ជាតិ
កែប ក្លាយជាខេត្តដំបូងគេ ដែល «អស់មីន» នៅកម្ពុជា
01, Mar 2022 , 9:59 pm        
រូបភាព
កម្ពុជាប្រកាសខេត្តកែប ជាខេត្តដំបូង«អស់មីន» ខណៈខេត្តក្រុង ៧ទៀត ដូចជាព្រៃវែង កណ្តាល ភ្នំពេញ កំពង់ចាម ព្រះសីហនុ រតនគិរី និងតាកែវ គ្រោងនឹងប្រកាសបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ។ គិតត្រឹមឆ្នាំ២០២១ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧៨៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាដាក់គោលដៅបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥។



ក្នុងពិធីអបអរសាទរការប្រកាសខេត្តកែប ជាខេត្តទី១ «អស់មីន» លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ខេត្តកែប ជាតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាល  និងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយក្នុងចំណោមតំបន់ក្តៅទាំងឡាយនៃប្រទេសកម្ពុជា។ ក្រោយសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលបណ្តាលឱ្យមានអ្នកគ្រោះថ្នាក់ប្រមាណ២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ និងក្រុងកែប មាន២៣នាក់ គិតត្រឹមឆ្នាំ២០២១។
  

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាពពីរដ្ឋបាលខេត្តកែប

អភិបាលខេត្តកែប មានប្រសាសន៍ដូច្នេះថា៖«ទោះបីជាខេត្តទី១អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រជួយដល់ខេត្តកែបលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម»។
 
បើតាមលោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន រដ្ឋាភិបាលបានសម្រេចជ្រើសរើសខេត្តកែប ដើម្បីបោសសម្អាត និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោមការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។
 
ទេសរដ្ឋមន្រ្តីរូបនេះ បន្តថា កម្ពុជា បានរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មានទាំងបញ្ហាមីន និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ លោក លើកឡើងដូច្នេះថា៖« ខេត្តកែបអស់មីន មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»។
 


រូបភាពពីរដ្ឋបាលខេត្តកែប

លោក លី ធុជ បានបញ្ជាក់ថា ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីម្ចាស់ជំនួយថ្មីៗ និងវិស័យឯកជនបន្ថែមទៀត។
 
សូមបញ្ជាក់ថា អាជ្ញាធរមីន កំពុងធ្វើចលានា កៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ អ្នកវិនិយោគិន និងសប្បុរសជននានា ដើម្បីគាំទ្រ និងបោសសម្អាត ដោយចាប់ផ្តើមពីភូមិមួយ ទៅភូមិមួយ និងពីខេត្តមួយ ទៅខេត្តមួយ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមីន៕


លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន។ រូបភាព​រដ្ឋបាលខេត្តកែប

Tag:
 មីន
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com