អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
«បដិវត្តន៍ធំៗបី» ដែលកំណត់ជោគវាសនានយោបាយអ៊ុយក្រែនកន្លងមក
14, Apr 2022 , 9:39 pm        
រូបភាព
ចលនាគាំទ្រលោក យូឆេនកូ ក្នុងឆ្នាំ ២០០៤។ រូបភាព AP
ចលនាគាំទ្រលោក យូឆេនកូ ក្នុងឆ្នាំ ២០០៤។ រូបភាព AP
ទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាបងប្អូនរវាងអ៊ុយក្រែន និងរុស្ស៊ីមានរយៈពេលរាប់រយឆ្នាំមកហើយ។ យ៉ាងណាមិញ ចំណងទំនាក់ទំនងនេះប្រែប្រួល តាមការផ្លាស់ប្តូរនៃចរន្តសាកល។ ប៉ុន្តែអ្វីដែលមានចំណែកសំខាន់ក្នុងការត្រួសត្រាយឱ្យមានការប្រែប្រួល គឺ ចលនាបដិវត្តន៍ក្នុងស្រុកអ៊ុយក្រែនដែលធ្លាប់កើតមានឡើងកន្លងមក។ ខាងក្រោមនេះ គឺជាបដិវត្តន៍សំខាន់ៗចំនួនបីដែលបានកើតឡើងតាំងពីឆ្នាំ ១៩៩០ មុនសហភាពសូវៀតដួលរលំ និងមានឥទ្ធិពលខ្លាំងនយោបាយអ៊ុយក្រែនរដ្ឋរហូតមកដល់បច្ចុប្បន្នផង៖

 
១. បដិវត្តន៍ក្រានីត ឬជាភាសាអង់គ្លេស Granite Revolution
 
នេះជាបដិវត្តន៍ទីមួយដែលបានកើតឡើងនៅអ៊ុយក្រែនក្នុងខែតុលា ឆ្នាំ១៩៩០។ ប៉ុន្តែវាមិនមែនជាបដិវត្តន៍ដែលល្បីល្បាញខ្លាំងនោះទេ។ ក្នុងពេលនោះ អ៊ុយក្រែននៅមិនទាន់ប្រកាសឯករាជ្យពីសហភាពសូវៀតនៅឡើយទេ។ គេហៅវាថាជាបដិវត្តន៍ក្រានីត ដោយសារ ចលនានេះដឹកនាំដោយក្រុមសិស្សនិស្សិត ដែលជ្រើសរើសយកការដំឡើងតង់នៅលើឥដ្ឋក្រានីត ដែលស្ថិតនៅក្បែរទីលានឯករាជ្យរបស់ទីក្រុងកៀវ។ ចលនាតវ៉ារយៈពេល ១៦ថ្ងៃនេះទទួលបានការគាំទ្រពីសាធារណជន ដោយសារវាមានគោលដៅទាមទារនាយករដ្ឋមន្ត្រី Vitaliy Masol ចេញពីតំណែង រៀបចំការបោះឆ្នោតប្រជាធិបតេយ្យ ក៏ដូចជាបដិសេធសន្ធិសញ្ញាថ្មី បន្តរួមរស់ជាមួយសហភាពសូវៀតដែលត្រូវបានបង្កើតឡើងក្នុងគោលដៅជំនួសសន្ធិសញ្ញាឆ្នាំ១៩២២។  យ៉ាងណាក៏ដោយ ក្នុងពេលវេលានោះ របបដឹកនាំក្រុងមូស្គូមិនបានដាក់ចេញវិធានការច្បាស់លាស់ដើម្បីទប់ទល់នឹងឥទ្ធិពលនៃបដិវត្តន៍នេះប៉ុន្មានឡើយ។  រហូតដល់ខែសីហា ឆ្នាំ១៩៩១ អ៊ុយក្រែនក៏សម្រេចធ្វើប្រជាមតិមួយដែលមានសំឡេងគាំទ្រប្រមាណជា៩០ភាគរយ គាំទ្រឱ្យមានការប្រកាសឯករាជ្យអ៊ុយក្រែនចេញពីសហភាពសូវៀត។ 
 
