ជាតិ
សង្គមជាតិ
ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង២០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជា
05, Mar 2022 , 11:39 am        
រូបភាព
ជប៉ុន បានផ្ដល់ជំនួយឥតសំណងប្រមាណ ២៦៤ ០៨៦ដុល្លារ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជាក្នុងកម្រិតមូលដ្ឋាន។ ក្នុងនោះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាចំនួន ៩២ ៣៩០ដុល្លារសម្រាប់ដំឡើងឧបករណ៍ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ។

 
ឧបករណ៍ដែលត្រូវដំឡើងទាំងនេះ មានដូចជាបរិក្ខារថ្មីសម្រាប់សកម្មភាពស្តារនីតិសម្បទា គុណភាពឧបករណ៍សិប្បនិម្មិត និងរណបដែលមានភាពប្រសើរជាងមុន ដែលអាចព្យាបាលអ្នកជំងឺបានប្រហែល៥០០នាក់ជារៀងរាល់ឆ្នាំ។  
 
ថវិកាចំនួន ៨៣ ២៥៦ដុល្លារ នឹងត្រូវយកទៅសាងសង់ឡើងវិញស្ថានីយផលិតទឹកស្អាតខ្នាតតូចចាស់ៗ និងការដំឡើងឧបករណ៍ចាំបាច់ នៅក្នុងឃុំចំនួន៨ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងព្រៃវែង ដែលអាចផ្ដល់ទឹកសុវត្ថិភាព និងតម្លៃសមរម្យដល់ពលរដ្ឋជាង៧៨ ០០០នាក់។ 
 
ចំណែក ថវិកា ៨៨ ៤៤០ដុល្លារទៀត នឹងត្រូវយកទៅដំឡើងម៉ាស៊ីនផលិតទឹកចេញពីបរិយាកាស និងអាគុយលីចូម នៅសាលារៀន«ក្តីសង្ឃឹមកាណាន» ក្នុងខេត្តកំពង់ឆ្នាំង ដោយរំពឹងថាសិស្សចំនួន៥៦០នាក់ និងគ្រូបង្រៀន៦០នាក់ អាចទទួលទានទឹកស្អាតបានគ្រប់គ្រាន់។ 
 
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស តែយ៉ាងណាលោកនៅតែមើលឃើញបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ពលរដ្ឋ។ 
 
រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីហិរញ្ញប្បទានយេន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការកែលម្អផ្លូវជាតិលេខ៥ ក៏ដូចជាសម្រាប់ការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ១៩ ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន ២០ពាន់លានយេន។ 
 
«ការគាំទ្រទ្រង់ទ្រាយធំបែបនេះ ទំនោរជាទទួលបានការចាប់អារម្មណ៍ច្រើនពីប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែទោះយ៉ាងណា រដ្ឋាភិបាលជប៉ុនចាត់ទុកថា វាមានសារៈសំខាន់ស្នើគ្នា ក្នុងការផ្តល់ការគាំទ្រនៅតាមតំបន់ជនបទ និងធ្វើការជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ តាមរយៈជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងជំនួយឥតសំណងគូសាណូណិ»។ នេះការថ្លែងរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ។ 
 
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានជំនួយឥតសំណងខ្នាតធំ និងគម្រោងឥណទានផ្សេងៗដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១មក ខណៈបច្ចុប្បន្ន គម្រោងមួយចំនួនកំពុងអនុវត្តតាមកម្មវិធីគូ«សាណូណិ»នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា។ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦៦០ តាមរយៈជំនួយឥតសំណងគូសាណូណិ៕ 

Tag:
 ជំនួយ
  ជប៉ុន
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com