ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ប៉េអឹម២នាក់ ដែលបង្កហិង្សាឲ្យអ្នកជាប់ឃុំស្លាប់ មានសេរីភាពវិញ ក្រោយជាប់ពន្ធនាគារត្រឹម១ឆ្នាំកន្លះ
24, Feb 2022 , 2:30 pm        
រូបភាព
រូបពីគេហទំព័ររបស់រដ្ឋបាលខេត្តបាត់ដំបង
រូបពីគេហទំព័ររបស់រដ្ឋបាលខេត្តបាត់ដំបង
លោកវរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកអនុវសេនីយ៍ទោ ឆយ រដ្ឋនា ជំនួយការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តអំពើហិង្សាបណ្តាលឲ្យអ្នកជាប់ឃុំម្នាក់ស្លាប់ បានចេញពីពន្ធនាគារវិញហើយ ក្រោយលោកទាំង២ អនុវត្តទោសក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំកន្លះ។



ប៉េអឹមទាំង២នាក់ខាងលើ ត្រូវបានផ្ទេរពីតុលាការខេត្តបន្ទាយមានជ័យ ទៅឲ្យតុលាការខេត្តបាត់ដំបង កាត់ក្តី។ ស្ថិតក្រោមចំណាត់ការរបស់តុលាការខេត្តបាត់ដំបង លោក ស ប៊ុនសឿន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលោក ឆយ រដ្ឋនា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ក្រោមបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។ 
 
លោកមេធវី សំ ទិត្យសីហា ដែលធ្លាប់ការពារក្តីឲ្យគ្រួសាររបស់ជនរងគ្រោះ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា ប៉េអឹមទាំង២នាក់នោះ បានប្តឹងជំនាស់ទៅសាលាឧទ្ធរណ៍បាត់ដំបង ហើយសាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចឲ្យពួកគេ ជាប់ពន្ធនាគារត្រឹម១ឆ្នាំកន្លះក្នុងម្នាក់ៗ ដោយទោសនៅសល់ទាំងប៉ុន្មានត្រូវព្យួរ (មិនស្ថិតក្នុងពន្ធនាគារ)។ លោក បន្តថា តាមពិត ពួកគេទាំង២នាក់ បានចេញពីពន្ធនាគារ តាំងពីពាក់កណ្តាលឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែដំណឹងនៃការចេញពីពន្ធនាគាររបស់ពួកគេ ទើបនឹងបែកធ្លាយខ្ចរខ្ចាយលើបណ្តាញសសង្គម នៅចុងខែមករា ឆ្នាំ២០២២នេះ។ 
 
ជនរងគ្រោះ ដែលបាត់បង់ជីវិត គឺលោក ទុយ ស្រស់ រស់នៅក្នុងភូមិ​ជ្រៃ ឃុំ​សឹង្ហ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក ទុយ ស្រស់ ដែលមានអាយុ៣៤​ឆ្នាំ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី កាលខែមករា ឆ្នាំ​២០២០ ក្រោយ​ប​ញ្ចូ​ន​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ លោក ជា​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម៤-​៥​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​ពួកគេ តវ៉ា​នឹង​អាជ្ញាធរ ដែល​ទៅ​ឈូសឆាយ​ផ្ទះ​របស់​ពួកគេ​។ 

អត្ថបទទាក់ទង
 
ប្រជាពលរដ្ឋ និង មន្ត្រី​អតីត​គណបក្សប្រឆាំង នាំគ្នាបញ្ចេញមតិលើបណ្តាញសង្គមថា លោក ទុយ ស្រស់ រង​ការធ្វើ​ទារុណកម្ម​។ តាមរយៈ​រូបភាព ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម គេ ឃើញ​លោក មាន​ស្នាម​ជាំ​មួយចំនួន នៅលើ​ផ្ទៃមុខ ដូចជា ភ្នែក​ខាងស្តាំ និង​ម្តុំ​គុ​ម្ភ​​ត្រចៀក ជាដើម ហើយ​លើ​ដងខ្លួន និង ដៃ ក៏មាន​របួស​និង​ស្នាម​ជាំ​ដែរ ដែល​មើលទៅ​ហាក់ដូច​រង​ការវាយដំ​។ 
 
