ជាតិ
សេដ្ឋកិច្ច
ជាង១ខែប៉ុណ្ណោះ ជំនួយហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុនតម្លៃជាង២២០លានដុល្លារមកកម្ពុជា ត្រូវបានប្រើប្រាស់និងកសាង
22, Feb 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖  ជាង១ខែមកនេះ  កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋាចរនាសម្ព័ន្ធសាធារណៈនានាដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់សរុប២២១លានដុល្លារអាម៉េរិក ។ ហេដ្ឋាចរនាសម្ព័ន្ធដែលបានដាក់ឱ្យប្រើប្រាស់នោះ មានកំណាត់ផ្លូវជាតិលេខ៥ និងស្ពានចំនួន៧ សម្រាប់ឆ្លើយនឹងគ្រោះទឹកជំនន់ រួមទាំងការបើកកាដ្ឋានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាថ្ងៃទី២២កុម្ភៈនេះ។

 
កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបងទៅខេត្តបន្ទាយមានជ័យតម្លៃជិត១៦៦លានដុល្លារ  ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០មករា និងសម្ពោធឱ្យប្រើប្រាស់ស្ពានចំនួន៧កន្លែង តម្លៃ៣៥លានដុល្លារ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្នុងភូមិសាស្រ្តនៃខេត្តក្រចេះ និងខេត្តព្រៃវែង នាថ្ងៃទី១៦កុម្ភៈ។  ដោយឡែក នៅថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានបើកការដ្ឋានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅរាជធានីភ្នំពេញ  ក្រោមជំនួយឥតសំណងជាង២០លានដុល្លារទៀត របស់រដ្ឋាភិបាលជប៉ុន។
 
សម្តេច ហ៊ុន សែន បានលើកឡើងថា សមិទ្ធផលទាំងនេះរួមទាំងសមិទ្ធផលផ្សេងៗទៀត គឺកើតចេញពីទំនាក់ទំនងល្អ រវាងកម្ពុជា និងជប៉ុន។ សម្តេច មានប្រសាសន៍ដូច្នេះ៖ «ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ ពីការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ រួមទាំងប្រទេសជប៉ុន ផងដែរ»។ 


សម្តេច ហ៊ុន សែន​

សម្រាប់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ នឹងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍សម្តេច ដោយបានបន្ថែម ថា ស្ថានីយនេះសង់ឡើងដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ៕ 
 

Tag:
 ជំនួយឥតសំណង
  ហេដ្ឋារចនាសម្ព័ន្ធ
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com