ជាតិ
សង្គមជាតិ
អភិបាលរងភ្នំពេញ៖«យើង មិនដែលដេញពលរដ្ឋដោយអត់សំណងទេ គ្មានអ្នកណា ល្អជាងកម្ពុជាទេ»
02, Mar 2022 , 1:45 pm        
រូបភាព
លោក កើត ឆែ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក កើត ឆែ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញមួយរូប បានលើកឡើងពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាជន។ លោក ថែមទាំងបានរំលេចពីក្តីអនុគ្រោះខ្ពស់របស់រដ្ឋាភិបាលចំពោះប្រជាជន ដោយពេលខ្លះ ពួកគាត់ បានទៅរស់នៅលើដីសាធារណរដ្ឋហើយ ក៏រដ្ឋាភិបាល មិនចាត់វិធានការច្បាប់ទៀត តែផ្ទុយទៅវិញ បានព្យាយាមស្វែងរកដីជូនពួកគាត់។



ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក កើត ឆែ បានបរិយាយពីចំណុចល្អរបស់រដ្ឋាភិបាល និងអាជ្ញាធរយ៉ាងដូច្នេះថា៖«ខ្ញុំ គិតថា មកដល់ពេលនេះ បងប្អូនអ្នកសារព័ត៌មានយើង បានជ្រាបហើយថា យើង មិនដែលប្រើអំពើណាមួយ ដែលដេញប្រជាពលរដ្ឋ ដែលអត់មានសំណងទេ នៅស្រុកយើង ហើយគ្មានអ្នកណាល្អជាង ព្រះរាជាណាចក្រកម្ពុជាទេ»។

លោកអភិបាលរងរាជធានីភ្នំពេញរូបនេះ បន្តថា នៅពេលមានប្រជាជន ទៅចាប់យកដីសាធារណៈរបស់រដ្ឋ និងទៅរស់នៅលើដីសាធារណរបស់រដ្ឋ អាជ្ញាធរ មិនបានផ្តទ្ទាទោសឡើយ។ លោក បន្ថែមថា រាជរដ្ឋាភិបាល តែងណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំរកដីសម្បទានសង្គមកិច្ច ផ្តល់ជូនពួកគាត់ ខិតខំដោះស្រាយបញ្ហាលំនៅឋាន និង ផ្តល់សំណងផ្សេងៗជូនពួកគាត់។ លោក បាននិយាយពីប្រទេសដទៃថា បើប្រជាជន ហ៊ានទៅចាប់យកដីរដ្ឋដូចនៅកម្ពុជា ដូចជា ទៅសង់ជម្រកក្រោមស្ពាន ជាដើម សមត្ថកិច្ច ច្បាស់ជាទៅវាយខ្នោះមិនខាន។

ជាមួយគ្នានេះ លោក កើត ឆែ បានបង្ហាញពីការប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លី នៅរាជធានីភ្នំពេញ។ លោក ថ្លែងថា បើប្រជាជន រស់នៅលើដីរដ្ឋ អាជ្ញាធរ មានដំណោះស្រាយពីរយ៉ាង។ ទីមួយ អាជ្ញាធរ អាចធ្វើប្រទានកម្ម (ការផ្តល់ជូន) ដីដែលពួកគាត់ កំពុងរស់នៅ ទៅឲ្យពួកគាត់ ធ្វើជាកម្មសិទ្ធិ បើការធ្វើប្រទានកម្មនោះ មិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ទីពីរ អាជ្ញាធរ នឹងមិនអាចធ្វើប្រទានកម្មដី ដែលពួកគាត់ កំពុងរស់នៅជូនពួកគាត់បានឡើយ បើការធ្វើប្រទានកម្មនោះ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬប្រយោជន៍សាធារណៈ។

ក្នុងដំណោះស្រាយទី២នេះ អាជ្ញាធរ នឹងរកដីនៅតំបន់ផ្សេងជូនពួកគាត់។ លោក កើត ឆែ អះអាងថា អាជ្ញាធរ មិនយកប្រជាជនចេញពីតំបន់នោះ ទៅឲ្យរស់នៅក្នុងតំបន់ផ្សេង ដោយអត់មានសំណង ឬឥតមានការដោះស្រាយបញ្ហាលំនៅឋានជូនពួកគាត់នោះទេ។

យ៉ាងណាក៏ដោយចុះ លោកអភិបាលរង បានប្រកាសថា អាជ្ញាធរ មិនអនុញ្ញាតឲ្យមនុស្សមួយតូច បំផុសបំផុសឲ្យប្រជាជនទៅចាប់យកដីសាធារណៈរបស់នៅរាជធានីភ្នំពេញជាដាច់ខាត។ លោក ព្រមានខ្លាំងៗថា អ្នក ដែលហ៊ានបំផុសបំផុសប្រជាជនឲ្យទៅចាប់យកដីសាធារណៈរបស់រដ្ឋ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ដោយមិនលើកលែង។

បញ្ហាដីធ្លី គឺជាបញ្ហារ៉ាំរ៉ៃមួយនៅក្នុងសង្គមកម្ពុជា។ បញ្ហាដីធ្លី ដែលគេ សង្កេតឃើញថា ពិបាកដោះស្រាយ គឺបញ្ហាដីធ្លីរវាងប្រជាជន ជាមួយអ្នកមានលុយមានអំណាច។ រដ្ឋាភិបាល ហាក់ប្រឹងប្រែងដោះស្រាយណាស់ដែរចំពោះបញ្ហាដីធ្លីនេះ តែនៅតែមិនអស់។ បច្ចុច្បន្ន គេ នៅតែឃើញមានប្រជាជន ចេញតវ៉ា និងសុំអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីសុំឲ្យជួយដោះស្រាយបញ្ហាដីធ្លី។ ពេលខ្លះ ប្រជាជន នាំគ្នាឡើងទៅដល់ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ នៅរាជធានីភ្នំពេញ ហើយពេលខ្លះ ពួកគាត់ ស្វែងរកដំណោះស្រាយដល់នាយករដ្ឋមន្រ្តី៕

Tag:
 កើត ឆែ
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com