 ២.បដិវត្តន៍ពណ៌ទឹកក្រូច (Orange Revolution)
 
បដិវត្តន៍ពណ៌ទឹកក្រោយនេះកើតឡើងចន្លោះពីខែ វិច្ឆិកាឆ្នាំ ២០០៤ ដល់ខែមករាឆ្នាំ ២០០៥ ដែលគេសំដៅទៅលើបណ្ដុំនៃចលនាបាតុកម្ម រួមទាំងព្រឹត្តិការណ៍នយោបាយផ្សេងៗទៀតដែលកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ ការធ្វើបាតុកម្មបានកើតឡើង ក្រោយពេលដែលគេរកឃើញពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០០៤។
 
 ការប្រទាំងប្រទើសគ្នានេះបានកើតឡើងរវាងអតីតនាយករដ្ឋមន្ត្រី លោក វ៉ិកទ័រ យ៉ានូកូវ៉ិច (Viktor Yanukovych) ដែលស្និទ្ធនឹងរបបដឹកនាំរុស្ស៊ី និងលោក វ៉ិកទ័រ យូឆិនកូ (Viktor Yushchenko) ដែលជាបេក្ខជនដែលមានការគាំទ្រពីប្រទេសលោកខាងលិច។ បដិវត្តន៍ពណ៌ទឹកក្រូចមានឈ្មោះចេញពីពណ៌ទឹកក្រូចដែលលោក យូឆិនកូ បានប្រើប្រាស់ជានិមិត្តរូបនៅក្នុងការឃោសនាការបោះឆ្នោតក្នុងពេលនោះ។ 
 
គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសថាលោក យ៉ានូកូវ៉ិច ជាអ្នកឈ្នះឆ្នោតដោយសំឡេងភាគច្រើន បើទោះបីជាលោកខាងលិចបានថ្កោលទោសការបោះឆ្នោតនេះថា មិនមិនភាពត្រឹមត្រូវ និងយុត្តិធម៌ក៏ដោយមែន។ 
 
យ៉ាងណាមិញ បន្ទាប់ពីមានការធ្វើបាតុកម្មធំៗប្រឆាំងនឹងលទ្ធផលបោះឆ្នោត តុលាការកំពូលអ៊ុយក្រែន បានបញ្ជាឲ្យមានការបោះឆ្នោតឡើងវិញ ដោយក្នុងពេលនេះលោក យូឆិកូ បានទទួលសំឡេងឆ្នោតច្រើនលើសគូប្រជែងរបស់ខ្លួន។ ទោះជាគោលនយោបាយរបស់លោក យូឆិនកូ មាននិន្នាការទៅរកលោកខាងលិចក៏ដោយ វានៅតែមានជំហរផ្ទុយគ្នារវាងប្រជាជនដែលគាំទ្របស្ចិមលោកដែលរស់នៅភាគខាងលិចប្រទេសអ៊ុយក្រែន និងប្រជាជនដែលគាំទ្ររុស្ស៊ីដែលរស់នៅភាគខាងកើតដដែល។ 
 
នៅក្រោមការដឹកនាំរបស់លោក យូឆិនកូ សេរីភាពសារព័ត៌មានត្រូវបានគេពង្រឹង ហើយការបោះឆ្នោតបែបដែលមានយុត្តិធម៌ និងអព្យាក្រឹត្យត្រូវបានអនុវត្តនៅអ៊ុយក្រែនក្នុងការជ្រើសរើសមេដឹកនាំ។ យ៉ាងណាក៏ដោយ និន្នាការនេះបានធ្វើឱ្យរបបដឹកនាំក្រេមឡាំងជាពិសេសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ព្រួយបារម្ភខ្លាំងដែរ ដោយលោកគិតថា ឥទ្ធិពលរុស្ស៊ីនឹងបាត់បង់អស់ពីអ៊ុយក្រែននៅថ្ងៃមួយ។ 
 
