ជាតិ
សង្គមជាតិ
មន្រ្តីជំនាញ នឹងចុះពិនិត្យផ្លូវថ្នល់យ៉ាងតិច២ដង ក្នុង១ឆ្នាំ
21, Feb 2022 , 9:29 pm        
រូបភាព
មន្រ្តីពីក្រសួងអភិវឌ្ឍជនបទ និងមន្រ្តីពីក្រសួងសេដ្ឋកិច្ច បានចុះទៅវាយតម្លៃបញ្ចប់សុពលភាពផ្លូវ២គម្រោង នៅខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងអភិវឌ្ឍជនបទ
មន្រ្តីពីក្រសួងអភិវឌ្ឍជនបទ និងមន្រ្តីពីក្រសួងសេដ្ឋកិច្ច បានចុះទៅវាយតម្លៃបញ្ចប់សុពលភាពផ្លូវ២គម្រោង នៅខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងអភិវឌ្ឍជនបទ
មន្រ្តីអធិការកិច្ចផ្លូវថ្នល់ ដែលជាក្រុមមន្រ្តីជំនាញ នឹងចុះទៅពិនិត្យ និងធ្វើអធិការកិច្ចផ្លូវថ្នល់ជាប្រចាំយ៉ាងតិច «២ដង ក្នុង១ឆ្នាំ»។ នេះបើតាមប្រកាស  ដែលចេញរួមរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។


គោលបំណងនៃការចេញប្រកាសរួមគ្នារបស់លោករដ្ឋមន្រ្តីទាំង២រូប គឺដើម្បីធ្វើឲ្យប្រសើរឡើងលើការគ្រប់គ្រង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។ រដ្ឋមន្រ្តីទាំង២រូប និងអភិបាលរាជធានី-ខេត្ត ត្រូវកំណត់ជាសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ អាចជាអ្នកផ្សេងទៀត ដែលកំណត់ដោយរដ្ឋាភិបាល។ 
 
ក្រុមមន្រ្តីជំនាញ ដែលចុះទៅត្រួតពិនិត្យផ្លូវថ្នល់ថ្នាក់ជាតិ ហៅថា មន្រ្តីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ ហើយទទួលបញ្ជាពីរដ្ឋមន្រ្តីទាំង២រូប។ ក្រុមមន្រ្តីជំនាញ ដែលចុះទៅត្រួតពិនិត្យផ្លូវថ្នល់ថ្នាក់ក្រោមជាតិ ហៅថា មន្រ្តីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ ហើយទទួលបញ្ជាពីអភិបាលរាជធានី-ខេត្ត។  
 
មន្រ្តីអធិការកិច្ច អាច​ចុះទៅត្រួតពិនិត្យផ្លូវថ្នល់ញឹកញាប់ ដែលលើសពី២ដងក្នុង១ឆ្នាំ ដោយយោងទៅលើករណីចាំបាច់ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ណាមួយ មិនអនុលោមតាមស្តង់ដារបច្ចេកទេស ឬមិនអនុលោមតាមនីតិវិធីនៃការវាយតម្លៃ។ ការមានហានិភ័យខ្លាំងដល់គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និង បរិស្ថាននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏មន្រ្តីអធិការកិច្ច ត្រូវចុះទៅពិនិត្យញឹកញាប់ដែរ។
 
បើដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ណាមួយ ដែលមិនអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មិនអនុលោមតាមបទបញ្ញត្តិបច្ចេកទេស មន្រ្តីអធិការរកិច្ច អាចចាត់វិធានការដកហូតភស្តុតាងផ្សេងៗ ដែលត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នោះ។ ជាងនេះទៀត មន្រ្តីអធិការកិច្ចផ្លូវថ្នល់ នឹងលើកសំណើទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ដើម្បីសុំឲ្យពិចារណាចាត់វិធានការ ដូចជា ព្រមានជាលាយលក្ខណ៍អក្សរ ពិន័យជាប្រាក់ ផ្អាកការអភិវឌ្ឍផ្លូវថ្នល់ជាបណ្តោះអាសន្ន ឬឈានទៅដកហូតអាជ្ញាបណ្ណពីម្ចាស់ក្រុមហ៊ុន ដែលទទួលសិទ្ធិក្នុងការអភិវឌ្ឍផ្លូវថ្នល់នោះតែម្តង៕ 
 
 

Tag:
 ផ្លូវថ្នល់
© រក្សាសិទ្ធិដោយ thmeythmey.com