានឆ្អឹង បន្លែបៃតង និងគ្រាប់ធញ្ញជាតិជាដើម ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចទឹកដោះគោ។ 
 
យ៉ាងណាមិញ តម្រូវការកាល់ស្យូមប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗខុសគ្នាអាស្រ័យលើអាយុ និងភេទ។ មនុស្សអាចត្រូវការកាល់ស្យូមប្រែប្រួលពី ៣៦០មីលីក្រាម ក្នុងមួយថ្ងៃដល់ជាង ១ពាន់មីលីក្រាមសម្រាប់មនុស្សវ័យជំទង់ និងស្ត្រីវ័យចំណាស់។ 
 
ជាធម្មតា ទឹកដោះគោមួយកែវ ២៥០មីលីលីត្រ មានកាល់ស្យូមប្រហែល ៣០០មីលីក្រាម។ ទន្ទឹមនឹងនេះ អាហារផ្សេងទៀតក៏មានកាល់ស្យូម ៣០០មីលីក្រាមស្មើនឹងទឹកដោះគោ ២៥០ម.លដែរ។ អាហារទាំងនោះមានដូចជាទឹកដោះគោជូរ ២០០ម.ល ទឹកដោះគោរុក្ខជាតិ ២៥០ម.ល  ត្រីកំប៉ុងមានឆ្អឹង ១០០ក្រាម តៅហ៊ូ ១០០ក្រាម និងគ្រាប់អាល់ម៉ុន ១១៥ក្រាម។ 
 
ក្រៅពីកាល់ស្យូម ទឹកដោះគោក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនទៀត ដូច្នេះវាមានផលវិបាកសម្រាប់អ្នកមិនចូលចិត្តទឹកដោះគោ។ ប្រសិនបើមនុស្សមិនចង់ទទួលទានទឹកដោះគោទេ មនុស្សនឹងប្រឈមការទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់សុខភាពឱ្យបានល្អ។ ដូច្នេះ គ្រប់គ្នាអាចទទួលទានអាហារមួយចំនួនជំនួសទឹកដោះគោ ដូចបានរៀបរាប់ខាងក្រោម៖
 
១. ប្រូតេអ៊ីន មាននៅក្នុង សាច់ ត្រី ស៊ុត គ្រាប់ធញ្ញជាតិ គ្រាប់សណ្តែក និងតៅហ៊ូ។
 
២. ផូស្វរ មាននៅក្នុង សាច់ គ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ គ្រាប់សណ្តែកស្ងួត។ 
 
៣. ប៉ូតាស្យូម មាននៅក្នុង បន្លែស្លឹកបៃតង ការ៉ុត ដំឡូងបារាំង ដំឡូងជ្វា ល្ពៅ ប៉េងប៉ោះ ត្រសក់ ត្រប់ សណ្តែក ផ្លែប័រ ផ្លែប៉ោម ក្រូច និងចេក។
 
៤. ស័ង្កសី មាននៅក្នុង សាច់គ្មានខ្លាញ់ សាច់មាន់ ត្រី អយស្ទ័រ គ្រាប់ធញ្ញជាតិ និងផលិតផលគ្រាប់ធញ្ញជាតិទាំងអស់។
 
៥. អ៊ីយ៉ូត មាននៅក្នុង ត្រី គ្រឿងសមុទ្រផ្សេងទៀត និងអំបិលអ៊ីយ៉ូដ។
 
៦. វីតាមីនA សម្បូរនៅក្នុង ស៊ុត ខ្លាញ់ត្រី ហើយរាងកាយក៏អាចបង្កើតវីតាមីន A ចេញពីបន្លែពណ៌ទឹកក្រូច និងលឿង និងបន្លែស្លឹកបៃតង។
 
៧. វីតាមីនB12 សម្បូរនៅក្នុង សាច់ ស៊ុត អាហារភាគច្រើនដែលមានដើមកំណើតពីសត្វ និងទឹកដោះគោរុក្ខជាតិមួយចំនួន។
 
បើទោះទឹកដោះគោមិន ត្រូវបានមនុស្សគ្រប់គ្នាចូលចិត្ត ឬអាចបង្កផលប៉ះពាល់ខ្លះដល់សុខភាព ចំពោះមនុស្សមួយចំនួនទាក់ទងនឹងបញ្ហាប្រតិកម្ម និងការកើតមុនជាដើមក្តី  ទឹកដោះគោមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការផ្ដល់សារធាតុចិញ្ចឹមចម្រុះដល់រាងកាយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com