អត្ថបទពាណិជ្ជកម្ម
រថយន្ត Ford Ranger Raptor ជំនាន់ថ្មីបានប្រកាសចេញជាផ្លូវការ
23, Feb 2022 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការ នៃរថយន្ត Ford Ranger Raptor ជំនាន់ទី 2 របស់ខ្លួនដែលរថយន្តនេះ នឹងក្លាយជាជម្រើសដ៏ល្អ សម្រាប់អ្នកចូលចិត្តបើកបរផ្លូវដែលមានឧបសគ្គ (Off-Road Performance) ។ Ford Ranger Raptor មួយនេះគឺជាត្រកូលចុងក្រោយ នៃ Ford Ranger ជំនាន់ថ្មី (Next-Gen Ranger) ដែលមានភាពឆ្លាតវៃ និងធន់រឹងមាំជាង ដែលនឹងក្លាយជាកំពូលរថយន្ត Pickup ក្នុងត្រកូល Ranger។
 
រូបរាងផ្នែកខាងក្រៅដ៏ទាក់ទាញ ជាមួយនឹងប៉ាណាអក្សរ FORD ធំចំកណ្តាលបង្ហាញពីអំណាច និងអានុភាព ចង្កៀងប្រភេទ Matrix LED យ៉ាន់កង់អាលុយមីញ៉ូមបែបស្ព័រទំហំ 17 អ៊ីញ និងសំបកកង់ Off-Road ម៉ាក BFGoodrich។ ផ្នែកខាងក្នុងត្រូវបានយកពណ៍ក្រហមមករំលេចជាថ្នេរដេរ កៅអីបែបស្ព័រ ស្រដៀងនឹងរថយន្តស្ព័រ កុងទ័រឌីជីថលថ្មីសន្លាងទំហំ 12.4 អ៊ីញ អេក្រង់ Touchscreen ទំហំ 12 អ៊ីញ ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A ជំនាន់ថ្មី និងឧបករណ៍បំពងសំឡេងម៉ាក B&O ដែលកាលពីមុនមានបំពាក់តែនៅលើ Ford F-150 Raptor តែប៉ុណ្ណោះ។
 


ចំណុចដែលផ្លាស់ប្តូរធំបំផុតនោះ គឺជម្រើសម៉ាស៊ីននៃរថយន្ត ជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីន Twin-Turbo 3.0L EcoBoost V6 ដែលជាប្រភេទម៉ាស៊ីនសាំង ជំនាន់ថ្មី ដែលអាចផលិតកម្លាំងសេះ រហូតដល់ទៅ 392HP និងកម្លាំងរមួលដល់ទៅ 583Nm និងជម្រើសមួយទៀតនោះ គឺ ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ជំនាន់ថ្មី។
 
ជាមួយនឹងប្រអប់លេខអេឡិចត្រូនិក 10 វគ្គអូតូជំនាន់ថ្មីដែលអាចប្រើប្រាស់បាន ទាំងលេខអូតូ និងលេខដៃ ដែលបង្កើតឡើងយ៉ាងពិសេស សម្រាប់ Ranger ជំនាន់ថ្មី (Next-Gen Ranger) ដំណើរការរួមគ្នា ជាមួយនឹងម៉ាស៊ីនជំនាន់ថ្មី ធ្វើឲ្យរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះ អាចជម្នះបានគ្រប់ស្ថានភាពផ្លូវដូចជា៖ ផ្លូវក្រួស ភក់ ជង្ហុក និងផ្លូវខ្សាច់។ល។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺ អាចជ្រើសរើស Mode នៃការដំណើរការម៉ាស៊ីនបានផងដែរ នេះប្រៀបបានទៅនឹងរថយន្តស្ព័រយ៉ាងអញ្ចឹង។ អ្នកបើកបរអាចជ្រើសរើស Mode ឬជម្រើសនៃសំឡេងម៉ាស៊ីន នៅលើចង្កូតផ្ទាល់តែម្តងរួមមាន៖
 
- សំឡេងស្ងាត់ (Quiet): កាត់បន្ថយសំឡេងរំខានពីម៉ាស៊ីន ល្អសម្រាប់ពេលបើកបររថយន្តនៅកន្លែងស្ងប់ស្ងាត់ ការពារសំឡេងរំខានដល់អ្នកដទៃ


- សំឡេងធម្មតា (Normal): បញ្ចេញសំឡេងធម្មតាពីម៉ាស៊ីន ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ


- សំឡេងបែបស្ព័រ (Sport): បញ្ចេញសំឡេងឮខ្លាំងពីម៉ាស៊ីន ដែលអាចប្រើប្រាស់ពេលបើកបរល្បឿនលឿន ឬបើកបរបែបស្ព័រ


- សំឡេងបែបស្ព័រខ្លាំង (Baja): សម្រាប់ Mode មួយនេះវិញវានឹងបញ្ចេញសំឡេងខ្លាំងពីម៉ាស៊ីន  ដែលធ្វើឲ្យការបើកបរកាន់តែមានអំណាច និងថាមពល ដែលសម្រាប់ Mode មួយនេះ គឺអាចប្រើប្រាស់បានតែជាមួយនឹងការបើកបរ លើផ្លូវមានឧបសគ្គតែប៉ុណ្ណោះ។