៣. បដិវត្តន៍ អឺរ៉ូម៉ៃដាន (Euromaidan Revolution) ឆ្នាំ ២០១៤ 
 
ដូចគ្នាជាមួយនឹងបដិវត្តន៍ចំនួនពីរដែលធ្លាប់កើតឡើងមុននេះដែរ បដិវត្តន៍ទី៣ នេះក៏ត្រូវបានរៀបចំឡើងដែលកើតចេញពីនិន្នាការប្រឆាំងគ្នារវាងក្រុមអ្នកគាំទ្រប្រទេសលោកខាងលិច និងរុស្ស៊ី។ ពាក្យថា «អឺរ៉ូមេដិន» មានប្រភពមកពីពាក្យពីរគឺ «អឺរ៉ូ» ដែលមានន័យថា «អឺរ៉ុប» និង «ម៉ៃដាន» មកពីឈ្មោះថា «Maidan Nezalezhnosti» ដែលជាកន្លែងទីលានឯករាជ្យស្ថិតនៅក្នុងទីក្រុងកៀវ។ 
 
រឿងរ៉ាវនេះកើតឡើងក្នុងឆ្នាំ ២០១៤  ដែលវាជាលទ្ធផលជ័យជម្នះរបស់លោក យ៉ានូកូវ៉ិច ដែលដណ្តើមតំណែង ប្រធានាធិបតីពីលោក យូឆិនកូ មកគ្រប់គ្រងវិញម្តងនៅក្នុងឆ្នាំ ២០១០។ 
 
ក្នុងពេលនោះ ទំនាក់ទំនងរវាងអ៊ុយក្រែន និងបក្សសម្ព័ន្ធណាតូ ក៏ដូចជា សហភាពអឺរ៉ុបបានធ្លាក់ចុះ ដ្បិតរបបដឹកនាំថ្មីនេះមាននិន្នាការទៅរករុស្ស៊ី។ លោក យ៉ានូកូវ៉ិច បានបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតចំណងសម្ព័ន្ធភាពជាមួយសហភាពអឺរ៉ុប។ ដោយសារឃើញសញ្ញាមិនស្រួល ប្រជាជនអ៊ុយក្រែនបានចេញតវ៉ាជាថ្មីនៅឯទីលានឯករាជ្យ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៣ ដើម្បីប្រឆាំងប្រមុខរដ្ឋអ៊ុយក្រែរូបនេះ។ ប៉ុន្តែលើកនេះ បាតុកម្មលើកនេះត្រូវបានបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋាភិបាល ដោយមានការបង្ហូរឈាមគ្នាខ្លាំងផង។ រហូតដល់ ចុងខែកុម្ភៈឆ្នាំ២០១៤ មានរបាយការណ៍ថា បាតុករជាង ១០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរដ្ឋាភិបាល ប៉ុន្តែការបង្រ្កាបព្រៃផ្សៃនេះបានធ្វើឱ្យកម្លាំងមហាជនប្រឆាំងរដ្ឋាភិបាលនេះកាន់តែរីកធំថែមទៀត។
 
ឆ្លើយតបនឹងស្ថានការណ៍នេះ រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ បានធ្វើដំណើរទៅកាន់ទីក្រុងកៀវដើម្បីជួបភាគីអ៊ុយក្រែនដើម្បីរកដំណោះស្រាយ ជាពិសេសបង្កើតកិច្ចព្រមព្រៀងមួយរវាងរបបដឹកនាំលោក យ៉ានូកូវ៉ិច និងក្រុមប្រឆាំង។ ជាលទ្ធផល ក្រោយចុះកិច្ចព្រមព្រៀងគ្នាហើយ មនុស្សស្និទ្ធនឹងរដ្ឋាភិបាលក្រេមឡាំងលោក យ៉ានូកូវ៉ិច នេះសម្រេចរត់ភៀសខ្លួនពីអ៊ុយក្រែនស្ងាត់ៗ។ 
 
