កីឡាជាតិ
ជាតិ
AFF U23៖ កម្ពុជាចាញ់ទីម័រខាងកើត ១-០
20, Feb 2022 , 8:57 pm        
រូបភាព
 U23 កម្ពុជា បានចាញ់ទីម័រខាងកើត ១-០ នាការប្រកួតចុងក្រោយពូល A នៃពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បរាជ័យនេះ នាំឲ្យឱកាសកម្ពុជាស្តួចស្តើងបំផុត​ក្នុងការឈានទៅវគ្គ​បន្ត ដោយរង់ចាំអ៊ុតមើលជំនួប​រវាង​ថៃ និងវៀតណាម នៅពូល C។

 
 
ទីម័រខាងកើត បានបើកការវាយលុកតាំង៨វិនាទីដំបូង ហើយ បន្តដាក់សម្ពាធជាបន្តបន្ទាប់មក លើម្ចាស់ផ្ទះ។ ឈានដល់នាទី ១៨ ខ្សែប្រយុទ្ធ Zenivoi Mota បានទាត់បាល់ចូលតំបន់គ្រោះថ្នាក់ ហើយខ្សែការពារ យ៉ើ សាហ្វី  ភ្លាត់ស្នៀត ធ្វើឲ្យបាល់ចូលទីខ្លួនឯង។
 
ក្រោយនាំមុខ កម្ពុជា ១-០ ទីម័រខាងកើត នៅតែបង្កើន ការវាយលុក ជាពិសេស ពីសំណាក់ខ្សែប្រយុទ្ធ Mouzinho Barreto De Lima ប៉ុន្តែឱកាសភាគច្រើន ត្រូវបាន រេរាំង ជាពិសេសពីសំណាក់អ្នក ចាំទី ហ៊ុល គឹមហ៊ុយ ដែលទប់ស្កាត់បានយ៉ាងហោចណាស់៥លើកនៅក្នុងតង់ទីមួយ។
 
ឈាន ដល់តង់ទីពីរ ទីម័រខាងកើត បន្ថយការវាយបក ប៉ុន្តែកម្ពុជាក៏មិនមានឱកាស វាយលុក ច្រើននោះដែរ ខណៈការទាត់ពិន័យ ពីចម្ងាយ របស់ ញាណ សុស៊ីដាន ពីរបីលើក សុទ្ធតែខុសគោលដៅ។
 
ជម្រើសរបស់ កម្ពុជា៖ ហ៊ុល គឹមហ៊ុយ (អ្នកចាំទី), ទេស សម្បត្តិ (ប្រធានក្រុម), អាត អូនទូច (នី សុខរី ៧៣), យ៉ើ សាហ្វី, សឿត បារាំង, ញាណ សុស៊ីដាន (សាន គឹមហេង ៨៤), អ៊ាន ពិសី (មិន រតនៈ ៦៣), ស៊ុន សុវណ្ណមករា, ម៉ៅ ពិសិដ្ឋ (ស រតនា ៦៣), សារ ទី (ណារ៉ុង កក្កដា ៤៦), សៀង ចន្ធា។
 
រីឯការប្រកួតមួយទៀតនៅក្នុងពូល A នាកីឡដ្ឋានព្រីនស៍ ហ្វីលីពីន ឈ្នះព្រុយណេ ២-១។ លទ្ធផលនេះ នាំឲ្យ​ទីម័រខាងកើត ឈរលេខ១ពូល A ហើយបានកៅអីទៅវគ្គបន្ត ខណៈកម្ពុជា ឈរលេខ២ ប៉ុន្តែ​ចាំប្រៀបធៀបពិន្ទុជាមួយ​ក្រុម​លេខ​២ពូល C ខណៈថៃ និង​វៀតណាម ត្រូវ​តទល់គ្នានាថ្ងៃទី២២ ខែ​កុម្ភៈ៕

© រក្សាសិទ្ធិដោយ thmeythmey.com