 
រថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះ ក៏ត្រូវបានកែប្រែប្រព័ន្ធជើងក្រោមថ្មីទាំងស្រុងដែរ ជាក់ស្តែងសាក់ស៊ីទាំងមូល ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង ដែលមិនត្រឹមតែខុសពីស៊េរីឆ្នាំមុនៗនោះទេ តែថែមទាំងខុសប្លែកពីរថយន្ត Ford Ranger ជំនាន់ថ្មីទៅទៀត។ ជាមួយនឹងគ្រោងរថយន្តថ្មី ឃ្លុបក្រោយថ្មី និងស៊ុមរថយន្តថ្មី និងប្រព័ន្ធជើងក្រោមធន់រឹងមាំជាងមុន ដើម្បីប្រាកដថារថយន្ត Ford Ranger Raptor ជំនាន់ថ្មី ពិតជាអាចជម្នះបានគ្រប់ឧបសគ្គនៃការបើកបរ។
 
ចំណុចមួយដែល Ford មិនអាចភ្លេចបាន នោះគឺការបំពាក់បូម Fox នៅលើប្រភេទរថយន្ត Raptor សម្រាប់លើកនេះ Ford Ranger Raptor ជំនាន់ថ្មី ត្រូវបានបំពាក់ដោយបូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុន ទាំងការបើកបរលើផ្លូវធម្មតា ដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គ ដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា។ មិនតែប៉ុណ្ណោះ ខែលដែកថែបការពារផ្ទៃផ្នែកខាងក្រោម ត្រូវបានបង្កើនទំហំធំជាងមុនស្ទើរទ្វេដងលើសរថយន្ត Ford Ranger ជំនាន់ថ្មី និងត្រូវបានប្រើប្រាស់ដែកថែបពិសេស កម្រាស់ 2.3 មីលីម៉ែត្រមកធ្វើ។ ជាលើកដំបូងដែលរថយន្ត Ford Ranger Raptor ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប៉ុងថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹងប្រព័ន្ធចាប់ប៉ុងរថយន្តទាំងកង់មុខ និងកង់ក្រោយដែលសម្រួលពេលជាប់ផុង (Front and Rear Locking Differentials)
លោក Dave Burn ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Ranger Raptor បានមានប្រសាសន៍ថា៖ “Ranger Raptor បានបំផុសគំនិតចេញ ពីអ្នកប្រណាំងឡានលើវាលខ្សាច់ ដូច្នេះហើយ ទើបយើងបានរចនារថយន្ត Off-Road Pickup ជំនាន់ថ្មីមួយ ដែលលោកអ្នកពុំចាំបាច់យកវាទៅកែច្នៃ (Modify) បន្ថែមនោះទេ។”


 
សម្រាប់ Mode នៃការបើកបរ មានរហូតទៅដល់ 7 ហើយពណ៌នៅលើកុងទ័រ និងប្តូរពណ៌ទៅតាម Mode នៃការបើកបរ ដែលលោកអ្នកជ្រើសរើសដូចជា៖
- ផ្លូវធម្មតា (Normal) សម្រាប់បើកបរផ្លូវធម្មតា និងការប្រើប្រាស់សន្សំសំចៃប្រេង
- ការបើកបរបែបស្ព័រ (Sport) សម្រាប់ការបើកបរផ្លូវល្បឿនលឿនដែលត្រូវការកម្លាំងខ្លាំង
- ផ្លូវរអិល (Slippery) សម្រាប់ការបើកបរលើផ្លូវរអិល ដែលវាជួយទប់លំនឹងរថយន្តបន្ថែម
- ផ្លូវថ្ម ក្រួស (Rock Crawl) សម្រាប់ការបើកបរលើផ្លូវដែលមានថ្ម មានក្រួស 
- ផ្លូវខ្សាច់ (Sand) សម្រាប់ការបើកបរលើផ្លូវខ្សាច់ និងផ្លូវដែលមានព្រិលក្រាស់
- ផ្លូវភក់ (Mud/Ruts) សម្រាប់ការបើកបរលើផ្លូវដែលមានភក់ ដែលវាជួយទប់លំនឹងរថយន្តបានល្អ
- ផ្លូវឧបសគ្គ (Baja) សម្រាប់ការបើកបរលើផ្លូវដែលមានឧបសគ្គច្រើន និងអាចបើកបរក្នុងល្បឿនលឿន


 
មុខងារថ្មីមួយដែលទើបតែមានបំពាក់នៅលើរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនោះគឺ Trail Control ដែលអនុញ្ញាតឲ្យអ្នកបើកបរកំណត់ល្បឿនថេរ មិនលើសពី 32Km/h ក្នុងស្ថានភាពផ្លូវលំបាក និងមានឧបសគ្គ ដែលវាស្រដៀងទៅនឹងប្រព័ន្ធ Cruise Control ដែរ។ ប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រកាសចេញនៃរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះ? 
 


(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com