អត្ថបទពាណិជ្ជកម្ម
កូកា-កូឡា កម្ពុជា ប្រគល់​ធុង​បែង​ចែក​សំរាម​ជូន​សាលារាជធានី​ភ្នំពេញ
23, Feb 2022 , 4:14 pm        
រូបភាព
 រាជធានី​ភ្នំពេញ ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២៖ ដើម្បី​ចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុង​សហគមន៍​ឱ្យកាន់តែប្រសើរនៅ​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ កូកា-កូឡា កម្ពុជា បាន និងកំពុង​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ពង្រាយ​ធុង​បែង​ចែក​សំរាម​​នៅក្នុង​រាជធានី​។ ធុង​បែង​ចែក​សំរាម​ចំនួន ៥០​ឈុត  (១៥០ធុង) នឹង​ត្រូវ​ដាក់​នៅ​តាម​សួន​ច្បារ​សាធារណៈធំៗ ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ជំរុញការអនុវត្តរបស់​ប្រជាពលរដ្ឋ ​ឱ្យបែង​ចែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។
 
ពិធី​ប្រគល់ ​និងទទួល ​ធុង​បែង​ចែកសំរាម​ដែលបានរៀបចំ​ធ្វើឡើង ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាល​​រាជធានីភ្នំពេញ និង​លោក DAVID WIGGLESWORTH អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាពជាដៃគូ​នេះ គឺជា​ការបង្ហាញនូវការ​ប្តេជ្ញាចិត្ត ​របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ​ក្រោម​ចក្ខុវិស័យ “ពិភពលោក​គ្មានសំរាម” ដើម្បី​ឈាន​ទៅ​សម្រេច​បាន ​ឱ្យចេញ​ជារូបរាង​ជាក់​ស្តែង​នៅ​កម្ពុជា​។ 
 


គំនិត​ផ្តួចផ្តើម​នេះ បាន​ដាក់​អនុវត្តនៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០២០ ក្នុង​គោលដៅ​លើក​កម្ពស់ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ លើ​ការ​បែង​ចែក​ និង​កែច្នៃសំណល់​ឡើង​វិញ។ ក្រុមហ៊ុន បាន​សហការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​ដាក់​ពង្រាយ​ធុង​សំរាម ប្រមាណ​៨៥០​ធុង នៅតាម​ទីសាធារណៈ ផ្សារ សាលា​រៀន​នានា ​ចំនួន ១២០​ទីតាំង​ នៅ​ទូទាំង​ប្រទេស​រួច​មក​ហើយ។
 
លោក នួន ផារ័ត្ន អភិបាលរង​នៃ​គណៈអភិបាល​​​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា៖ «រដ្ឋបាលរាជធានី​ភ្នំពេញ បាន​កំណត់​យុទ្ធសាស្ត្រកាត់​បន្ថយ និង​គ្រប់​គ្រង​កាក​សំណល់ ដោយ​ចាប់​ផ្តើម​ពីការ​អប់រំ​ប្រជាពលរដ្ឋ អំពី​ការ​គ្រប់គ្រង​សំរាម​របស់​ខ្លួន។ យើង​គាំទ្រ​ដល់​ចក្ខុវិស័យ​​របស់​វិស័យ​ឯកជន រួមទាំង​ក្រុមហ៊ុន កូកា-កូឡា ផង​ដែរ ក្នុង​ការ​រួម​ចំណែក​ឆ្ពោះ​ទៅ​រក​សហគមន៍​កាន់​តែស្អាត និង​បៃតង​នៅក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​ន័យ​នេះ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ពិតជា​បាន​ចូលរួម​ចំណែក ​ក្នុង​ការគាំទ្រ​ដល់​ការ​អនុវត្ត​ផែនការយុទ្ធសាស្រ្ត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​ពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន។ យើង​កោតសរសើរ ចំពោះកិច្ចប្រឹងប្រែង ​របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុង​ការលើក​កម្ពស់​ការបែង​ចែក​សំរាមឱ្យបានត្រឹមត្រូវ និងការប្រមូល​សំរាមនៅ​ក្នុងសហគមន៍  ហើយ​យើង​សង្ឃឹម​ថា ប្រជាពលរដ្ឋ និង​សហគមន៍កាន់​តែច្រើន​ថែម​ទៀត នឹង​ចូលរួម​ធ្វើការងា​រជា​មួយ​យើង​ ក្នុង​ការការពារ​បរិស្ថានរបស់​យើង ដោយចាប់​ផ្តើមចេញ​ពីទង្វើ​សាមញ្ញ ​ដោយ​គ្រាន់​តែ​បែងចែកសំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ការ​កែច្នៃសំរាម​ឡើងវិញ។»។
 


