ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុប្រធានហ៊្វុនស៊ិនប៉ិច៤រូប ទៅចុះចូលជាមួយលោក ញឹក ប៊ុនឆៃ
03, Mar 2022 , 1:54 pm        
រូបភាព
លោក ញ៉េប ប៊ុនជិន (មុខក្បាលមីក្រូ) និងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិ។ រូបពីវីដេអូ Rasmei Kampuchea Daily
លោក ញ៉េប ប៊ុនជិន (មុខក្បាលមីក្រូ) និងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិ។ រូបពីវីដេអូ Rasmei Kampuchea Daily
អនុប្រធាន៤រូប ក្នុងចំណោមអនុប្រធាន៩រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចដើរចេញពីគណបក្សរាជានិយមនេះ ទៅជ្រកកោនជាមួយគណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន។ អ្នកទាំង៤រូបគឺ លោក ញ៉េប ប៊ុនជិន លោក សាយ ហាក់ លោក ហេង ចន្ថា និង លោក យឹម សាវី។



ក្រៅពីអនុប្រធានទាំង៤រូប នៅមានមន្រ្តីជាន់ខ្ពស់ផ្សេងទៀត មានជាអាទិ៍ លោក ផាន់ សិទ្ធី និង លោក វណ្ណ សុផាន់ណា ដែលជាអគ្គលេខាធិការរងទាំង២រូបនៃគណបក្សហ៊្វុនស៊ិនប៉ិច ក៏ទៅរួមរស់ជាមួយគណបក្សខ្មែររួបរួមជាតិដែរ។ លោក ញ៉េប ប៊ុនជិន ជឿថា នៅមានមន្រ្តីដទៃទៀតក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ដែលនឹងទៅចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ។

មូលហេតុចម្បង ដែលក្រុមលោក សម្រេចចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច គឺដោយសារក្រុមលោក មើលឃើញថា ប្រធានថ្មីនៃគណបក្សហ៊្វុនស៊ិនប៉ិច គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មិនមានគំនិតបង្រួបបង្រួម។ លោក រិះគន់ព្រះអង្គម្ចាស់ ថា ចេះតែ៣យ៉ាង គឺ «ដក ដេញ ដូរ»។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ បរិយាយថា៖«មេដឹកនាំសំខាន់ណាស់ គឺទស្សនៈវែងឆ្ងាយ ទស្សនៈបង្រួបបង្រួម និង ការដឹងខុសដឹងត្រូវ។ ខ្ញុំ មើលទៅ គឺខ្វះកន្លែងហ្នឹង»។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ឆ្លើយតបថា ការលើកឡើងរបស់លោក ញ៉េប ប៊ុនជិន គឺប្រាសចាកពីការពិត។ លោក មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ព្រះអង្គម្ចាស់ ដង្ហែតាមសម្តេចក្រុមព្រះយូរហើយ។ ព្រះអង្គម្ចាស់ ជាបញ្ញវន្ត១រូប ដែលមានទស្សនវិស័យល្អ មានទស្សនវិស័យវែងឆ្ងាយ និង មានទស្សនវិស័យបង្រួបបង្រួម»។

លោក ញឿន រ៉ាដែន បានឲ្យដឹងថា លោក ញ៉េប ប៊ុនជិន និងក្រុមលោក ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលទ្រង់នៅមានព្រះជន្ម និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ចប់សមាជិកភាពរបស់ពួកគេពីគណបក្សរួចហើយ។ លោក អះអាងថា ទោះក្រុមលោក ញ៉េប ប៊ុនជិន ត្រូវបានបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិចហើយក្តី តែព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មិនដែលបិទទ្វារសម្រាប់ពួកគេឡើយ។ 

ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោក ញ៉េប ប៊ុនជិន ថ្លែងថា៖«គណបក្សខ្មែររួបរួមជាតិ មានប្រវត្តិចេញពីអ្នកតស៊ូ មានប្រវត្តិចេញពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចដែរ។ យើង ខំប្រមែលប្រមូលអ្នក ដែលគេបោះបង់ចោល ឲ្យមកនៅក្នុងចង្កោមនេះ ហើយសូមអញ្ជើញមករួបរួមជាមួយគ្នា ដើម្បីឲ្យមានអនាគតទាំងអស់គ្នា»។ លោក បន្ថែមជាមួយសារព័ត៌មានថ្មីៗថា៖«ឯកឧត្តម ញឹក ប៊ុនឆៃ នឹងអាចស្រោចស្រង់អ្នកបែកបាក់បាន»។

គណបក្សខ្មែររួបរួមជាតិ មិនទាន់ផ្តល់តំណែងអ្វី ដល់អ្នកដែលទើបនឹងចុះចូលខាងលើនោះទេ។ លោក ញ៉េប ប៊ុនជិន ស្នើទៅលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស ថា ចាំបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥រួចសិន ចាំគិតគូរផ្តល់តំណែងដល់ក្រុមលោក។ លោក និយាយថា៖«ចង់ដាក់ [តំណែង] អីឲ្យ ក៏ដាក់ទៅ»។

គណបក្សខ្មែររួបរួមជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយលោក ញឹក ប៊ុនឆៃ។ មុនចេញទៅបង្កើតគណបក្សផ្ទាល់ខ្លួន លោក ធ្លាប់ជាមនុស្សជំនិតម្នាក់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ កាលនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច លោក គឺជាអនុប្រធាន។

ក្នុងព្រះជន្ម៧៧ព្រះវស្សា សម្តេចក្រុមព្រះ បានចូលទិវង្គត នៅប្រទេសបារាំង កាលពីចុងឆ្នាំ២០២១។ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានបើកសមាជបោះឆ្នោតជ្រើសតាំងបុត្រាច្បងរបស់សម្តេចក្រុមព្រះ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ឲ្យឡើងធ្វើជាប្រធាន៕

Tag:
 គណបក្សខ្មែររួបរួមជាតិ
  គណបក្សហ៊្វុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com