នាថ្ងៃទី២២ ខែកុម្ភៈ សភាអ៊ុយក្រែនបានតែងតាំងនាយករដ្ឋមន្ត្រីស្ដីទីជាមួយដើម្បីឱ្យដឹកនាំប្រទេសមួយនេះបណ្តោះអាសន្នសិន។ រុស្ស៊ីឯណោះវិញមិននៅស្ងៀមទេ តែបានតបស្នងអ៊ុយក្រែនវិញដោយការបញ្ជូនទ័ពចូលឈ្លានពានផ្នែកមួយចំនួននៅភាគខាតកើតជាពិសេសជួយរៀបចំប្រជាមតិមួយនៅឧបទ្វីប គ្រីមា និងក្រសោបយកទឹកដីនេះជារបសខ្លួនជាផ្លូវការ។ 
 
ទន្ទឹមនឹងនោះ រុស្ស៊ីក៏បញ្ជូនកងទ័ពខ្លួនទៅជួយគាំទ្រចលនាទាមទារផ្តាច់ខ្លួនផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន ដូចជា តំបន់ Donbas សម្បូរដោយជនជាតិភាគរុស្ស៊ី និងជាអ្នកនិយាយភាសារុស្ស៊ីផង។ របបដឹកនាំរុស្សីឯណោះវិញ ក៏បានបន្តគាំទ្រជាធនធានឱ្យក្រុមប្រដាប់អាវុធទាំងនោះ ក្នុងគោលបំណងការពារសុវត្ថិភាពប្រជាជនទាំងនោះផង។ បញ្ហានេះបង្កជាជម្លោះប្រដាប់អាវុធរវាងទាហានអ៊ុយក្រែន និងក្រុមគាំទ្រដោយរុស្ស៊ីរហូតមកដល់បច្ចុប្បន្ន ថ្វីបើមានការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ ក្រោមការជួយទំនុកបម្រុងពីលោកខាងលិចនិងរុស្ស៊ីខ្លួនឯងក៏ដោយ។
 
ថ្វីបើជម្លោះនៅតែកើតមានក្រោយបដិវត្តន៍អ៊ុយក្រែនឆ្នាំ ២០១៤  ឥទ្ធិពលរុស្ស៊ីចាប់ផ្តើមសាបរលាបស្ទើតែអស់ដោយសារអស់អ្នកនយោបាយចាស់ៗដែលរណបខ្លួនពីសង្វៀននយោបាយ។ មេដឹកនាំថ្មីរបស់អ៊ុយក្រែនសុទ្ធតែមានជំហរអឺរ៉ុបនិយម ក្នុងនោះមានប្រធានាធិបតីបច្ចុប្បន្នលោក  វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) ផងដែរ។
 
ម្យ៉ាងអំណាចរបស់ប្រមុខរដ្ឋដែលជាស្ថាប័ននីតិប្រតិបត្តិរបស់អ៊ុយក្រែនក៏ត្រូវបានគេកាត់បន្ថយតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអំណាចទាំងនោះត្រូវបានគេផ្តល់បន្ថែមទៅឱ្យស្ថាប័ននីតិបញ្ញត្តិវិញម្តង។ ការកែទម្រង់សេដ្ឋកិច្ចនិងអភិបាលកិច្ចត្រូវបានគេដាក់ចេញ ហើយការងាររបស់រដ្ឋាភិបាលកាន់តែមានតម្លាភាពខ្លាំផងដែរ ទោះបីអំពើពុករលួយជាកម្អែររបបដឹកនាំចាស់ៗនៅតែចាក់ស្រេះសង្គមនេះខ្លាំងក្តី។ បន្ថែមពីនេះ អ៊ុយក្រែនក៏ព្យាយាមពង្រឹងទំនាក់ទំនងយោធាជាមួយនឹងអឺរ៉ុប និងអង្គការណាតូ ហើយព្យាយាមបន្ថយការផ្តេកផ្តួលសេដ្ឋកិច្ចលើរុស្ស៊ី ដោយជំនួសដោយការបង្កើនពាណិជ្ជកម្មជាមួយប្រទេសដទៃនៅទ្វីបអឺរ៉ុបវិញដែរ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com