ដំណឹង​មរណភាព​របស់លោក ទុយ ស្រស់ បានឮ​ទៅដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ប្រចាំឆ្នាំ​លើក​ទី​៤ ជាមួយ​អ្នកកាសែត កាលពីខែមករា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមគ្នា​បង្កើត​គណៈកម្មកា​រចំពោះកិច្ច ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា បើ​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ការធ្វើ​ទារុណកម្ម​មែន​នោះ ត្រូវ​ចាប់​អ្នកប្រព្រឹត្ត​យកទៅ​ផ្តន្ទាទោស​ឲ្យ​បាន​។ 
 
ក្រោយប្រមុខរដ្ឋាភិបាលស្រែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មករចំពោះកិច្ចភ្លាម និងឈានទៅចាប់លោក ស ប៊ុនសឿន និង លោក ឆយ រដ្ឋនា បានយ៉ាងឆាប់រហ័ស ក្នុងខែមករា ឆ្នាំ២០២០។ រហូតដល់ខែមករា ឆ្នាំ២០២១ អ្នកទាំង២ ត្រូវតុលាការខេត្តបាត់ដំបង ប្រកាសសាលក្រមកាត់ទោស។ 
មិនមែនតែលោក ទុយ ស្រង់ ម្នាក់ទេ នៅមានបុរស៣នាក់ទៀត ក៏រងអំពើហិង្សាដែរ ពេលត្រូវបានឃាត់ខ្លួន។ ពួកគទាំង៣នាក់ គឺលោក អាន សារួន លោក ហ៊ឹម គិរី និង លោក នូវ នឿន បានរួមដៃជាមួយអ្នកស្រី ប៊ុយ គឹមឡាក់ ជាភរិយារបស់លោក ទុយ ស្រស់ ដាក់ពាក្យប្តឹងប៉េអឹមទាំង២នាក់។ 
 
លោកមេធាវី សំ ទិត្យសីហា មានប្រសាសន៍ជាមួយាសរព័ត៌មានថ្មីៗថា ក្រោយពីសំណុំរឿងឡើងដល់សាលាឧទ្ធរណ៍ និងក្រោយពីសាលាឧទ្ធរណ៍ កែប្រែឲ្យប៉េអ៊ឹមទាំង២ ជាប់ពន្ធនាគារតែ១ឆ្នាំកន្លះ សំណុំរឿងក៏ត្រូវបញ្ចប់។ លោក បន្តថា សំណុំរឿងត្រូវបានបញ្ចប់ ដោយសារកូនក្តីរបស់លោក យល់ព្រមដកពាក្យបណ្តឹងវិញនៅត្រឹមសាលាឧទ្ធរណ៍ ដោយមិនប្តឹងតវ៉ាទៅតុលាការកំពូលបន្តទៀតនោះទេ។ 
 
លោកមេធាវីរូបនេះ មិនដឹងមូលហេតុច្បាស់ឡើយថា ហេតុអ្វី ទើបកូនក្តីទាំង៤នាក់របស់លោក សម្រេចចិត្តដកពាក្យបណ្តឹង និងយល់ព្រមបញ្ចប់រឿងក្តីនៅត្រឹមសាលាឧទ្ធរណ៍។ លោក គ្រាន់តែដឹងថា ពេលដកបណ្តឹង កូនក្តីរបស់លោក ទទួលបានសំណងខ្លះ ដោយភរិយារបស់លោក ទុយ ស្រស់ ទទួលបានជាង១ម៉ឺនដុល្លារ ហើយបុរសទាំង៣នាក់ ទទួលបាន៥ពាន់ដុល្លារក្នុងម្នាក់ៗ៕ 
 

Tag:
 ទុយ ស្រស់
  ស ប៊ុនសឿន
  ឆយ រដ្ឋនា
© រក្សាសិទ្ធិដោយ thmeythmey.com