ឈុត​បែងចែក​សំរាម​នីមួយៗ មាន​ភា្ជប់​ជា​មួយ​នូវ​សារ​អប់រំ រំលឹក​ប្រជាពលរដ្ឋ​ពីការទុក​ដាក់​សំណល់​ប្លាស្ទិក ឲ្យ​ដាច់​ដោយ​ឡែក​ពី​សំណល់ផ្សេង​ទៀត ដូចជា​សំណល់​អាលុយ​ម៉ីញ៉ូម ដប និង​សំណល់​ទូទៅជា​ដើម។ ការបែង​ចែក​សំណល់​ប្លាស្ទិកបាន​ត្រឹមត្រូវ នឹងធ្វើឱ្យសំណល់ប្លាស្ទិកដែលអាចកែច្នៃបាន កាន់តែមាន​ឱកាស​ទទួល​បាន​ការប្រើប្រាស់​ឡើងវិញ ទទួល​បានការកែច្នៃ​ប្រើប្រាស់​ឡើងវិញ និង​អាចបង្កើត​បាន​ជាវត្ថុដែល​មាន​ប្រយោជន៍​ម្ដង​ទៀត។
 
ក្នុងពិធី​​​ប្រគល់​ធុង​បែង​ចែកសំណល់​នេះ លោក DAVID WIGGLESWORTH អគ្គនាយក​ក្រុមហ៊ុន​ កូកា-កូឡា កម្ពុជា បានមាន​ប្រសាសន៍​ថា៖ «​ក្រុមហ៊ុន​ កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការយ៉ាងសកម្មលើការលើក​កម្ពស់​ការ​ប្រមូល​ និង​ ​កែច្នៃ ​សំបកវេចខ្ចប់ប្លាស្ទិកផលិតផល​របស់​យើង​​​ រួមមាន​ ដប​ប្លាស្ទិក​ដែលអាចកែច្នៃឡើងវិញបាន ក៏ដូចជាស្បោងប្លាស្ទិក​រុំ​ផលិតផលរបស់យើង។ នេះ​គឺជាផ្នែក​មួយ​នៃ​សកម្មភាពអាទិភាពរបស់​យើង ​ឆ្ពោះទៅកាន់គោលដៅ​ជាសកល​ ​ ដើម្បីសម្រេចបាននូវការប្រមូល និងកែច្នៃ​ឡើងវិញ ​នូវរាល់សំបកវេចខ្ចប់​ប្រភេទដបប្លាស្ទិក ​ឬកំប៉ុង​ទាំង​អស់ ដែល​យើង​លក់​នៅលើទីផ្សារ នៅត្រឹម​ឆ្នាំ​២០៣០»។


 
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្ត​ពន្លឿន​កិច្ចប្រឹង​ប្រែង​របស់ខ្លួន ​ក្នុង​ការ​ប្រមូល ​និង​កែច្នៃ​ឡើងវិញ​នៅទូទាំង​ប្រទេស។ នៅដើម​ឆ្នាំ​២០២០ ក្រុមហ៊ុន​បាន​ចេញលក់ទឹកពិសា ដាសានីចំណុះ ៣៥០ មីលីលីត្រ  ដែលមានសំបកដប​ដំបូ ង​ផលិត​ពី​ប្លាស្ទិក​ដែល​បាន​កែច្នៃ​រួច ១០០% ឬ​ហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១​ តាមរយៈកិច្ចសហការជាមួយ​ដៃគូអាជីវកម្ម និង​ក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក ​ កូកា-កូឡា កម្ពុជា ​បាន​ប្រមូល​ និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន​ ១ ៤៥០​តោន​។ ដើម្បី​ស្វែង​យល់​បន្ថែមទៀត​អំពី​ចក្ខុវិស័យ «ពិភពលោក​គ្មាន​សំរាម​»​ របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សូម​​ចូល​ទៅកាន់​គេហទំព័រ​របស់​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឬ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់ក្រុមហ៊ុន៖ facebook.com/Cambodia Beverage Company Ltd៕






 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com